ជាតិ
លុតជង្គង់​សុំទោស​ជីដូន ក្រោយ​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ឆក់​ទូរ​សព្ទ​ដៃ ប៉ុន្តែ​ហួសពេល​ហើយ​!
13, Jul 2019 , 10:18 am        
រូបភាព
ដោយ: ថ្មីៗ
​ជនសង្ស័យ​២​នាក់ ត្រូវបាន​បញ្ជូនទៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃទី​១២ ខែកក្កដា ពោលគឺ​រយៈពេល​៤​ថ្ងៃ ក្រោយពី​ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​នារី​ម្នាក់​នៅតាម​ផ្លូវ​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រៀបរាប់​សំណុំ​រឿងនេះ នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដែល​ក្នុងនោះ មាន​រូបថត​មួយ​សន្លឹក​ដែល​ជនសង្ស័យ​ម្នាក់​លុតជង្គង់​សុំទោស​ជីដូន​របស់ខ្លួន​។​

 
​ជនសង្ស័យ​២​នាក់ ដែល​ម្នាក់​អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សន្តិសុខ និង​ម្នាក់ទៀត​អាយុ​១៩​ឆ្នាំ ដែលមាន​មុខរបរ​មិន​ពិតប្រាកដ បានធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​នារី​ម្នាក់ កាលពី​ថ្ងៃទី​៨ ខែកក្កដា នៅពេលដែល​ជនរងគ្រោះ ឈប់​ម៉ូតូ ហើយ​ទទួល​ការហៅ​ចូល​ទូរ​សព្ទ​ពី​ស្វាមី​ខ្លួន​។​
 
​កងរាជអាវុធហត្ថ​បាន​រៀបរាប់ថា ភ្លាមៗ​នោះ ជនសង្ស័យ​ទាំងពីរ​រូប​ដែល​ជិះ​ម៉ូតូ​តាម​ពីក្រោយ បានធ្វើ​សកម្មភាព​ឆក់ ប៉ុន្តែ​ក្រោយមក​ត្រូវ​រាជ​អាវុធហត្ថ​ខណ្ឌដង្កោ ប្រដេញ​តាម ហើយ​ចាប់ខ្លួនបាន​ទាំងពីរ​នាក់​។​


 
​ជនសង្ស័យ​ទាំងពីរ​ត្រូវបាន​បញ្ជូនទៅ​ពន្ធនាគារ ហើយ​អ្វីដែល​សោកសៅ​បំផុត​នោះ ជនសង្ស័យ​ម្នាក់​ដែល​ខោអាវ​ប្រឡាក់​ទៅដោយ​ឈាម បាន​លុតជង្គង់​សុំទោស​ជីដូន​របស់ខ្លួន​។ ជីដូន​ទ្រហោយំ ហើយ​បានត្រឹមតែ​សោកស្តាយ​ប៉ុណ្ណោះ ខណៈ​ចៅប្រុស​មិនអាច​រួច​ផុតពី​សំណាញ់​ច្បាប់​បាន​នោះឡើយ​។ បើតាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ដែលមាន​មុខមាត់​ស្អាតបាត​រូបនោះ មាន​ជីដូន​អាណាព្យាបាល ដោយសារ​ឪពុកម្តាយ​បានទទួល​មរណភាព​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com