កំណើនហាងលក់រាយ បានបង្កើនតម្រូវការទីតាំងដើម្បីដំណើរការអាជីវកម្ម។ តម្រូវការច្រើនជាងមុន ស្របពេលការផ្គត់ផ្គង់ថយចុះ បានធ្វើថ្លៃឈ្នួលកើនឡើងយ៉ាងខ្លាំង។ នេះជាបញ្ហាប្រឈមមួយ ដែលបានរារាំងមហិច្ឆតាបង្កើនចំនួនហាងរបស់ភោជនីយដ្ឋាន ផាក កាហ្វេ និងម៉ាកអាជីវកម្មដទៃទៀត។
លោក ហេង សេងលីអ្នកគ្រប់គ្រងភោជនីយដ្ឋាន ផាក កាហ្វេ បានរំឭកថា លោក បានក្លាយជាអ្នកគ្រប់គ្រងទូទៅភោជនីយដ្ឋាន ផាក កាហ្វេ កាលពីឆ្នាំ ២០១៤ ។ គ្រានោះ លោកតាំងចិត្តពង្រឹងកេរ្ត៍ឈ្មោះម៉ាកយីហោអាហារដ្ឋានក្នុងស្រុកមួយនេះ ឲ្យរឹងមាំ ហើយគ្រោងបង្កើនចំនួនហាង ដើម្បីទំនុកចិត្តអតិថិជន។ ត្រលប់ទៅពេលនោះវិញ វិស័យអាហារ និងភេសជ្ជៈ មិនទាន់រីកខ្លាំង ឬមានតម្រូវការធំ ដូចពេលនេះនៅឡើយទេ ហើយហាង ផាក កាហ្វេ មានសាខាត្រឹម ៦ ប៉ុណ្ណោះនៅកម្ពុជា។
នាពេលនោះ មានទីតាំងជាច្រើនដែលមានសក្តានុពល និងនៅទំនេរដើម្បីបើកហាងថ្មីបាន ប៉ុន្តែ លោក សេងលី មានបញ្ហាប្រឈមធំមួយ គឺការទទួលបានអតិថិជនថ្មីបន្ថែមឲ្យកើនលឿនដូចចិត្ត ដែលចង់ពង្រីកហាង។ ប៉ុន្តែឈានដល់ឆ្នាំទីប្រាំ នៃបេសកកម្មរបស់លោក វិស័យនេះបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ការទទួលបានកំណើនអតិថិជនថ្មី លែងសូវជាក្តីបារម្ភរបស់លោក សេងលី ទៀតហើយ តែជំនួសវិញ លោកប្រឈមបញ្ហាថ្មីវិញ គឺការកើនឡើងនូវខ្ទង់ចំណាយលើថ្លៃជួលទីតាំង ដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញ។
លោកថ្លែងថា៖«ហាងអាហារ ហាងកាហ្វេ និងហាងលក់ទំនិញបែបទំនើប បានកើនឡើងយ៉ាងខ្លាំង នៅបីឆ្នាំចុងក្រោយ ហើយហាងទាំងនេះ កំពុងបង្កើនតម្លៃអចលនទ្រព្យនៅភ្នំ ពេញ»។ លោកបន្តថា ផាកកាហ្វេ កំពុងដំណើរការហាង ១៥ នាពេលបច្ចុប្បន្ន ហើយត្រូវចំណាយជាមធ្យម ក្នុងមួយហាង ៥,០០០ ដុល្លារ សម្រាប់ការជួលទីតាំងនីមួយៗ ក្នុងមួយខែ។ លោកបញ្ជាក់ថា៖«យើងត្រូវចំណាយច្រើនជាងមុនជិតពីរដង ធៀបនឹងកាលពីបីឆ្នាំមុន ដើម្បីជួលទីតាំងទំហំដដែល»។
