«​សមាគម​អភិរក្ស​ដំរី​»​នៅ​រតនគិរី ដាំ​កូនឈើ​ប្រណិត​២​ពាន់​ដើម ផ្តល់​ជម្រក​បន្ថែម​ដល់​សត្វព្រៃ​
ជាតិ
«​សមាគម​អភិរក្ស​ដំរី​»​នៅ​រតនគិរី ដាំ​កូនឈើ​ប្រណិត​២​ពាន់​ដើម ផ្តល់​ជម្រក​បន្ថែម​ដល់​សត្វព្រៃ​
06, Jul 2019 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា នឹង​រៀបចំ​កម្មវិធី​ដាំ​កូនឈើ​មានតម្លៃ​ចំនួន ២​ពាន់​ដើម នៅ​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​ពីរ ស្រុក​លំផាត់ ខេត្តរតនគិរី នៅ​ថ្ងៃទី​០៨ កក្កដា​នេះ​។ បើតាម​សមាគម​អៃ​រាវ​ត្តា កូនឈើ​ចំនួន​២​ពាន់​ដើម​នេះ មាន​អាយុ​ចន្លោះ​ពី​១-៣​ឆ្នាំ ដែលមាន​ប្រភេទ​ដូចជា នាងនួន​, បេង​, ឈើទាល​, ស្រឡៅ​, ត្រាច​, ក្រ​ញ៉ូ​ង​, ថ្លុ​ង​, ត្បែង​, ម៉ៃសាក់​, សុ​ក្រំ​, គគីរ​, ផ្ចិ​ក និង​ឈ្លីក​។​


 
​កូនឈើ​ចំនួន ២​ពាន់​ដើម នឹងត្រូវ​ដាក់​ដាំ​ក្នុង​តំបន់​ព្រៃ​សហគមន៍​កា​ទៀង នៅ​ថ្ងៃទី ០៨ ខែកក្កដា​ដើម្បី​ការពារ​បរិស្ថាន និង​ផ្ដល់​ជម្រក​ដល់​សត្វព្រៃ ជាពិសេស​ផ្ដល់​ជា​ចំណី​សម្រាប់​សត្វ​ដំរី​៤​ក្បាល​ចុងក្រោយ​នៅ​ខេត្តរតនគិរី​។ ពិធី​ដាំ​កូនឈើ​នេះ នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រួមទាំង​ពលរដ្ឋ និង​សិស្សានុសិស្ស​។ 
 
​លោកស្រី ខៃ ចិន្តា ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ បញ្ជាក់ថា​៖ «​នៅ​រដូវប្រាំង​ខ្វះ​ចំណី​សម្រាប់​ដំរី ដូច្នេះ​ទើប​សមាគម​សម្រេច​ដាំ​កូនឈើ និង​ឈើ​ហូប​ផ្លែ ដើម្បី​ប​ង្គ្រា​ប់ និង​បន្ថែម​ចំណី​ដល់​ដំរី​។ ហើយ​ការងារ​នេះ ជាការ​ងារ​សង្គម ដែល​ការពារ​បរិស្ថាន​ផងដែរ​»​។​
 
​ក្នុង​កម្មវិធី​ទិវា​ដាំ​កូនឈើ​នេះ នឹងមាន​ការសម្ដែង​សិល្បៈ​ជនជាតិដើម​ភាគតិច​ទំពួន ដោយ​ក្រុម​សិល្បៈករ​យក្ស​លោម​, ការបង្ហាញ​បង្ហាត់​ដំរី ដោយ​ប្រើ​វិធី​ផ្ដល់​រង្វាន់​ដោយ​ក្រុម​ហ្មដំរី​អៃ​រាវ​ត្តា និង​គ្រូបង្ហាត់​មកពី​បរទេស​។ ក្នុង​កម្មវិធី​ដដែល នឹងមាន​ការសម្ដែង​សាច់រឿង «​អភិរក្ស​ដំរី គឺ​អភិរក្ស​វប្បធម៌​ខ្មែរ​» ដោយ​សហព័ន្ធ​ល្បុក្កតោ​ជាតិ​កម្ពុជា និង​ការសម្ដែង​រឿង «​សហការី​ដំរី​រួមគ្នា​ការពារ​ព្រៃឈើ​» ដោយ​ក្រុម​ល្បុក្កតោ​ក្លឹប​ឥ​សាន្ត​រតនៈ ខេត្តរតនគិរី​។ 
 
​សូមបញ្ជាក់ថា បន្ទាប់ពី​កម្មវិធី​ដាំ​កូនឈើ​នេះ ក៏មាន​ដំណើរ​កម្សាន្ត​ជាមួយ​សត្វ​ដំរី​ក្នុងព្រៃ​សហគមន៍​,​ងូតទឹក​ឲ្យ​ដំរី និង​ការបង្រៀន​ក្បាច់គុន​ល្បុក្កតោ​ជូន​ភ្ញៀវកិត្តិយស រួមទាំង​ការពិនិត្យ និង​ព្យាបាល​សុខភាព​ដល់​ពលរដ្ឋ​ផងដែរ​៕ 
 

Tag:
 អៃ​រាវ​ត្តា​
  ដាំ​កូនឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com