ជាតិ
តើ​គេ​ពិតជា​អាច​បញ្ចប់​ជម្លោះ​តាមរយៈ​«​ចាញ់​បានជា​ព្រះ ឈ្នះ​បានជា​មារ​»​ដែរឬទេ​?
08, Jul 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សង្គម​ខ្មែរ​គឺជា​សង្គម​មួយ​ដែល​ប្រជាជន​ភាគច្រើន​ជឿ​លើ​ព្រះពុទ្ធសាសនា ហេតុនេះហើយ​បានជា​ព្រះពុទ្ធសាសនា​បាន​ជះឥទ្ធិពល​លើ​ផ្នត់គំនិត វប្បធម៌ អក្សរ​សិ​ល្បិ៍ រួមទាំង​សុភាសិត​ដែរ​។ ជាក់ស្ដែង ក្នុង​គំនិត​មួយ​ដែល​ចង់​ទប់ស្កាត់​កុំ​ឱ្យមាន​ជម្លោះ ឬ​បញ្ចប់​ជម្លោះ​ក្នុងសង្គម បុព្វបុរស​ខ្មែរ​បានលើកឡើង​នូវ​សុភាសិត​មួយ​ថា​«​ចាញ់​បានជា​ព្រះ ឈ្នះ​បានជា​មារ​»​។ តើ​សុភាសិត​នេះ មាន​អត្ថន័យ​ដូចម្ដេច​? ហើយ​វា​មានគំនិត​អប់រំ​យ៉ាងណាដែរ​?

 
​មុននឹង​បកស្រាយ​សុភាសិត​ខាងលើនេះ អ្នកអាន​គប្បី​យល់​ពាក្យ​គន្លឹះ​មួយចំនួន​ជាមុនសិន​។ ព្រះ​គឺជា​តួអង្គ ឬ​ជា​ភាវៈ​ខ្ពស់បំផុត​និង​ល្អ​បំផុត​នៅក្នុង​ជំនឿ ឬ​សាសនា​នីមួយៗ​។ ក្នុង​បរិបទ​សង្គម​ខ្មែរ ព្រះ​សំដៅយក​តួអង្គ​ព្រះពុទ្ធ​នៅក្នុង​ព្រះពុទ្ធ​សា​នា ដែលជា​តួអង្គ​បាន​តស៊ូ អត់ធ្មត់ លះបង់​ខ្ពស់បំផុត ប្រកាន់យក​ឥរិយាបថ​អហិង្សា បាន​ត្រាស់ដឹង​និង​រកឃើញ​អរិយ​សច្ចៈ​និង​ផ្លូវកណ្ដាល ជាដើម​។​
 
​មារ​ក្នុង​បរិបទ​សង្គម​ខ្មែរ សំដៅយក​អ្នកជំទាស់ អ្នក​រារាំង អ្នក​ចូលចិត្ត​ប្រើ​ហិង្សា​ជា​មធ្យោបាយ​ក្នុងការ​ដោះស្រាយ​បញ្ហា តួអង្គ​ឬ​ភាវៈ​ដែល​ប្រឆាំងនឹង​ព្រះ ហើយក៏​សំដៅយក​តួអង្គ​ចិត្តអាក្រក់​នៅក្នុង​ជំនឿ ឬ​ក្នុង​រឿងព្រេង​ខ្មែរ ផងដែរ​។ 
 
​សុភាសិត​«​ចាញ់​បានជា​ព្រះ ឈ្នះ​បានជា​មារ​» មាន​ពីរ​ផ្នែក​ដែល​តម្រូវឱ្យ​យើង​បកស្រាយ​ផ្នែក​នីមួយៗ​ដាច់ពីគ្នា​ដើម្បី​ងាយស្រួល​យល់​។ តាមន័យ​ស្រប «​ចាញ់​បានជា​ព្រះ​» មានន័យថា តាម​ចរិតលក្ខណៈ​របស់​ព្រះ​តែងតែ​អត់ធ្មត់ វៀរចាក​ជម្លោះ វៀរចាក​ហិង្សា គំនុំ ការឈ្នានីស ការសង​សឹក ឬ​ការចង់​ចាញ់​ចង់​ឈ្នះ ជាដើម សម​ដូច​ឃ្លា​មួយ​ដែល​លើកឡើងថា​«​ពៀរ​រម្ងាប់​ដោយ​ការមិន​ចងពៀរ​» ដែល​ឥរិយាបថ​នេះ អាច​នាំឱ្យ​គ្រួសារ សហគមន៍ ស្ថាប័ន រដ្ឋ តំបន់ និង​ពិភពលោក ពោរពេញ​ដោយ​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុខដុមភាព និង​សេចក្ដីស្រឡាញ់​ពិត​។​
 