វិស័យលក់រាយ ដែលសំដៅដល់ហាងអាហារ និងភេសជ្ជៈ ហាងលក់ទំនិញរាយ និងផ្សារទំនើបជាដើម បានកំពុងរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា។ ហាងម៉ាកយីហោអន្តរជាតិជាច្រើនកំពុងចូលមកទីផ្សារកម្ពុជាកាន់តែច្រើន ហើយកំណើននេះ បានធ្វើឲ្យតម្លៃអចនទ្រព្យនៅទីតាំងដែលហាងទាំងនេះទៅដល់ បានឡើងថ្លៃ។
គ្រាន់តែចំនួនហាងកាហ្វេមួយមុខ អ្នកនៅក្នុងឧស្សាហកម្មនេះ បានលើកឡើងថាមានមិនក្រោម ៣០០ ហាងធំៗទេ នៅភ្នំពេញ។
កញ្ញា ពៅ ធីតា ប្រធានផ្នែកទីផ្សារលក់រាយ ក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យ CBRE បានលើកឡើងថា វិស័យលក់រាយនៅកម្ពុជាកំពុងរីកចម្រើន ហើយបានទាក់ទាញម៉ាកយីហោអន្តរជាតិជាច្រើន បោះទុនដើម្បីដំណើរការ។ កញ្ញាបន្តថា តម្រូវការទីតាំងបានកើនឡើង ស្របពេលដែលការផ្តត់ផ្គង់នៅដដែល ឬកាន់តែតិចជាងមុន បានធ្វើឲ្យថ្លៃឈ្នួលកើនឡើងជាលំដាប់។
កញ្ញាបន្តថា៖«តំបន់ពាណិជ្ជកម្មមួយចំនួន កំពុងមានការខ្វះខាតទីតាំងនាពេលនេះ។ ទីតាំងល្អ ដូចជានៅបឹងកេងកង នៅទួលគោកជុំវិញផ្សារ TK Avenue អីជាដើម គឺសឹងពេញអស់ហើយ ហើយពិបាករកកន្លែងមែនទែន»។ កញ្ញាបញ្ជាក់ថា៖«នៅថ្ងៃខាងមុខ ហាងលក់រាយទាំងអស់ហ្នឹង លែងសូវដាក់ទីតាំងដាច់ដោយឡែកទៀតហើយ (Standalone) [ដោយសារពិបាករកទីតាំង] ហើយទៅដាក់នៅក្នុងផ្សារទំនើបវិញ»។
ហាងលក់រាយទំនើប ក៏មានតម្រូវការទីតាំងខ្លាំងដែរ
បន្ថែមលើកំណើនតម្រូវការទីតាំងសម្រាប់ហាងអាហារ ចំនួនហាងលក់ទំនិញរាយបែបទំនើប ក៏កំពុងកើនឡើងនៅកម្ពុជា ហើយកំពុងត្រូវការទីតាំងច្រើន។
ហាងSuper Duper ជាហាងលក់ទំនិញបែបលោកខាងលិចដំបូងគេនៅកម្ពុជា ដែលដំណើរ ការ ២៤ ម៉ោង បានបើកដំណើរការនៅកម្ពុជា នៅឆ្នាំ២០១៥។ គិតមកដល់នាពេលនេះ ហាងនេះ កំពុងដំណើរការដោយមានហាង ៤ ទីតាំង។
ហាង Circle K ដែលមានមូលដ្ឋាននៅអាមេរិក បានបើកដំណើរការនៅកម្ពុជា កាលពីខែ កុម្ភៈ ឆ្នាំ២០១៨ ហើយគិតមកទល់ពេលនេះ បានពង្រីកទីតាំងរហូតដល់ ២៣ កន្លែង។ កាលពីថ្ងៃទី១ កក្កដា ក្រុមហ៊ុនគ្រប់គ្រងផ្សារទំនើបខ្នាតតូចដ៏ធំជាងគេរបស់ថៃ CP All បានបង្ហាញពីគម្រោងថា នឹងនាំយក ហាងលក់រាយ 7-Eleven មកដំណើរការនៅកម្ពុជា។
