ជាតិ
សេដ្ឋកិច្ច
ជនបរទេស នឹងត្រូវហាមប្រកបអាជីវកម្មតូចៗ ដែលប៉ះពាល់មុខរបរពលរដ្ឋខ្មែរ រូបថត AFP
× ភ្នំពេញ៖ ក្រសួងការងារនឹងចេញប្រកាសមួយសម្រាប់ហាមឃាត់មិនឲ្យជនបរទេសដែលមករស់នៅកម្ពុជា អាចប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬជាអាជីវកម្មតូចៗបានឡើយ ដើម្បីកុំឲ្យប៉ះពាល់មុខរបររបស់ប្រជាពលរដ្ឋខ្មែរ។ នេះបើតាមការអះអាងរបស់លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
«ហាមជនបរទេសមិនឲ្យក្របកបមុខរបរ ឬក៏អាជីវកម្មខ្នាតតូច ដែលមានលក្ខណៈគ្រួសារ ជាលក្ខណៈរកស៊ីខ្លួនឯង ពីព្រោះមុខរបរទាំងអស់នេះ ប្រជាពលរដ្ឋរបស់យើងមានលទ្ធភាពធ្វើដោយខ្លួនឯង»។ នេះជាប្រសាសន៍របស់លោក ហេង សួរ ដែលថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១៧ខែកក្កដានេះ។
អ្នកនាំពាក្យក្រសួងការងាររូបនេះ ឲ្យដឹងថា ក្រសួងកំពុងពិនិត្យមើលមុខរបរដែលត្រូវដាក់បម្រាមនេះ។ លោក ហេង សួរ បញ្ជាក់ដូច្នេះថា៖«យើងកំពុងពិនិត្យប្រភេទមុខរបរជាសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬអាជីវកម្មខ្នាតតូចសម្រាប់នឹងចេញនៅពេលខ្លីខាងមុខនេះ ហើយនៅខែសីហាយើងនឹងរៀបចំប្រជុំត្រីភាគី ដើម្បីពិនិត្យផ្ដល់អនុសាសន៍ និងសម្រេចចុងក្រោយទៅលើសេចក្ដីព្រាងប្រកាសនេះ»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានស្វាគមន៍ចំពោះចំណាត់របស់ក្រសួង ខណៈសព្វថ្ងៃជនបរទេសមួយចំនួនកំពុងដណ្ដើមមុខរបរតូចៗ ដែលប្រជាពលរដ្ឋខ្មែរអាចធ្វើបាន។ លោកថ្លែងបែបនេះថា«វាជាការសាទររបស់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យើងឃើញជនជាតិចិនដណ្ដើមមុខរបរខ្មែរច្រើនមែនទែននៅព្រះសីហនុ រាប់ចាប់ពីកាត់សក់ រត់តាក់ស៊ី លក់ពោតស្ងោរ លក់ចំណីអាហារគ្រប់ប្រភេទ ហើយនៅសៀមរាបសូម្បីតែលក់ទាខ្វៃ ក៏ចិនដណ្ដើមដែរ។ ហើយមិនមែនតែចិនទេ ជនជាតិវៀតណាមក៏បានដណ្ដើមមុខរបរខ្មែរជាច្រើនឆ្នាំមកហើយ»។ លោកបន្តដូច្នេះថាទៀតថា៖«យើងប្រទេសអាស៊ាន ដូចជាថៃជាដើម គេគ្មានឲ្យពលរដ្ឋក្រៅពីថៃ មកលក់ប្រសេចប្រសាចអ៊ីចឹងឯណា»។
តែទន្ទឹមនឹងនេះ លោក វន់ ពៅ ស្នើឲ្យប្រកាសដែលក្រសួងនឹងចេញនាពេលខាងមុខនេះ ត្រូវតែមានយន្តការអនុវត្តច្បាស់លាស់ ទើបមានប្រសិទ្ធភាព។ លោកថ្លែងយ៉ាងទទូចដូចនេះថា៖«ពេលប្រកាសនោះចេញមក សូមអនុវត្តឲ្យបានត្រឹមត្រូវ មានយន្តការច្បាស់លាស់ បើមានតែប្រកាសហើយអត់យន្តការអនុវត្ត គឺជារឿងគួរឲ្យសោកស្ដាយ»។
លោក វន់ ពៅ អះអាងថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា មានចំនួនលើសលុប បើធៀបនឹងអ្នកក្នុងប្រព័ន្ធ។ មើលតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ រហូតដល់៨៥ភាគរយឯណោះជាអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ មិនមែនតិចទេ ហើយកំណើនសេដ្ឋកិច្ចក៏បានពីសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនផងដែរ អ៊ីចឹងត្រូវគិតគូរប្រជាពលរដ្ឋអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ»៕
Tag:
សេដ្ឋកិច្ចក្រៅប្រព័ន្ធ
អាជីវកម្មខ្នាតតូច
© រក្សាសិទ្ធិដោយ thmeythmey.com