ជាតិ
សម្តេច ស ខេង ចូលរួម​ខួប​២៥​ឆ្នាំ​របស់ UNFPA នៅ​កម្ពុជា​
10, Jul 2019 , 9:30 am        
រូបភាព
​រូប​ពី​ហ្វេ​ស​ប៊ុ​ក UNFPA Cambodia ​
​រូប​ពី​ហ្វេ​ស​ប៊ុ​ក UNFPA Cambodia ​
ដោយ: ថ្មីៗ
​កម្មវិធី​ចំនួន​៤​ទាក់ទង​នឹង​គោលនយោបាយ​នៃ​សុខភាព​បន្ត​ពូជ និង​សមភាព​យេនឌ័រ នឹងត្រូវ​ប្រារព្ធ​ក្នុងពេល​តែមួយ​នៅ​ថ្ងៃទី​១១​ខែកក្កដា​នេះ ចាប់ពី​វេលា​ម៉ោង​២​រសៀល​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ជប៉ុន​កម្ពុជា (CJCC)​។ កម្មវិធី​នេះ​នឹងត្រូវ​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី ក្រសួងផែនការ និង​លោកស្រី Rizvina de Alwis តំណាង​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA)​។​


​ថ្ងៃទី​១១​ខែកក្កដា គឺជា​ទិវា​ប្រជាជន​ពិភពលោក​។ មូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) ប្រចាំ​កម្ពុជា​បានសម្រេច​ចិត្តជា​មួយរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដើម្បី​យក​ទិវា​១១​កក្កដា​នេះ​រៀបចំ​ពិធី​រំឭក​ខួប​ដ៏​សំខាន់​ចំនួន​៣​ទៀត​ក្នុងពេល​តែមួយ​គឺ​៖ ទីមួយ ជា​ខួប​២៥​ឆ្នាំ​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន និង​ការអភិវឌ្ឍ (ICPD), ទី​ពីរ ជា​ខួប​២៥​ឆ្នាំ​នៃ​បេសកកម្ម​របស់​មូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​ប្រជាជន​នៅ​កម្ពុជា (UNFPA Cambodia) និង​ទី​បី គឺជា​ខួប​៥០​ឆ្នាំ​នៃ​កំណើត​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA)​។

តាំងពី​ឆ្នាំ​១៩៦៩ UNFPA ត្រូវបាន​បង្កើតឡើង​ដើម្បី​ធានា​សុវត្ថិភាព​នៃ​សុខភាព​បន្ត​ពូជ​របស់​មនុស្ស ផ្តល់​ការថែទាំ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ធានា​សុវត្ថិភាព​ពេល​សម្រាល​មិន​ឲ្យ​ទារក​ស្លាប់ លើកកម្ពស់​សមភាព​យេនឌ័រ និង​ធានាថា​សក្កា​នុព​ល​នៃ​មនុស្ស​វ័យក្មេង​ត្រូវបាន​បំពេញ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់ UNFPA Cambodia បានសរសេរថា ក្នុងឱកាស​នៃ​ពិធី​រំឭក​ខួប​២៥​ឆ្នាំ​នៃ​វត្តមាន​របស់ UNFPA នៅ​កម្ពុជា រដ្ឋាភិបាល​កម្ពុជា និង UNFPA ចង់​ប្រារព្ធ​

សមិទ្ធផល និង​ស្នាដៃ​ដែល​ពួកគេ​បានសម្រេច​ក្នុង​រយៈពេល​២៥​មកនេះ ក្នុង​កិច្ចការ​លើកស្ទួយ​សុខភាព​បន្ត​ពូជ​របស់​បុរស​ស្ត្រី​និង​យុវជន​នៅ​កម្ពុជា​ផងដែរ​។​
​ជាងនេះទៅទៀត ការ​ប្រារព្ធ​ពិធី​សិទ្ធិ និង​ជម្រើស​នៃ​សុខភាព​បន្ត​ពូជ​ថ្ងៃទី​១១​កក្កដា​នោះ ក៏​ជា​ឱកាស​នៃ​ការអំពាវនាវ​ដល់​ហត្ថ​លេ​ខី នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន និង​ការអភិវឌ្ឍ ដែលមាន​ទាំង​កម្ពុជា​ផងដែរ ត្រូវ​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ឲ្យ​បាន​ពេញលេញ​នៅ​ឆ្នាំ​២០៣០​។​
 
​នៅក្នុង​កម្មវិធី​រសៀល​ថ្ងៃទី​១១​ខែកក្កដា​នេះ នឹងមាន​ការតាំង​ពិ​ពណ៌​រូបថត ការសំដែង​របាំ​បុរាណ និង​សកម្មភាព​នានា​ជាច្រើន ដើម្បី​បង្ហាញ​ពី​បេសកកម្ម​របស់ UNFPA នៅ​កម្ពុជា​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងទៅនេះ​៕



Tag:
 UNFPA
  ICPD
  WPD
© រក្សាសិទ្ធិដោយ thmeythmey.com