កីឡាអន្តរជាតិ
អន្តរជាតិ
​អាយុ​៨១​ឆ្នាំ លោក Gailleton រត់​បាន​ចម្ងាយ​១៧៧​គីឡូម៉ែត្រ​ក្នុង​រយៈពេល​៤០​ម៉ោង​៣៦​នាទី​
14, Jul 2019 , 10:39 pm        
រូបភាព
Gérard Gailleton ពេលរត់ទៅដល់គោលដៅ។​រូបថត Le Telegramme
Gérard Gailleton ពេលរត់ទៅដល់គោលដៅ។​រូបថត Le Telegramme
ដោយ: ធីតា
​លោកតា Gerard Gailleton អាយុ​៨១​ឆ្នាំ មកពី​តំបន់ Villefranche-sur-Saône ប្រទេស​បារាំង បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ Ultra Marin ដែល​ប្រព្រឹត្តទៅ​នៅ​តំបន់ Bretagne កន្លងមក​។ ទោះបី​មាន​វ័យ​ចំណាស់​ក៏ដោយ គាត់​បាន​ទៅដល់​គោលដៅ លើ​ចម្ងាយ​ផ្លូវ​១៧៧​គីឡូម៉ែត្រ ដោយ​ប្រើ​ថិរវេលា​៤០​ម៉ោង និង​៣៦​នាទី​។

 
​បន្ទាប់ពី​ចូលនិវត្តន៍ លោកតា Gailleton បានចាប់ផ្តើម​ដើរ​ហាត់ប្រាណ​ក្នុង​អាយុ​៦៩​ឆ្នាំ​។ ក្រោយមកទៀត គាត់​កាន់តែ​ដើរ​បាន​លើ​ចម្ងាយ​ឆ្ងាយ ហើយ​ថែមទាំង​ហ៊ាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Utra Trail ដែលមាន​រយៈ​ចម្ងាយ​លើស​ម៉ារ៉ាតុន​ដល់​ទៅ​៤​ដង​។​
 
​ក្នុងចំណោម​អ្នកចូលរួម​គ្រប់​វ័យ​ប្រមាណ​១២០០​នាក់ មាន​ជិត​៥០​ភាគរយ បាន​បោះបង់ចោល​គោលដៅ​របស់ខ្លួន ដោយ​កម្មវិធី​តម្រូវ​ឲ្យ​រត់​យ៉ាងហោចណាស់​៤២​ម៉ោង​ជា​អតិបរិមា ប៉ុន្តែ​ទាំងនេះ មិនមែនជា​បញ្ហា​របស់​លោកតា Gailleton នោះឡើយ​។​

 
 
​យោងតាម Le Parisien លោក Gailleton ធ្លាប់​បានការ​នៅ​រោងចក្រ និង​ធ្លាប់​បើករថយន្ត​សាលា​។ គាត់​បាន​បញ្ជាក់ថា​៖ «​ដើមឡើយ ខ្ញុំ​មិនដែល​ហាត់​កីឡា​នោះឡើយ ពីព្រោះ​ខ្ញុំ​មិនមាន​ពេល​គ្រប់គ្រាន់ ដោយ​ធ្វើការ​ពី​១០ ទៅ​១២​ម៉ោង​ជា​រៀងរាល់ថ្ងៃ រួមទាំង​ចុង​សប្តាហ៍​»​។​
 
​មុន​ទៅដល់​គោលដៅ លោកតា Gailleton បាន​អះអាងថា គាត់​ដើរ​ភាគច្រើន ប៉ុន្តែ​មិនបាន​សម្រាក​គេង​នោះឡើយ ព្រោះ​បើ​គេង​មិន​គ្រប់គ្រាន់​ដដែល ច្បាស់​ជា​អស់កម្លាំង​ខ្លាំង​។​
 
​ក្រៅពី​ចូលរួម​រត់ប្រណាំង​ផ្សេងៗ​នៅ​តំបន់​ដែល​ខ្លួន​រស់នៅ បុរស​វ័យ​៨១​ឆ្នាំ​រូបនេះ ក៏​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​នៅ​ហ្ស៊​ក​ដង់ ចិន និង​កោះ Guadaloupe ផងដែរ​។ លោក​បាន​បញ្ជាក់ថា នៅ​មុនពេល​ចូលនិវត្តន៍ គាត់​មិនដែល​បានធ្វើ​ដំណើរ​ទៅ​បរទេស​នោះឡើយ​៕
 

Tag:
 Utra Trail
© រក្សាសិទ្ធិដោយ thmeythmey.com