ជាតិ
ឥទ្ធិពលព្យុះទី៥ «ដាណាស់» នឹងធ្វើឲ្យតំបន់មួយចំនួនធ្លាក់ភ្លៀងពីតិចទៅច្រើន ពីថ្ងៃទី១៦-២២ កក្កដា
16, Jul 2019 , 11:30 am        
រូបភាព
ដោយ៖ សុវណ្ណ ស្រីពេជ្រ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី១៦-២២ កក្តដានេះ កម្ពុជានឹងទទួលរងនូវឥទ្ធិពលពីព្យុះទី៥ ឈ្មោះ «ដាណាស់» ដែលធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ពីតិចទៅច្រើន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលចេញផ្សាយនាថ្ងៃទី១៦ កក្កដានេះ។


បើតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងទទួលរងនូវឥទ្ធិពលខ្យល់មូសុងនិរតី ដែលកំពុងបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រ គួបផ្សំនឹងវិសម្ពាធមួយ ស្ថិតក្នុងសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច។ ស្ថានភាពបែបនេះ នឹងបំប្លែងខ្លួនទៅជាព្យុះទី ៥ ឈ្មោះ «ដាណាស់»( Danas) ដែលឆ្ពោះទៅប្រទេសចិនខាងកើត ដោយកម្ពុជាបានត្រឹមទទួលរងឥទ្ធិពលប៉ុណ្ណោះ។

ក្រសួងធនធានទឹក បញ្ជាក់ថា បណ្ដាខេត្តមួយចំនួននៅមាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ហើយខ្យល់ខ្លាំងបង្កើតជារលកធំៗ និងខ្ពស់ៗ។ ចំណែកឯ បណ្ដាខេត្ត និងរាជធានីភាគខាងត្បូង កណ្ដាល និងខាងកើតជាប់វៀតណាម អាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ឬអាចភ្លៀងខ្លាំងដោយកន្លែង។

សេចក្ដីជូនដំណឹងខាងលើ បន្ថែមទៀតថា តាមបណ្ដាខេត្តនាភាគពាយ័ព្យ និងខ្ពង់រាប នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ហើយអាចភ្លៀងខ្លាំងដោយកន្លែងផងដែរ។ ចំពោះឥទ្ធិពលព្យុះទី៥នេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសប្រជានេសាទ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលកម្សាន្តតាមតំបន់ឆ្នេរ និងកោះ៕
 

Tag:
 អាកាសធាតុ
  ព្យុះ
  ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com