អន្តរជាតិ
ក្រសួងការបរទេស​អា​មេ​រិ​ក បើកភ្លើង​បៃតង​ដល់​ការលក់​អាវុធ​២,២​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់​
09, Jul 2019 , 9:31 am        
រូបភាព
រថក្រោះធុន Abrams របស់អាមេរិកដែលគ្រោងលក់ឲ្យតៃវ៉ាន់។ រូបភាព AFP
រថក្រោះធុន Abrams របស់អាមេរិកដែលគ្រោងលក់ឲ្យតៃវ៉ាន់។ រូបភាព AFP
​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​បើកភ្លើង​បៃតង​ដល់​ការលក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​ដែលមាន​តម្លៃ​ដល់​ទៅ​២,២​ពាន់​លាន​ដុល្លារ​ឯណោះ​។ នេះ​បើតាម​ការប្រកាស​របស់​មន្ទីរ​បញ្ច​កោណ​នៅ​ថ្ងៃទី​៨ ខែកក្កដា ដែល​បន្តថា សព្វាវុធ​ដែល​គ្រោង​លក់​នេះ​មាន​ទាំង​រថក្រោះ និង​មី​ស៊ី​ល​ផងដែរ​ដោយ​តៃវ៉ាន់​បាន​បញ្ជា​ទិញ​ជា​យូរ​មក​។ ដំណឹង​នេះ ប្រាកដជា​ធ្វើ​ឲ្យ​ចិន​ក្ដៅស្លឹកត្រចៀក​ខ្លាំង ព្រោះ​ធ្លាប់​ប្រាប់​ឲ្យ​អាមេរិក​ឈប់​រកស៊ី​ជាមួយ​តៃវ៉ាន់​ដែលជា​ទឹកដី​ខ្លួន​ហើយ​នោះ​។​

 
​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហាក់​មិន​ខ្វល់ខ្វាយ​នឹង​សម្ដី​របស់​ចិន​ក្នុង​រឿង​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​សោះ​។ នៅ​ទីបំផុត អាមេរិក​នៅតែ​ធ្វើ​ឲ្យ​ចិន​ក្ដៅចិត្ត​ទាល់តែ​បាន​។ ក្នុង​លិខិត​ជូនដំណឹង​ផ្ញើ​ទៅកាន់​សភា ក្រសួងការបរទេស​អា​មេ​រិ​ក​បញ្ជាក់ថា ក្នុងចំណោម​សព្វាវុធ​ដែល​ត្រូវ​លក់​តាម​ការបញ្ជាទិញ​របស់​តៃវ៉ាន់​មាន រថក្រោះ​ធុន M1A2T Abrams ចំនួន​១០៨​គ្រឿង មី​ស៊ី​ល Stringer ចំនួន ២០៥ ដើម ព្រមទាំង​សម្ភារៈ និង​គ្រឿង​បរិក្ខារ​ពាក់ព័ន្ធ​មួយចំនួន​។​
 
​ក្រសួងការបរទេស​អា​មេ​រិ​ក ជា​ស្ថាប័ន​ដែលមាន​អំណាច​លើ​ការលក់​អាវុធ​ឲ្យ​ប្រទេស​នានា ហើយ​សភា​ជា​អ្នកសម្រេច​ចុងក្រោយ​។ ចំពោះ​សំណើ​របស់​តៃវ៉ាន់​នេះ សភា​មាន​ពេល​៣០​ថ្ងៃ​ដើម្បី​ពិចារណា​ថា លក់​ឬ​មិន​លក់​។ ប៉ុន្តែ​ភាគរយ​នៃ​ការផ្ដល់​ភ្លើង​បៃតង គឺមាន​ច្រើន​លើសលប់ ខណៈ​សមាជិកសភា​អាមេរិក​ជាច្រើន សុទ្ធតែ​បង្ហាញ​ក្ដីបារម្ភ​ចំពោះ​សុវត្ថិភាព​តៃវ៉ាន់​ដែល​ប្រឈមមុខ​ការគំរាមកំហែង​រាល់ថ្ងៃ​ពី​សំណាក់​យោធា​ចិន​នោះ​។   
 
