អន្តរជាតិ
ឥណ្ឌូណេស៊ី គ្រោងសង់ស្ពានប្រវែង៧គីឡូម៉ែត្រ ភ្ជាប់កោះពីរនៅក្បែរសិង្ហបុរី ទិដ្ឋភាពពីលើអាកាស បង្ហាញពីចំណតនាវា ក្នុងកោះ Batam ឥណ្ឌូណេស៊ី (Reuters)
× ឥណ្ឌូណេស៊ី មានផែនការសាងសង់ស្ពានឆ្លងសមុទ្ទដ៏វែងបំផុតរបស់ខ្លួន ដែលមានប្រវែង ៧ គីឡូម៉ែត្រ ដើម្បីភ្ជាប់កោះសំខាន់ពីរក្នុងច្រកសមុទ្រ ម៉ាឡាកា (Malacca Strait) នៅក្បែរប្រទេសសិង្ហបុរី។ គម្រោងហេដ្ឋារចនាសម្ព័ន្ធមហិច្ឆតានេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងអភិវឌ្ឍវិស័យឧស្សាហកម្ម និងទេសចរណ៍ក្នុងតំបន់នោះ ខណៈលោកប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ត្រៀមចូលកាន់តំណែងក្នុងអាណត្តិទីពីរ។
ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា លេខាធិការដ្ឋាននៃគណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ី បានបញ្ជាក់ឲ្យដឹងថា ស្ពានប្រវែង ៧គីឡូម៉ែត្រ ដែលភ្ជាប់កោះ បាតាម (Batam) និងប៊ីនតាន (Bintan) នឹងត្រូវចំណាយថវិកាអស់ប្រមាណ ២៨៤លានដុល្លារ ហើយការសាងសង់ អាចប្រើប្រាស់ពេលវេលាចាប់ពី ៣ឆ្នាំទៅ ៤ឆ្នាំ។
លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលទើបតែឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទីពីរ ត្រៀមចំណាយលុយជាង ៤០០ពាន់លានដុល្លារ ដើម្បីជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋាភិបាលក្រុងហ្សាការតា ចង់ប្រែក្លាយកោះ បាតាម (Batam) ឲ្យទៅជាមជ្ឍមណ្ឌលឧស្សាហកម្ម និងដឹកជញ្ជូនសម្រាប់ប្រទេសសិង្ហបុរី ជាមួយសក្កានុពលទាញការវិនិយោគថ្មីក្នុងទំហំទឹកប្រាក់ ៦០ពាន់លានដុល្លារ។
យោងតាមសេចក្តីថ្លែងការណ៍ដដែលនេះ ក្រសួងសាធារណការឥណ្ឌូណេស៊ី កំពុងចាប់ផ្តើមសិក្សាលើគម្រោងនេះ និងគិតគូរពីរូបរាងរបស់ស្ពាននេះ ហើយមានបំណងបញ្ចប់កិច្ចការទាំងនេះ ត្រឹមដំណាច់ឆ្នាំ២០១៩ នេះ ។ ការសាងសង់ស្ពាននេះ គ្រោងចាប់ផ្តើមនាឆ្នាំ ២០២០។
តាម Reuters ប្រធានគម្រោងអភិវឌ្ឍន៍កោះ Batam លោក Edy Putra Irawady លើកឡើងថា ឥណ្ឌូណេស៊ី កំពុងអភិវឌ្ឍតំបន់ក្នុងកោះ Batam ដើម្បីឆក់យកឱកាសនានា ដែលអាចកើតមានឡើងពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
ជាមួយគ្នានេះដែរ ស្ពានដ៏វែងនេះ ក៏មានគោលដៅទាញផលប្រយោជន៍លើការពង្រីកអាកាសយានដ្ឋាន Changi របស់ប្រទេសជិតខាង សិង្ហបុរីផងដែរ ជាមួយការអភិវឌ្ឍស្ថានីយទីប្រាំរបស់ខ្លួន ដែលនឹងមានបណ្តាញដឹកជញ្ជូនទៅកាន់កោះ Bintan ។
សូមបញ្ជាក់ថា គោលដៅចម្បងនៃការស្ថាបនាស្ពានប្រវែង ៧គីឡូម៉ែត្រនេះ ឥណ្ឌូណេស៊ី ចង់កាត់បន្ថយការចំណាយលើសេវាដឹកជញ្ជូន ពង្រឹងការតភ្ជាប់ និងផ្តល់សន្ទុះដល់វិស័យទេសចរណ៍ក្នុងតំបន់៕
Tag:
ឥណ្ឌូណេស៊ី
សិង្ហបុរី
ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com