ជាតិ
សង្គមជាតិ
ជ្រូកជិត៤០០ក្បាលនៅខេត្តកណ្តាល ងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក រូបភាព រឿងប៉េស្តជ្រូកអាហ្វ្រិក
× ភ្នំពេញ៖ ជ្រូកជិត៤០០ក្បាលទៀត ងាប់នៅឃុំក្រាំងយ៉ូ ខេត្តកណ្តាល។ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កំពុងបន្តទប់ស្កាត់ ដោយបាញ់ថ្នាំសម្លាប់មេរោគវីរុសដែលកើតលើសត្វជ្រូកនេះ។ នេះបើតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ។
មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា លោកអភិបាលស្រុក មេឃុំ មេភូមិ នៅខេត្តកណ្តាល បានចុះទៅផ្សព្វផ្សាយអំពីបញ្ហាជំងឺឆ្លងប៉េស្តអាហ្វ្រិកដល់កសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនៅតាមភូមិ និងបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោយផ្ទុះជំងឺនេះ។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានគូសបញ្ជាក់ថា មកដល់ពេលនេះ មានសត្វជ្រូកប្រមាណ៨០០ក្បាលត្រូវបានសម្លាប់ និងជាង១ពាន់ក្បាលទៀតត្រូវបានងាប់ ដោយសារឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក។
ដ្បិតមិនទាន់ហ៊ានអះអាងថា ជាបញ្ហាធ្ងន់ធ្ងរក្តី ប៉ុន្តែលោក តាន់ ផាន់ណារ៉ា បាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែត ជុំវិញជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី១១ កក្កដាថា ករណីផ្ទុះជំងឺប៉េស្តជ្រូកនេះ មិនមែនជារឿងធូរស្រាលសម្រាប់កម្ពុជានោះទេ។
សូមបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០១៩ កម្ពុជាបានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅខេត្តរតនគិរី ដែលបណ្តាលឲ្យជ្រូកងាប់ជាង៤០០ក្បាល។ កាលពីថ្ងៃទី០២ ខែកក្កដា ខេត្តត្បូងឃ្មុំ ក៏មានករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបណ្តាលឲ្យជ្រូកងាប់ចំនួន៣៣៧ក្បាល។ ចំណែកខេត្តស្វាយរៀងមានជ្រូកងាប់ចំនួន២០ក្បាល ហើយខេត្តតាកែវមានជ្រូកងាប់ចំនួន២៧ក្បាល ដោយសារឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ៕
Tag:
ជំងឺប៉េស្តជ្រូកអាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com