ជាតិ
គម្រោង​រី​ស៊​ត​ផ្កាឈូករ័ត្ន​នៅ​កំពត​ក្នុង​ទំហំ​ទឹកប្រាក់​៤​លាន​ដុល្លារ ផ្តើម​ដំណើរ​ការសាងសង់​
14, Jul 2019 , 4:23 pm        
រូបភាព
​រី​ស៊​ត​ផ្កាឈូករ័ត្ន (Sunflowers Resort) ដែលជា​គម្រោង​របស់​កំ​ពត​ឋានសួគ៌ (Kompot Paradise Residences and Resort) ដែលមាន​ទីតាំងនៅ​ភូមិ​អង្គ ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត ត្រូវបាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​បុកគ្រឹះ កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​។​

 
​រី​ស៊​ត​ផ្កាឈូករ័ត្ន នឹងមាន​ផ្ទះ​បណ្ដែត​ទឹក សណ្ឋាគារ​លំដាប់​ផ្កាយ​៤ និង​សួន​បឹង​ហ្គា​ឡូ​ជាង​៣០០​កន្លែង​។ លោក នួន អក អគ្គនាយក រី​ស៊​ត​ផ្កាឈូករ័ត្ន បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា គម្រោង​នៃ​ការសាងសង់​រី​ស៊​ត​នេះ ចំណាយ​ទំហំ​ទឹកប្រាក់​ប្រមាណ​៤​លាន​ដុល្លារ​អាមេរិក​។ 
 
​មូលហេតុ​ចម្បង​ទាក់ទង​នឹង​ការជ្រើសរើស​ទីតាំង​រី​ស៊​ត​នេះ ត្រូវបាន​លោក នួន អក ពន្យល់ថា «​គឺ​ដើម្បី​បំពេញតម្រូវការ​នៃ​កន្លែង​សម្រាក​លំហែកាយ​របស់​ភ្ញៀវទេសចរ ហើយ​លក្ខណៈពិសេស​នោះ តំបន់​រី​ស៊​ត មាន​ដៃសមុទ្រ​ខ្វាត់ខ្វែង​ដ៏​ទាក់ទាញ​»​។  ក្រុមហ៊ុន​នឹង​សាងសង់ រី​ស៊​ត​ជាង​២០​កន្លែង ក្នុង​ទីតាំង​លើដី​ជាច្រើន​ហិកតា​នេះ ហើយ​រយៈពេល​២​ឆ្នាំ​នឹង​សាងសង់​ឲ្យ​បាន​៥​កន្លែង​។​
 
​គម្រោង​រី​ស៊​ត​ខាងលើនេះ នឹង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សហគមន៍ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​។ លោក នួន អក បាន​សង្កត់ធ្ងន់ថា​៖ «​ពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​ជា​ប្រភព​នៃ​ការផ្គត់ផ្គង់​គ្រឿង​សមុទ្រ និង​បន្លែ​ដល់​រី​ស៊​ត ថែមទាំង​ចូលរួម​បម្រើ​ការងារ​ក្នុង​ទីតាំង​នេះ​ជាច្រើន ដោយ​គ្រាន់តែ​សួន​ក្នុង​រី​ស៊​ត​មាន​ជាង​១០​ហិកតា​ត្រូវការ​មនុស្ស​រាប់រយ​នាក់​ថែរក្សា​»​។ 


 
​ទន្ទឹមនឹងនេះ លោក ស៊ឹម សុខ​ជា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម ខេត្តកំពត បានបញ្ជាក់​ពី​ស្ថានភាព​ការអភិវឌ្ឍ​ក្នុង​ខេត្ត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​សាងសង់​ជាច្រើន ហើយ​ដីធ្លី​កំពុង​ឡើងថ្លៃ​ដូចគ្នា​។ លោក សុខ​ជា បាន​អះអាងថា «​គម្រោង​រី​ស៊​ត​ផ្កាឈូករ័ត្ន​នេះ មាន​លិខិតអនុញ្ញាត​សម្រាប់​សាងសង់​ត្រឹមត្រូវ ដែល​បានអនុញ្ញាត​ពី​ខាង​រដ្ឋបាល​ក្រុង​។​» 
 
​រី​ស៊​ត​ផ្កាឈូករ័ត្ន ផ្តោត​យ៉ាងសំខាន់​ទៅលើ អេកូ​អ​ទេសចរណ៍ធម្មជាតិ​ដែល​ស្ថិតនៅលើ​កោះ​មួយ​ដែលមាន​ទំហំ​ជិត​៥​ហិកតា មាន​ព្រែក​ធម្មជាតិ​ដៃសមុទ្រ​ខ្វាត់ខ្វែង មាន​ដំណាក់​លំហែ​ឧទ្យាន​ទឹក ឧទ្យាន​ព្រែក​ចាក​រី​សត​ភូមិ​ខ្មែរ​ផ្សារ​ក្ដាម សួន​ហាត់ប្រាណ និង​សួន​បឹង​ហ្គា​ឡូ​ជាច្រើន​។ 
 
​ភ្ញៀ​ទេសចរ អាច​ជិះទូក​លេង​តាម​ដៃសមុទ្រ សម្រាក​នៅ​សណ្ឋាគារ​ផ្កាយ​៤​និង​ផ្ទះ​បណ្តែត​ទឹក បោះតង់​សម្រាក់ ទស្សនា​សួនផ្កា និង​បរិភោគ​គ្រឿង​សមុទ្រ​។ លើសពីនេះ ភ្ញៀ​ទេសចរ អាច​ធ្ចើ​ដំណើរ​ទៅ​ទស្សនា​រី​ស៊​ត​តាមរយៈ​ការ​ជិះទូក​ក៏បាន​៕ 








 

Tag:
 ខេត្ត​កំ​ពត់​
  រី​ស៊​ត​ផ្កាឈូករ័ត្ន​
  ក្រុ​ពាលី​បុកគ្រឹះ
© រក្សាសិទ្ធិដោយ thmeythmey.com