អន្តរជាតិ
ពេល​ការអត់ឃ្លាន​មាន​លំនឹង ចំនួន​មនុស្ស​ធាត់​ហួសហេតុ​កើនឡើង​
16, Jul 2019 , 7:59 pm        
រូបភាព
លោក José Graziano da Silva អគ្គនាយក​អង្គការ​កសិកម្ម និង​ស្បឿង​អាហារ
លោក José Graziano da Silva អគ្គនាយក​អង្គការ​កសិកម្ម និង​ស្បឿង​អាហារ
ដោយ: VOA
​អង្គការសហប្រជាជាតិ​និយាយថា មនុស្ស​ជាង​៨២០​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​កំពុង​ស្រេកឃ្លាន ខណៈពេល​មនុស្ស​ធាត់​ហួសហេតុ​កំពុង​ឈានដល់​កម្រិត​ខ្ពស់បំផុត​។ របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ទីភ្នាក់ងារ​អ​.​ស​.​ប​.​ចំនួន​៥​ធ្វើការ​លើ​ផ្នែក​ម្ហូបអាហារ អាហារូបត្ថម្ភ និង​សុខភាព បាន​និយាយថា ខណៈពេល​កម្រិត​នៃ​ភាពអត់ឃ្លាន​ភាគច្រើន​មាន​លំនឹង មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ព្រួយបារម្ភ​ដោយ​មិនដឹងថា គ្រួសារ​របស់​ពួកគេ​មាន​អាហារ​ទៀត​ឬ​យ៉ាងណា​។​

 
​ពេលចេញ​របាយការណ៍​នេះ លោក José Graziano da Silva អគ្គនាយក​អង្គការ​កសិកម្ម និង​ស្បឿ​ង​អាហារ​និយាយថា «​មនុស្ស​មាន​អារម្មណ៍​ថា ពួកគេ​គ្មាន​សុវត្ថិភាព​អាហារ​ពីព្រោះ​ពួកគេ​នៅក្នុង​តំបន់​ដែលមាន​ជម្លោះ មិនមាន​សុវត្ថិភាព​ដោយសារតែ​ពួកគេ​នៅក្នុង​ប្រទេស​មាន​អត្រា​អតិផរណា​ខ្ពស់​មិនមាន​សុវត្ថិភាព ពីព្រោះ​ពួកគេ​ទទួលបាន​ប្រាក់ខែ​ទាប​បំផុត​ដែល​ពួកគេ​មិនមាន​លុយ​ទិញ​ម្ហូបអាហារ​។ តួលេខ​នេះ​ជា​ចំនួន​ធំ​មួយ ហើយ​យើង​មានការ​ភ្ញាក់ផ្អើល​នៅពេល​យើង​រកឃើញ​តួលេខ​នេះ​»​។​
 
​របាយការណ៍​នេះ​កត់សម្គាល់ថា អត្រា​អត់ឃ្លាន​ខ្ពស់បំផុត​គឺ​នៅក្នុង​ទ្វីបអាហ្វ្រិក​ហើយ​កំពុងតែ​រីក​រាលដាល​យ៉ាងខ្លាំង​នៅ​ស្ទើរ​គ្រប់ផ្នែក​ទាំងអស់​។ ការធ្លាក់ចុះ​សេដ្ឋកិច្ច​បាន​នាំ​ឲ្យ​មនុស្ស​ជាង​២៥៦​លាន​នាក់​ជួប​អសន្តិសុខ​ស្បៀង​។ នៅ​ទ្វីបអាស៊ី មនុស្ស​ជាង​៥០០​លាន​នាក់​កង្វះ​អាហារូបត្ថម្ភ​។​
 
​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ភ្នាក់ងារ​អ​.​ស​.​ប​.​ប្រមូល​ទិន្នន័យ​ពី​អត្រា​មនុស្ស​ធាត់​ហួសហេតុ​ក្នុង​ពិភពលោក​ដែលមាន​ការកើនឡើង​ខ្ពស់​។ លោក Graziano da Silva បាន​និយាយថា មាន​មនុស្ស​ធាត់​ហួសហេតុ​ប្រហែល​៨៣០​លាន​នាក់​នៅក្នុង​ពិភពលោក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com