ជាតិ
ឧបករណ៍នេសាទ៖ មងអន្លង់ទឹកជ្រៅ ប្រជានេសាទក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី នៅតាមបណ្តោយដងទន្លេស្រែពក ឈរថតជាមួយមងសម្រាប់ដាក់ក្នុងអន្លង់ទឹកជ្រៅៗរបស់ពួកគាត់។ រូបភាព៖ ឈុត ឈាណា
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំឧបករណ៍នេសាទ ជាលក្ខណៈគ្រួសារមួយប្រភេទ ដែលប្រជាជនខ្មែរបានប្រើប្រាស់ជាយូរណាស់មកហើយ។ ជាពិសេស អ្នករស់នៅតាមដងទន្លេសេកុង សេសាន ស្រែពក និងទន្លេមេគង្គលើក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី ដែលមានតំបន់អន្លង់ទឹកជ្រៅ។
មងមានច្រើនប្រភេទខុសៗគ្នា ដូចជា៖ មងកាំង-មងរាយ មងអន្លង់ មងរាយស្រែ មងត្រីអណ្តាតឆ្កែ មងត្រីរៀល មងបណ្តែត មងត្រីព្រួល មងត្រីចង្វា មងហ៊ុំ-មងក្រឡុក មងអូសដៃ។ល។ មងទាំងអស់ត្រូវបានគេផលិតពីសរសៃនីឡុង។ សរសៃអំបោះនីឡុង ត្រូវបានប្រើប្រាស់ជាទូទៅបំផុត។ សម្ភារៈសម្រាប់ផលិតមងទាំងអស់ មានលក់នៅលើទីផ្សារ។ ប្រជានេសាទ រៀបចំប្រមុំមង ឲ្យអាចយកទៅនេសាទត្រីបានដោយខ្លួនឯង។
មងសម្រាប់ដាក់តាមអន្លង់ទឹកជ្រៅ។ មងប្រភេទនេះ ត្រូវបានកំណត់ដោយទំហំក្រឡាធំៗ ប្រមាណ ៣៥០ មីលីម៉ែត្រ មានប្រវែងបណ្តោយ ៨០ម៉ែត្រ និងជម្រៅ ៧ម៉ែត្រ។ វាត្រូវបានចងភ្ជាប់ដោយដបជ័រ ឬដោយឬស្សីប្រវែង ៤ម៉ែត្រ បណ្តាក់គ្នាធ្វើជាកំសួលដើម្បីបណ្តែតមង។ ប្រជានេសាទ ដាក់មងប្រភេទនេះ តាមអន្លង់ទឹកជ្រៅ នៅក្នុងទន្លេសេកុង សេសាន ស្រែពក និងទន្លេមេគង្គលើ នាអំឡុងពេលទឹកនៅក្នុងទន្លេទាំងនោះស្រកចុះ ចាប់ពីខែវិច្ឆិកា ដល់ ខែឧសភា។ ក្នុងរយៈពេលនេះ ត្រីមេពូជ ដែលជាប្រភេទត្រីធ្វើចរាចរផ្លាស់ទី បានប្រមូលផ្តុំគ្នានៅទៅនោះ។ នៅដើមរដូវវស្សា ការបន្តពូជ និងពង-កូន របស់ត្រីមេពូជ បានកើតនៅតាមអន្លុងជ្រៅៗ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។
ប្រជានេសាទក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី នៅតាមបណ្តោយដងទន្លេស្រែពក ឈរថតជាមួយមងសម្រាប់ដាក់ក្នុងអន្លង់ទឹកជ្រៅៗរបស់ពួកគាត់។ រូបភាព៖ ឈុត ឈាណា
មងប្រភេទនេះ គេអាចនេសាទត្រីចម្រុះប្រភេទ ដូចជា៖ ត្រីប្រា (Pangasianondon hypophthalmus); ត្រីគល់រាំង (Catlocarpio siamensis); ត្រីក្របី (Bagarius bagarius); ត្រីសណ្តាយ (Wallago attu); ត្រីបងឡាវ (Pangasius krempfi); ត្រីគ្រុំ (Osteochilus melanopleura); ត្រីក្អែក (Labeo chrysophekadion); ត្រីប៉ាវ៉ា (Labeo pierrel); ត្រីត្រសក់ (Probarbus jullieni); ត្រីមុខពីរ (Bangana behri); ត្រីព្រួល (Cirrhinus micropeltes); ត្រីឆ្កោក (Cyclocheilos enoplos)។
ប្រភេទត្រីដូចបានរៀបរាប់ខាងលើនេះ ជាទូទៅ ពួកវាប្រើប្រាស់អន្លង់ទឹកជ្រៅសម្រាប់ជាជម្រកលាក់ខ្លួននៅរដូវប្រាំង និងជាជម្រកពង-កូនក្នុងរដូវវស្សា។ ការនេសាទត្រីប្រភេទទាំងនេះ ក្នុងកំឡុងពេលដែលពួកវាពង-កូន នោះមានន័យថា យើងកំពុងនាំគ្នាបំផ្លាញធនធានជលផលរបស់ប្រទេសយើង។
© រក្សាសិទ្ធិដោយ thmeythmey.com