អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្ម​ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា​ជុំវិញ​ការសម្លាប់​រង្គាល​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​
17, Jul 2019 , 2:39 pm        
រូបភាព
អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ។ រូបថត AFP
អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ។ រូបថត AFP
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៦ ខែកក្កដា បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្បាលម៉ាស៊ីន​ដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ជុំវិញ​ការសម្លាប់​រង្គាល​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ ទណ្ឌ​កម្មនេះ នឹងមិន​អនុញ្ញាត​ឲ្យ​ប្រមុខ​មេទ័ព​មី​យ៉ាន់​ម៉ា និង​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​មួយចំនួន​ជាន់​ទឹកដី​អាមេរិក​ឡើយ​។ ក្រុង​វ៉ាស៊ីនតោន ក៏​ទាមទារ​ឲ្យ​កងទ័ព​មី​យ៉ាន់​ម៉ា​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​ហិង្សា​របស់ខ្លួន​នៅ Rakhine ដែល​បង្កើតជា​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​មួយ​នោះ​។​

 
​ជាការ​ឆ្លើយតប​នឹង​ការ​បោសសម្អាត​ពូជសាសន៍​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ពី​សំណាក់​យោធា​មី​យ៉ាន់​ម៉ា ក្រសួងការបរទេស​អា​មេ​រិ​ក បានសម្រេច​ចិត្ត​ហាមឃាត់​អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង ចូល​ទឹកដី​អាមេរិក​។ ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​បី​រូប​ទៀត​ក្នុង​ជួរ​យោធា​មី​យ៉ាន់​ម៉ា និង​ក្រុមគ្រួសារ​របស់​ពួកគេ ក៏ត្រូវ​ជាប់​ឈ្មោះ​បញ្ជី​ហាមឃាត់​នេះដែរ​។ នេះ​ជា​ចំណាត់ការ​ខ្លាំង​បំផុត​មួយ​របស់​អាមេរិក​ក្នុង​ការដាក់​សម្ពាធ​លើ​យោធា​មី​យ៉ាន់​ម៉ា​ឲ្យ​ទទួលខុសត្រូវ​លើ​ទង្វើ​ហិង្សា​របស់​ពួកគេ​។​
 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយ​ក្នុង​សេចក្ដីប្រកាស​ដាក់ទណ្ឌកម្ម​នេះ ថា អាមេរិក​នៅតែ​បារម្ភ​នៅពេលដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​មិនទាន់មាន​ចំណាត់ការ​លើ​អ្នក​ដែល​បំពាន​សិទ្ធិមនុស្ស ស្របពេល​ដែលមាន​សេចក្ដីរាយការណ៍​ជាច្រើន​ពី​ការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បង្កដោយ​យោធា​មី​យ៉ាន់​ម៉ា​នៅ​ទូទាំងប្រទេស​។ លោក ប៉ុ​ម​ប៉េ​អូ បាន​ឆ្លៀត​រំឭក​ហេតុការណ៍​មួយ​កាលពី​ឆ្នាំ​២០១៧ ដែល​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​មួយក្រុម​ត្រូវបាន​សម្លាប់ចោល​។​
 
​អំឡុង​ឆ្នាំ​២០១៧ ពេល​យុទ្ធនាការ​បោសសម្អាត​ក្រុម​ឧទ្ទាម​នៅ Rakhine យោធា​មី​យ៉ាន់​ម៉ា​បានសម្លាប់​មនុស្ស​មួយក្រុម​ក្នុងភូមិ Inn Din ។ ហេតុការណ៍​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ និង​យោធា​មី​យ៉ាន់​ម៉ា​រង​ការរិះគន់​យ៉ាងខ្លាំង​។ យោធា​ដែល​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​នេះ មិន​ទទួលរង​ពិន័យ​ធ្ងន់​អ្វី​ទេ ប៉ុន្តែ​អ្នកសារព័ត៌មាន Reuters ពីរ​នាក់ ដែល​ទម្លាយ​ហេតុការណ៍​សោកសៅ​នេះ បែរជា​ជាប់ឃុំ​យូរ​ខែ​ទៅវិញ​។  
 
«​អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា បាន​ដោះលែង​ឧក្រិដ្ឋជន​ទាំងនេះ​ក្រោយ​ជាប់ឃុំ​បាន​ប៉ុន្មាន​ខែ ខណៈ​អ្នកកាសែត​ដែល​ប្រាប់​ពិភពលោក​ពី​ការសម្លាប់​នៅ Inn Din ត្រូវបាន​ជាប់ឃុំ​ឃាំង​ច្រើនជាង​៥០០​ថ្ងៃ​ឯណោះ​។​» នេះ​ជាការ​លើកឡើង​របស់លោក ប៉ុ​ម​ប៉េ​អូ ។ អ្នកសារព័ត៌មាន Reuters ទាំងពីរ គឺ Wa Lone and Kyaw Soe Oo ដែល​រង​ការ​ចោទ​ពីបទ​លួច​ព័ត៌មាន​សម្ងាត់​របស់រ​ដ្ឋ ត្រូវបាន​លើកលែងទោស និង​ដោះលែង​កាលពី​ខែឧសភា​។​
 
​ករណី​នៅ Inn Din គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​រូបភាព​ទាំងមូល​ក្នុងការ​យុទ្ធនាការ​ហិង្សា​របស់​យោធា​មី​យ៉ាន់​ម៉ា​នៅ​រដ្ឋ Rakhine ប៉ុណ្ណោះ​។ មកទល់ពេលនេះ មនុស្ស​ជាង​៧​សែន​នាក់ នៅតែ​បន្ត​ភៀសខ្លួន​ដោយសារ​ភ័យខ្លាច​បាត់បង់​អាយុជីវិត​ក្រោម​ដៃ​យោធា​មី​យ៉ាន់​ម៉ា​ដដែល​។ ក្នុងការ​ស៊ើបអង្កេត​ក​ន្ល​ង​មក អង្គការសហប្រជាជាតិ ថែមទាំង​ចោទ​កងទ័ព​មី​យ៉ាន់​ម៉ា​ថា មានបំណង​ប្រល័យពូជសាសន៍​ក្រុម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​តែម្ដង​៕ 

Tag:
 អាមេរិក​
  មី​យ៉ាន់​ម៉ា​
  Min Aung Hlaing
© រក្សាសិទ្ធិដោយ thmeythmey.com