កីឡាជាតិ
ជាតិ
លោក Akeep Tunji Ayoyinka ដឹកនាំ​វិសាខា​បណ្តោះអាសន្ន ជំនួស​លោក ហុក សុ​ជីវ័ន
03, Jul 2019 , 5:02 pm        
រូបភាព
លោក Akeep Tunji Ayoyinka នាពេល​ដឹកនាំ​បង្វឹក​កន្លងមក។ រូបថត Visakha Football Club
លោក Akeep Tunji Ayoyinka នាពេល​ដឹកនាំ​បង្វឹក​កន្លងមក។ រូបថត Visakha Football Club
ដោយ:
​ក្លិប​វិសាខា បាន​ដំឡើង​តួនាទី​គ្រូ​ជំនួយ​ជនជាតិ​នី​ហ្សេ​រី​យ៉ា លោក Akeep Tunji Ayoyinka ទៅជា​គ្រូបង្វឹក​ក្លិប​បណ្តោះអាសន្ន ជំនួស​លោក ហុក សុ​ជីវ័ន ដែល​ក្លិប​បានបញ្ចប់​កិច្ចសន្យា​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប​វិសាខា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នា​រសៀល​ថ្ងៃទី​៣ ខែកក្កដា ដោយ​រក្សា​សិទ្ធិ​ក្នុងការ​ប្រកាស​ជា​ផ្លូវការ​នូវ​ព័ត៌មាន​ថ្មីៗ​ខាងមុខ​ទៀត​។​

 
​លោក Akeeb Tunji Ayoyinka អាយុ​៣៣​ឆ្នាំ កើត​នៅ​ក្រុង Abadan ប្រទេស​នី​ហ្សេ​រី​យ៉ា​។ លោក​មិនមែនជា​មនុស្ស​ថ្មី​ឡើយ​នៅ​ក្របខណ្ឌ​បាល់ទាត់​កម្ពុជា ដោយ​លោក​ធ្លាប់​ធ្វើជា​កីឡាករ​នៅ​ក្របខណ្ឌ​នេះ តាំងពី​អំឡុង​ឆ្នាំ​២០០៧​មក ជាមួយ​ក្លិប​មហា​គ្រុឌ ខេមរា​កីឡា និង​បាន​ជោគជ័យ​យ៉ាង​ធំធេង​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន [​អតីត​ភ្នំពេញ​អ៊ឹម​ផាយ​អឺ​]​។​
 
​អតីត​ខ្សែប្រយុទ្ធ​រូបនេះ ធ្លាប់​លើក​ពានរង្វាន់​សម្តេច ហ៊ុន សែន ជាមួយ​ភ្នំពេញ​ក្រោ​ន​នៅ​ឆ្នាំ​២០០៩ [​កាលណោះ សហព័ន្ធ​អនុញ្ញាត​ឲ្យ​កីឡាករ​បរទេស​លេង​] និង​ជា​ខ្សែប្រយុទ្ធ​ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ក្លិប​ក្នុង​ក្របខណ្ឌ​កំពូល នា​ឆ្នាំ​ដដែល​ផងដែរ​។​
 
​លោក​ធ្លាប់​លេង​ឲ្យ​ក្លិប Loei City នៃ​ក្របខណ្ឌ​ទី​២​របស់​ថៃ និង​ធ្លាប់​ទៅធ្វើ​តេ​ស្តិ៍​សាកល្បង​សមត្ថភាព​ប្រទេស​តួ​ក​គី​ផងដែរ ប៉ុន្តែ​មិនបាន​ជោគជ័យ​ឡើយ​។ មុន​ក្លាយជា​គ្រូ​ជំនួយ​ក្រោម​ការដឹកនាំ​របស់លោក ហុក សុ​ជីវ័ន គ្រូបង្វឹក​នី​ហ្សេ​រី​យ៉ា​រូបនេះ ដែលមាន​សញ្ញាបត្រ​គ្រូបង្វឹក​កម្រិត B ក៏​ធ្លាប់​ធ្វើជា​គ្រូ​ជំនួយ​ក្លិប​វេ​ស្ទើ​ន​ភ្នំពេញ ដែល​កាលណោះ ស្ថិតក្រោម​ការដឹកនាំរ​បស់ លោក ស៊ុម វណ្ណា ផងដែរ​។ លោក ស៊ុម វណ្ណា បច្ចុប្បន្ន ជា គ្រូបង្វឹក​បណ្តោះអាសន្ន​នៃ​ក្លិប​ភ្នំពេញ​ក្រោ​ន​។​
 
​ការងារ​ចំពោះមុខ គ្រូបង្វឹក​រូបនេះ ត្រូវ​ដឹកនាំ​ក្រុម​វិសាខា​ប្រជែង​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នា​ជំនួប​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​។ បន្ទាប់មក​លោក​ត្រូវ​ដឹកនាំ​វិសាខា​ប្រជែង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​១៤ ដោយ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​នៅ​ថ្ងៃទី​៧ កក្កដា​។​
 
​ប្រសិនបើ​មានការ​តែងតាំង​ផ្លូវការ​នោះ លោក Akeeb Tunji Ayoyinka នឹង​ក្លាយជា​បុគ្គល​បរទេស​ទីមួយ ដែល​ឆ្លងកាត់​ប្រវត្តិ​ជា​កីឡាករ​ផង និង​គ្រូ​បង្គោល ក្នុង​ក្របខណ្ឌ​បាល់ទាត់​កំពូល​របស់​កម្ពុជា ខណៈ​កន្លងមក អតីត​កីឡាករ​បរទេស​មួយចំនួន​ក៏​ធ្លាប់មាន​តួនាទី ជា​គ្រូ​ជំនួយ​ផងដែរ​៕
 

Tag:
 វិសាខា​
  Akeep Tunji Ayoyinka
  ហុក សុ​ជីវ័ន
© រក្សាសិទ្ធិដោយ thmeythmey.com