ជាតិ
សិល្បះ
លោក ឯល ប៊ុន​ណា ទទួលបាន​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​៣០​បទ​ជា​ផ្លូវការ​
13, Jul 2019 , 3:04 pm        
រូបភាព
​ភ្នំពេញ​៖ លោក ឯល ប៊ុន​ណា ដែល​អ្នកនិពន្ធ និង​ជា​តន្ត្រីករ​ឯកទេស​ឧ​បរ​ណ៍​ផ្លុំ បានទទួល​សិទ្ធិ​ពេញលេញ​ក្នុងការ​គ្រប់គ្រង​បទ​ចម្រៀង​៣០​បទ ជា​ផ្លូវការ​ហើយ​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី​១១​ខែកក្កដា ឆ្នាំ​២០១៩​។


 
​បទ​ចម្រៀង​ទាំង​៣០​បទ ដែល​លោក ឯល ប៊ុន​ណា ទទួល​សិទ្ធិ​គ្រប់គ្រង​នោះ មាន​២៨​បទ ជាការ​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង ដោយ​លោក​ផ្ទាល់​។ ចំណែក​ចម្រៀង​២​បទ​ទៀត គឺ​បទ «​ម្លប់​ពោធិ៍​បាក់​ខែង​» គឺជា​សហកម្មសិទ្ធិ​អ្នកនិពន្ធ ឬ​សហ​អ្នកនិពន្ធ ដោយ​និពន្ធ​បទ​ភ្លេង​ដោយ​លោក ឯល ប៊ុន​ណា ចំណែក​ទំនុកច្រៀង​ដោយ លោក ថាច់ ប៊ុន​រឿន ហើយ​បទ​«​ចម្រៀង​ស្នេហា​» គឺជា​សហកម្មសិទ្ធិ​អ្នកនិពន្ធ ឬ​សហ​អ្នកនិពន្ធ ដែល​និពន្ធ​បទ​ភ្លេង​ដោយ​លោក ឯល ប៊ុន​ណា និង​ទំនុកច្រៀង​ដោយ​លោក អ៊ុំ ដ​រ៉ា​។ ចម្រៀង​ទាំង​២​បទ​នេះ បាន​ផ្ទេរសិទ្ធិ​ជូន​លោក ឯល ប៊ុន​ណា ជា​តំណាង​។​
 
​ស្ថិតក្នុង​វ័យ​៦៩​ឆ្នាំនេះ លោក ឯល ប៊ុន​ណា បានទទួល​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​៣០​បទ មានដូចជា​«​អូន​កូនលោក​ណា​» «​ណា​រី​នឹមនួន​» «​ផ្កា​អើយ​ផ្កា​» ដែល​ច្រៀង​ដោយ​លោក ស៊ីន ស៊ី​សាមុត​។ បទ​«​កុំ​នឹក​អូន​អី​» ច្រៀង​ដោយ​អ្នកស្រី រស់ សេរី​សុទ្ធា​។ បទ​«​ស្រណោះ​ភ្លៀង​» ច្រៀង​ដោយ​លោក អ៊ឹង ណា​រី​។ បទ​«​ច្រឡំ​ហើយ​បង​» ច្រៀង​ដោយ​អ្នកស្រី ប៉ែន រ៉​ន ជាដើម​។​
 
​ក្នុងករណី​មានការ​ប្ដឹង​ជំទាស់ ដោយមាន​ភស្តុតាង​ផ្ទុយ ពី​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នឹង​ពិនិត្យ​ដោយ​សម្របសម្រួល លើ​ការគ្រប់គ្រង​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​ទាំង​៣០​បទ​ឡើងវិញ​។​
 
​សូមបញ្ជាក់ថា មកទល់នឹង​ពេលនេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានប្រគល់​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង មិនមាន​អ្នកទទួល​មរតក ឬ​មិនមាន​មរតកសាសន៍ ជូន​ដល់​ទាយាទ​អ្នកនិពន្ធ និង​អ្នកនិពន្ធ​ជំនាន់​ដើម បាន​ចំនួន ២០៣​បទ រួចមកហើយ​។ ក្រសួង​វប្បធម៌ ក៏បាន​សំណូមពរ​ដល់​បណ្ដា​ទាយាទ​ដទៃទៀត ដែល​មានបំណង​ស្នើសុំ​គ្រប់គ្រង​សិទ្ធិ បទ​ចម្រៀង​មិនមាន​អ្នកទទួល​មរតក ឬ​មិនមាន​មរតកសាសន៍ បន្ត​ខិតខំ​ស្វែងរក​ភស្ដុតាង និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ស្នើសុំ​សិទ្ធិ​គ្រប់គ្រង ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៕





Tag:
 ឯល ប៊ុន​ណា​
  កម្មសិទ្ធិបញ្ញា​
  ចម្រៀង​
  តន្ត្រី​
  សិល្បៈ​
 ​ក្រសួង​វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com