ជាតិ
បាក់ឌុប
បាក់ឌុប៖ស.ស.យ.ក រាជធានីភ្នំពេញ រៀបចំវគ្គបំប៉នត្រៀមប្រឡងឥតគិតថ្លៃតាមអនឡាញ រូបភាពពីទំព័រហ្វេសប៊ុកវគ្គបំប៉ន (BacII)
× ភ្នំពេញ៖សហភា ពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា នឹងរៀបចំវគ្គបំប៉នតាមអនឡាញលើមុខវិជ្ជា ចំនួន៥ រួមមានអក្សរសាស្ត្រខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ វគ្គបំប៉ននេះ ចាប់ផ្តើមពីថ្ងៃទី៨ ខែកក្កដា ដល់ថ្ងៃទី១៨ ខែសីហា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ។
តាមសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ វគ្គបំប៉នត្រៀមប្រឡងតាមអនឡាញនេះ នឹង រួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងគុណភាព ស្របពេលដែលការប្រឡងបាក់ឌុបឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៩ សីហាខាងមុខ។ វគ្គបំប៉ននេះ នឹងផ្សាយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងតាមប្រព័ន្ធ E-School Cambodiaផងដែរ។
តាមសេចក្ដីជូនដំណឹងដដែល នេះគឺជាដំបូងហើយ ដែលស.ស.យ.ក រាជធានីភ្នំពេញ រៀបចំវគ្គបំប៉នតាមប្រព័ន្ធអនឡាញ ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្ស អាចរៀនសូត្របានតាមរយៈទូរសព្ទដៃ ជាពិសេសចំណេញពេលវេលា និងមិនចំណាយថវិកា។ តាមរយៈវគ្គបំប៉នតាមប្រព័ន្ធអនឡាញនេះ សិស្សានុសិស្ស អាចសួរសំណួរបានយ៉ាងស្រួល និងបានសិក្សាជាមួយលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៍ច្រើនឆ្នាំផងដែរ។
លោកគ្រូអ្នកគ្រូ ដែលចូលរួមបំប៉នតាមប្រព័ន្ធអនឡាញរួមមាន លោកគ្រូ នាង បូ, លោកគ្រូ សុខ ធី, លោកគ្រូ ឡុង សារិន, លោកគ្រូ កែវ ណារិន, លោកគ្រូ ជ័យ ថាវី, លោកគ្រូ ងិន ណៃស៊ត, លោកគ្រូ ទាង ប៉ាង, លោកគ្រូ ឡាវ ចន្ថា, លោកគ្រូ ធូ ភន និងអ្នកគ្រូ ម៉ៅ វណ្ណី៕
Tag:
សសយក
បាក់ឌុប
វគ្គបំប៉ន
អនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com