បន្ទាប់ពីបើកដំណើរការហាងលក់រាយទំនើបខ្នាតតូច សាខាទីមួយ នៅកម្ពុជា កាលពីដើមឆ្នាំ២០១៧ Aeon Maxvalu បានពង្រីកទីតាំងជាបន្តបន្ទាប់ ហើយបានបើកដំណើរការហាងទី៩ របស់ខ្លួន កាលពីថ្ងៃពុធទី ៣ កក្កដា ដោយដាក់ទីតាំងនៅ បឹងកេងកងមួយ។
លោក ជ័យ រតនា ជំនួយការនាយកប្រតិបត្តិការហាងលក់រាយ Aeon Maxvalu បានឲ្យដឹងថា ហាង Aeon Maxvalu គ្រោងពង្រីងទីតាំងបន្ថែមដល់ ៣០០ ហាង នៅទូទាំងប្រទេស នៅឆ្នាំ២០២៥។ លោកបន្តថា ហាងទី ១០ នឹងបើកដំណើរការនៅថ្ងៃទី ១៩ ខែកក្កដានេះ ស្របពេលហាង ៣ ផ្សេងទៀត នឹងដាក់ឲ្យដំណើរការនៅខែវិច្ឆិកាខាងមុខ ដែលធ្វើឲ្យចំនួនហាងសរុបកើនដល់ ១៣ ទីតាំង នៅដំណាច់ឆ្នាំ ២០១៩ នេះ។
យោងតាម លោក រតនា អ្នកប្រើប្រាស់កម្ពុជា កំពុងមានការផ្លាស់ប្តូរទម្លាប់នៃការដើរទិញអីវ៉ាន់។ ពួកគេហ៊ានចំណាយច្រើនជាងមុន ដើម្បីទិញទំនិញនៅក្នុងទីតាំងដែលមានបរិយាកាសល្អ ម៉ាស៊ីនត្រជាក់ និងមានធានាពីគុណភាពទំនិញ។
ស្របពេលដែលហាងលក់ទំនិញគ្រោងបង្កើនទីតាំង លោករតនា ក៏បានបញ្ជាក់ដែរថា កំណើនតម្លៃឈ្នួល កំពុងក្លាយជាបញ្ហាប្រឈមដល់ផែនការនេះ។ លោកបន្តថា៖«ហាងយើងជាច្រើន កំពុងជួបបញ្ហាឡើងថ្លៃជួលទីតាំងនេះ។ បញ្ហាថ្លៃឈ្នួលនេះ អាចប៉ះពាល់ខ្លាំងដល់ផែនការពង្រីកហាងរបស់យើង សម្រាប់រយៈពេលវែង»។
យ៉ាងណាក៏ដោយ មិនមែនសុទ្ធតែគ្រប់គ្នាបារម្ភខ្លាំង ពីនិន្នាការនេះនោះទេ។ បុគ្គលិកថ្នាក់គ្រប់គ្រងម្នាក់នៅ ហាង Super Duper ដែលសុំមិនបញ្ចេញឈ្មោះបានទទួលស្គាល់ថា តម្លៃជួលទីតាំងពិតជាកើនបន្តិចមែន ចំណែកប្រតិបត្តិការមួយចំនួន ដូចជាហាងកាហ្វេ ឬហាងអាហារជាដើម កំពុងជួបការលំបាក ហើយអាចប្រឈមនឹងការបិទហាង។
លោកបន្តថា៖«ហាងខ្លះអាចបិទវិញ ហើយទីតាំងដែលគេប្រើប្រាស់នាពេលនេះ នឹងទំនេរវិញ។ ខ្ញុំសង្ឃឹមថា តម្លៃជួលទីតាំងនឹងនៅថេរនាថ្ងៃខាងមុខ»៕
(អត្ថបទពាណិជ្ជកម្ម)