អន្តរជាតិ
ប្រភេទ​បាក់តេរី​ល្អ​អាចជួយ​ការពារ​កង្កែប​ពី​ការ​រាតត្បាត​នៃ​ជំងឺ​
06, Jul 2019 , 8:29 pm        
រូបភាព
រូបភាព៖ BBC
រូបភាព៖ BBC
​កង្កែប​ជា​ប្រភេទ​សត្វ​ដែល​រស់នៅក្នុង​ទឹក​ផង និង​លើគោក​ផង (Amphibian)​។ យោងទៅតាម​ការស្រាវជ្រាវ​ថ្មី​មួយ ពពួក​បាក់តេរី​ដែល​រស់​នៅលើ​ស្បែក​របស់​កង្កែប​អាចជួយ​ការពារ​រាងកាយ​របស់​វាពី​ជំងឺឆ្លង​ផ្សេងៗ​ដែល​បង្កដោយ​វីរុស​គ្រោះថ្នាក់​បាន​។​


 
​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​បានធ្វើ​ឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅឯ​សាកលវិទ្យាល័យ Exeter និង​សហគមន៍​សួនសត្វ​មួយ​នៅ​ទីក្រុង​ឡុង​ដ៏​បាន​ជួយសង្គ្រោះ​ប្រភេទ​ភាវៈរស់​ផ្សេងៗ​ដូចជា​កង្ហែ​ប European common frog ឱ្យ​រួច​ផុតពី​ការ​ញាំញី​ដល់​អាយុជីវិត​ដែល​បង្កឡើង​ដោយ​ជំងឺ​ផ្សេងៗ​។​
 
​បើតាម​សារព័ត៌មាន​អង់គ្លេស BBC នាពេល​បច្ចុប្បន្ននេះ ពពួកសត្វ​ថលជលិក (Amphibians) កំពុង​ទទួលរង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​បម្រែបម្រួល​នៃ​ធម្មជាតិ​សកល​។ ប្រមាណ​៤០%​នៃ​ភាវៈរស់​ប្រភេទ​នេះ​បាន​ប្រឈម នឹង​ការស្លាប់​ដោយសារ​ប៉ា​តូ​សែន​ដែលជា​ភ្នាក់ងារ​ចម្លងរោគ គួបផ្សំ​ជាមួយ​ការបាត់បង់​លំនៅស្ថាន និង​ផ្លាស់ប្តូរ​អាកាសធាតុ​ជាដើម​។​
 
​នៅក្នុង​ការស្រាវជ្រាវ ក្រុម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន​តាមដាន​មើល​ពី​របៀប​ដែល​សត្វ​កង្កែប​បន្ស៊ាំ​ខ្លួន​ជាមួយនឹង​វីរុស​ឈ្មោះ Ravavirus ដែល​អាច​សម្លាប់​ចំនួន​កង្កែប​ដ៏​ច្រើន​ក្នុង​រយៈពេល​ដ៍​ខ្លី​នៅតាម​ស្រះ​ទឹក​នានា​ក្នុងប្រទេស​អង់គ្លេស​។ ជា​លទ្ធផល ពួកគេ​បាន​រកឃើញ​ទំនាក់ទំនង​រវាង​ការរីក​រាលដាល​នៃ​ជំងឺ និង​ការលេចឡើង​នៃ​បាក់តេរី​នៅលើ​ស្បែក​កង្កែប​នៅក្នុង​ពពួក​ខុស  គ្នាៗ​នៅ​ភាគខាងត្បូង​នៃ​អង់គ្លេស​។​
 
​លោក​បណ្ឌិត Lewis Campbell មកពី​សាកលវិទ្យាល័យ Exerter បាន​លើកឡើងថា​ការពិសោធ​បានបង្ហាញ​ឱ្យឃើញ​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និត​នៅក្នុង​ស្ថានប្រព័ន្ធ​មួយ រវាង​ពពួក​ភាវៈរស់​ដែលមាន​ជំងឺ ពពួក​ភាវៈរស់​ដែល​គ្មាន​ជំងឺ ហើយ​និង​ល្បាយ​នៃ​បាក់តេរី​នៅលើ​ស្បែក​របស់​ភាវៈរស់​។ លោក​បាន​បន្តថា “​ល្បាយ​នៃ​បាក់តេរី​ទាំងនោះ​គឺជា​របាំង​ការពារ​យ៉ាងសំខាន់​សម្រាប់​ទប់​ទល់នឹង​វីរុស​ដែលជា​ភ្នាក់ងារ​បង្ក​រោគ​ដ៏​កាច​សាហាវ​”​។​
 
​នៅក្នុង​ការស្រាវជ្រាវរ​បស់​ខ្លួន ក្រុម​អ្នកវិទ្យាសាស្ត្រ​រំពឹងថា​ការងារ​ពួកគេ​នឹង​អាចជួយ​សង្គ្រោះ​អម្បូរ​កង្កែប​ដែល​គេ​ឧស្សាហ៍​ជួបប្រទះ​បំផុត​នៅតាម​ស្រះ​ឬ​ត្រពាំង​នានា​នៅក្នុង​ប្រទេស​អង់គ្លេស​៕
 
​ដោយ៖ យ៉​ន សុខន​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com