ជាតិ
សេដ្ឋកិច្ច
យុវជនមួយក្រុមបង្កើតកម្មវិធីទូរសព្ទដៃ សម្រាប់អ្នកចង់ស្វែងរកផ្ទះជួលតាមអនឡាញ
× ភ្នំពេញ៖ យុវជនកម្ពុជាមួយក្រុម បានរួមគ្នាបង្កើតកម្មវិធីទូរសព្ទដៃមួយដែលមានឈ្មោះថា «Rentech» ដើម្បីជួយសម្រួលដល់អ្នករកផ្ទះជួល នៅក្នុងរាជធានីភ្នំពេញ។ ម៉ូឌែលអាជីវកម្មមួយនេះ ត្រូវបានដាក់ចូលក្នុងការប្រកួតប្រជែងរបស់ SmartStart Young Innovator Program ផងដែរ។
យុវជន ចេង សេងហាក់ ដែលជាសហស្ថាបនិកអាជីវកម្មមួយនេះ បាននិយាយថា ក្រុមរបស់លោកសម្រេចចិត្តបង្កើតកម្មវិធី «Rentech»នេះ ដោយសារឃើញពីភាពលំបាករបស់សិស្ស និស្សិត ដែលឡើងមករៀននៅភ្នំពេញ ហើយពិបាករកផ្ទះជួល ឬបន្ទប់ជួល។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់កិច្ចសម្ភាសរវាងលោក ភួង វ៉ាន់ថា អ្នកសារព័ត៌មានថ្មីៗ និងលោក ចេង សេងហាក់ សហស្ថាបនិកកម្មវិធីជួលផ្ទះតាមអនឡាញ Rentech ដូចតទៅនេះ៖
សេងហាក់ បានបន្ថែមថា កម្មវិធី«Rentech»មានមុខងារជាច្រើន ដូចជាផ្តល់ព័ត៌មានសំខាន់ៗអំពីផ្ទះ ឬបន្ទប់ជួល (តម្លៃ, និងទីតាំង) ។ លើសពីនេះអ្នកជួលអាចកក់ និងបង់ប្រាក់ជួលផ្ទះ និងផ្ញើសារទៅកាន់គ្នាបានថែមទៀតផង។ កម្មវិធីនេះក៏ទទួលបានជ័យលាភី នៅក្នុងចំណោម៥ក្រុមចុងក្រោយ នៃកម្មវិធី SmartStart Young Innovator Program ក្រោយគណៈកម្មការ យល់ឃើញថា គម្រោងអាជីវកម្មមួយនេះ គឺជាផ្នែកមួយ ដែលជួយដោះស្រាយបញ្ហានៅក្នុងសង្គម។
យុវជនរូបនេះបានបញ្ជាក់ថា កម្មវិធីនេះនឹងដាក់ឲ្យប្រើប្រាស់ជាលើកដំបូង នៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ ក្រុម Rentech មានសមាជិក៤ នាក់ រួមមានយុវជន ចេង សេងហាក់, រី សីហរដ្ឋ, សាត់ ប៊ុណ្ណារិទ្ធ និង យុវតី អ៊ូ វង្សវិទូ។
ជាមួយគ្នានេះ យុវជន សេងហាក់ បានលើកទឹកចិត្តយុវជនកម្ពុជា ឲ្យធ្វើអ្វីតាមបំណងប្រាថ្នាខ្លួន ហើយកុំបោះបង់ក្តីស្រមៃរបស់ខ្លួន ។ ជាពិសេសត្រូវចេះចាប់យកឱកាស និងត្រូវបង្ហាញពីសម្ថតភាពរបស់ខ្លួន តាមរយៈការប្រកួតប្រជែងក្នុងកម្មវិធីនានា៕
© រក្សាសិទ្ធិដោយ thmeythmey.com