​ចំណែកឯ​«​ឈ្នះ​បានជា​មារ​» មានន័យថា តាម​ចរិតលក្ខណៈ​របស់​មារ តែងតែ​បង្ករ​ជា​បញ្ហា ការជំទាស់ ការរារាំង ជម្លោះ ការ​ផ្ចាញ់ផ្ចាល ការឈ្នានីស អំពើហិង្សា សង្គ្រាម ឬ​ការចង់​ចាញ់​ចង់​ឈ្នះ ជាដើម​។ 
 
​ជារួម នៅក្នុង​សុភាសិត​«​ចាញ់​បានជា​ព្រះ ឈ្នះ​បានជា​មារ​» បុព្វបុរស​ខ្មែរ​ចង់ឱ្យ​ប្រជាជន​ខ្មែរ​ប្រកាន់យក​ឥរិយាបថ​ជា​ព្រះ ឬ​យក​គំរូ​តាម​ឥរិយាបថ​របស់​ព្រះ និង​កុំឱ្យ​យក​គំរូ​តាម​ឥរិយាបថ​របស់​មារ ឬ​កុំ​ប្រកាន់យក​ឥរិយាបថ​របស់​មារ​។ ប្រសិនបើ​សង្គម​ខ្មែរ​អាច​ប្រើ​មូលដ្ឋាន​នៃ​ការគិត​និង​ការប្រព្រឹត្តិ​បែបនេះ​បាន នោះ​សង្គម​ខ្មែរ​នឹង​ពោរពេញ​ដោយ​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុខដុមភាព ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព សុភមង្គល និង​សេចក្ដីស្រឡាញ់​ពិត​។ ការបកស្រាយ​ខាងលើនេះ​មាន​ភាពសមហេតុ​ផល​ម្យ៉ាង​ដែលមាន​ការគាំទ្រ​និង​អនុ​វ​ត្តា​តាម​ដោយ​មនុស្ស​ទូទៅ ប៉ុន្តែ ក៏មាន​ការលើកឡើង​នូវ​មតិ​ជំទាស់​នឹង​ការបកស្រាយ​ខាងលើ​នេះដែរ​។​
 
​មតិ​ខ្លះ​ប្រឆាំង​នោះ បាន​អះ​អង​ថា សុភាសិត​«​ចាញ់​បានជា​ព្រះ ឈ្នះ​បានជា​មារ​» គឺជា​សុភាសិត​មួយ​ដែល​ជំ​រុញឱ្យ​អ្នកទន់ខ្សោយ អ្នកតូចតាច និង​អ្នក​ស្លូតត្រង់ ធ្លាក់​ក្នុង​កម្មវត្ថុ​នៃ​ការគំរាមកំហែង ការ​កេង​ប្រ​វញ្ច និង​ការជិះជាន់​របស់​អ្នកខ្លាំង ដោយ​មិន​ហ៊ាន​តស៊ូ​រើបម្រះ ដែលជា​យថាហេតុ​នឹង​បង្ករ​ឱ្យមាន​អ​សមភាព​សង្គម អយុត្តិធម៌​សង្គម ហើយ​ទីបំផុត​អ្នកទន់ខ្សោយ អ្នកតូចតាច អ្នក​ស្លូតត្រង់​ក្លាយទៅជា​អ្នករងគ្រោះ​។ លើសពីនេះ​ទៀត ដោយសារ​តួអង្គ​ព្រះ​ជា​តួអង្គ​ចុះចាញ់ មិន​ប្រើ​ហិង្សា​នេះហើយ បានជា​តួអង្គ​មារ ឬ​តួអង្គ​ចិត្តអាក្រក់​ចេះតែ​ឈ្នះ​និង​មាន​អត្ថិភាព​រហូតមកដល់​សព្វថ្ងៃនេះ​។ 
 
​មតិ​ជំទាស់​នេះ ស្ដាប់ទៅ​ក៏មាន​ហេតុផល​ម្យ៉ាងដែរ ប៉ុន្តែ នៅក្នុង​សង្គម​មួយ ក្នុង​រដ្ឋ​មួយ ក្នុង​តំបន់​មួយ ឬ​ក្នុង​ពិភពលោក​ទាំងមូល​ដែល​តិច​ឬ​ច្រើន​តែងតែមាន​ជម្លោះ​នោះ ប្រសិនបើ​យើង​ជ្រើស​រើសយក​មធ្យោបាយ​ហិង្សា​ឬ​សង្គ្រាម​មក​ធ្វើជា​ដំណោះស្រាយ​បញ្ហា នោះ​នឹង​នាំឱ្យ​មានការ​គុំ​គួ​ន ការសង​សឹក និង​ការបំផ្លាញ​គ្នា​ទៅវិញទៅមក​មិនចេះចប់ ដែល​ទីបំផុត​នឹង​គ្មាន​អ្នកឈ្នះ​ដាច់ខាត​ទេ ម្ដង​យើង​ឈ្នះ ម្ដង​គេ​ឈ្នះ នាំឱ្យមាន​ការប្រយុទ្ធ​គ្នា​ឥតឈប់ឈរ ដែលជា​យថាហេតុ នឹង​នាំទៅដល់​ការ​ចាញ់​ទាំងអស់គ្នា ឬ​ភាព​អន្តរាយ​ទាំងអស់គ្នា​។​
 
