ជាតិ
នយោបាយជាតិ
តុលាការ ហៅលោក សម រង្ស៊ី តាមបណ្តឹងសម្តេច ស ខេង សម្តេច ស ខេង និង លោក សម រង្ស៊ី ធ្វើសន្និសីទកាសែតរួមគ្នា នៅក្នុងវិមានរដ្ឋសភា កាលអំឡុងខែមេសា ឆ្នាំ២០១៥
× លោក សេង គីមឡាក់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅឯប្រទេសបារាំង ឲ្យចូលទៅបំភ្លឺ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ជំវិញបណ្តឹងរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលប្តឹងពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
លោកព្រះរាជអាជ្ញា បានបង្គាប់ឲ្យសមត្ថកិច្ច យកដីកាកោះហៅនេះ ទៅបិទនៅទីស្នាក់ការនៃអតីតគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ដើម្បីជូនដំណឹងដល់លោក សម រង្ស៊ី។
ការរងបណ្តឹងនេះ គឺដោយសារលោក សម រង្ស៊ី សរសេរលើហ្វេសប៊ុកថា លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ មានគម្រោងសងសឹកជូនឪពុក គឺលោក ហុក ឡុងឌី អតីតអគ្គស្នងការនគរបាលជាតិ ដែលបានបាត់បង់ជីវិត ដោយសារគេដាក់គ្រាប់បែកបំផ្ទុះក្នុងឧទ្ធម្ភាគចក្រ កាលពីឆ្នាំ២០០៨។ លោក សរសេរទៀតថា សម្តេច ស ខេង គាំទ្រគម្រោងនេះ ហើយសម្តេច ហ៊ុន សែន បានដឹង និងកំពុងរៀបចំផែនការដកសម្តេច ស ខេង ចេញពីតំណែង។
ក្រុមមេធាវីរបស់សម្តេច ស ខេង សរសេរក្នុងពាក្យបណ្តឹងថា ការចោទប្រកាន់របស់លោក សម រង្ស៊ី គឺជាការប្រឌិតព័ត៌មាន ដើម្បីញុះញង់និងបំបែកបំបាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ ក្រុមមេធាវី ទាមទារសំណង១លានដុល្លារពីលោក សម រង្ស៊ី ជូនទៅសម្តេច ស ខេង។
សម្តេច ស ខេង បង្ហោះសារទំព័រហ្វេសប៊ុកថា ការសម្រេចចិត្តដាក់ពាក្យប្តឹងនេះ គឺដើម្បីដាស់តឿនអ្នកនយោបាយខ្មែរ ឲ្យរក្សាសេចក្តីថ្លៃថ្នូរ សីលធម៌ និង គុណធម៌ ដោយចៀសវាងការលាបពណ៌គ្នា។ សម្តេច បន្តថា ការប្តឹងនេះ ក៏ដើម្បីស្វែងរកយុត្តិធម៌ឲ្យខ្លួនឯងផងដែរ។
លោក សម រង្ស៊ី តបថា បើចង់រកសេចក្តីថ្លៃថ្នូរនិងយុត្តិធម៌ សម្តេច ស ខេង គួរតែប្តឹងទៅតុលាការប្រទេសបារាំង។ លោក លើកឡើងថា តុលាការកម្ពុជា គ្មានឯករាជ្យភាពទេ ដូច្នេះ នឹងឲ្យសម្តេច ស ខេង ឈ្នះ១០០ភាគរយ៕
Tag:
តុលាការ
ស ខេង
សម រង្ស៊ី
បណ្តឹង
© រក្សាសិទ្ធិដោយ thmeythmey.com