​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ការពារជាតិ​ចំណុះ​មន្ទីរ​បញ្ច​កោណ​ប្រកាស​នៅ​ថ្ងៃទី​៨ ខែកក្កដា ថា សំណើ​លក់​អាវុធ​នេះ នឹង​រួមចំណែក​ដល់​ការធ្វើ​ទំនើបកម្ម​រថក្រោះ​របស់​ប្រទេស​បញ្ជា​ទិញ ជំរុញ​សមត្ថភាព​របស់​តៃវ៉ាន់​ក្នុងការ​ទប់ទល់​ការគំរាមកំហែង​ទៅ​ថ្ងៃមុខ និង​ពង្រឹង​ការការពារ​ខ្លួន​របស់​តៃវ៉ាន់​ផងដែរ​។ ចំណែកឯ​មី​ស៊ី​ល​វិញ នឹង​ជួយ​ដល់​នយោបាយ​ការបរទេស​របស់​អាមេរិក​តាមរយៈ​ការបង្កើន​សមត្ថភាពរ​បស់​តៃវ៉ាន់ ដែលជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​ក្នុង​តំបន់​។​
 
«​ទាំង​ការលក់​មី​ស៊ី​ល និង​រថក្រោះ​នេះ នឹងមិន​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​តុល្យភាព​យោធា​នៅក្នុង​តំបន់​ឡើយ​។​» នេះ​ជាការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​ខាងលើ ដែល​ទំនងជា​សារ​ទៅកាន់​ចិន​ដែល​មិន​ពេញ​ចិត្តនឹង​រឿងនេះ​។ 
 
​ទីក្រុង​ប៉េកាំង បាន​ផ្ញើ​សារ​មិន​ពេញចិត្ត​របស់ខ្លួន​តាំងពី​ព័ត៌មាន​រឿង​លក់​នេះ​ចេញ​ដំបូង​មកម្ល៉េះ​។ ជាច្រើនលើក​ច្រើនសារ ប៉េកាំង​ប្រាប់​ឲ្យ​វ៉ាស៊ីនតោន​យល់​សឹង​ពី​ភាព​រសើប​នៃ​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់​ដែលជា​អាណាខេត្ត​មួយ​របស់​ចិន ហើយ​មិនអាច​កាត់​ផ្ដាច់ចេញ​បានឡើយ ព្រមទាំង​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​នយោបាយ​ចិន​តែមួយ​។ មិនតិច​ដង​ឡើយ ដែល​ចិន​ប្រកាស​ជា​ចំហ​ថា ខ្លួន​មិន​រុញ​រា​នឹង​ប្រើ​កម្លាំង​ដើម្បី​គ្រប់គ្រង​តៃវ៉ាន់​ឡើយ​។​
 
​បើ​និយាយ​ពី​កម្លាំងយោធា​នោះ តៃវ៉ាន់​មិនអាច​ផ្ទឹម​នឹង​ចិន​បានឡើយ​ក្នុង​សង្គ្រាម​ណាក៏ដោយ​។ ដោយសារ​កម្លាំង​តូច​ទាប​បែបនេះ តៃវ៉ាន់ ព្យាយាម​បង្កើន​សមត្ថភាព​ការពារ​របស់ខ្លួន​ដោយ​បញ្ជា​ទិញ​អាវុធ​ពី​អាមេរិក​។ សព្វថ្ងៃ បើ​និយាយ​ពី​រថក្រោះ​វិញ តៃវ៉ាន់​មិនសូវ​សម្បូរ​ឡើយ ហើយ​បច្ចេកវិទ្យា​ទៀតសោត ក៏​មិនសូវ​រីកចម្រើន​ដែរ​។ សព្វាវុធ​ទំនើបៗ​ដែល​បញ្ជា​ទិញ​ពី​អាមេរិក នឹង​ជួយ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​របស់​កោះ​មួយ​នេះ​៕

Tag:
 អាមេរិក​
  ចិន​
  តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com