​តាមពិតទៅ សុភាសិត​«​ចាញ់​បានជា​ព្រះ ឈ្នះ​បានជា​មារ​» មិនមែន​ចង់ឱ្យ​យើង​ចាញ់គំនិត​អាក្រក់ អំពើអាក្រក់ ឬ​មនុស្ស​អាក្រក់​នោះទេ ប៉ុន្តែ ក៏​មិន​ចង់ឱ្យ​យើង​ប្រើ​គំនិត​សងសឹក ឈ្នានីស​គ្នា​ទៅវិញទៅមក មិនឱ្យ​យើង​ប្រើ​ហិង្សា ឬ​ប្រើ​សង្គ្រាម​ធ្វើជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ដែរ សម​ដូច​ឃ្លា​ដែល​លើកឡើងថា «​ពៀរ​រម្ងាប់​ដោយ​ការមិន​ចងពៀរ​» និង​«​ចូរ​អ្នក​ឆ្លើយតប​ទៅនឹង​អំពើ​ល្អ​ដោយ​អំពើ​ល្អ ប៉ុន្តែ ចូរ​អ្នក​តប​ទៅនឹង​អំពើអាក្រក់​ដោយ​យុត្តិធម៌​» ក្នុងន័យនេះ បុព្វ​បរស​ខ្មែរ​ចង់ឱ្យ​យើង​ប្រើ​គតិបណ្ឌិត គោលការណ៍​សីលធម៌ និង​ច្បាប់ ដើម្បី​យកឈ្នះ​លើ​គំនិតអាក្រក់ អំពើអាក្រក់ ឬ​មនុស្ស​អាក្រក់​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​សុភាសិត​«​ចាញ់​បានជា​ព្រះ ឈ្នះ​បានជា​មារ​» មិនអាច​យកទៅអនុវត្ត​គ្រប់ពេល គ្រប់​ទីកន្លែង គ្រប់​មនុស្ស​បានដែរ ពីព្រោះ​សូម្បីតែ​ក្នុង​បរិបទ​សាសនា ក៏មាន​តួអង្គ​ព្រះ​ឬ​អាទិទេព​សម្រាប់​កម្ចាត់​ភាវៈ​អាក្រក់ ដូចជា យក្ខ មារ ព្រាយ បិ​សា ជាដើម​។ លើសពីនេះ​ទៀត ក្នុង​រដ្ឋ​នានា​ទូទាំង​ពិភពលោក មិនទាន់មាន​រដ្ឋ​ណាមួយ​ដែល​គ្រប់គ្រង​រដ្ឋ​ដោយ​ប្រើតែ​ច្បាប់​និង​សីលធម៌ ហើយ​គ្មាន​នគរបាល និង​ទាហាន​សម្រាប់​បង្ក្រាប​មនុ​ស្សអា​ក្រក់ ដូចជា​ចោរប្លន់ ក្រុម​ចាប់ជំរិត ភេរ​វករ និង​ខ្មាំង​ឈ្លានពាន​ទឹកដី នោះទេ​។​
 
​ជា​សន្និដ្ឋាន  សុភាសិត​«​ចាញ់​បានជា​ព្រះ ឈ្នះ​បានជា​មារ​» មិនអាច​ប្រើប្រាស់​បាន​ទូទៅ​គ្រប់ពេល គ្រប់​ទីកន្លែង និង​គ្រប់​មនុស្ស​នោះទេ​។ ក្នុងករណី​ណាមួយ​ដែល​យើង​ប្រើ​វា​មិនបាន​ជោគជ័យ យើង​ត្រូវតែ​បត់បែន ហើយ​ជ្រើសរើស​វិធី​ផ្សេង ដូចជា​វិធី​ហិង្សា ជាដើម ជា​ជម្រើស​ចុងក្រោយ​ដើម្បី​ដោះស្រាយ និង​បញ្ចប់​បញ្ហា​។ ក្នុង​ករណីខ្លះ ក្នុង​ពិភពលោក ក៏មាន​ការប្រើ​ហិង្សា​ដើម្បី​បញ្ចប់​ហិង្សា ឬ​ការប្រើ​សង្គ្រាម​ដើម្បី​បញ្ចប់សង្គ្រាម​ឬ​ស្វែងរក​សន្តិភាព​ដែរ​៕ 
 
ដោយ​សាស្ត្រាចារ្យ លោក ឈ​ត ប៊ុន​ថង 
  

Tag:
 សុភាសិត​
© រក្សាសិទ្ធិដោយ thmeythmey.com