អាមេរិក សម្រេច​ដក​តួ​ក​គី​ចេញពី​កម្មវិធី​យន្តហោះ​ចម្បាំង F-35
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក សម្រេច​ដក​តួ​ក​គី​ចេញពី​កម្មវិធី​យន្តហោះ​ចម្បាំង F-35
18, Jul 2019 , 12:26 pm        
រូបភាព
យន្តហោះចម្បាំង F-35  ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin (AFP)
យន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin (AFP)
​សហរដ្ឋអាមេរិក បានប្រកាស​ដក​តួ​ក​គី​ចេញពី​កម្មវិធី​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​ផុត​លេខ F-35 ក្រោយពី​រុស្ស៊ី បានចាប់ផ្តើម​បញ្ជូន​ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-400 ទៅ​ឲ្យ​ក្រុង អង់កា​រ៉ា កាលពី​សប្តាហ៍​មុន​។ កន្លងទៅ ក្រុង​វ៉ាស៊ីនតោន ធ្លាប់បាន​គំរាម​ចាត់វិធានការ​បែបនេះ ប្រសិនបើ​តួ​ក​គី នៅតែ​រឹងទទឹង​បន្ត​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី​ទៀត​នោះ​។



​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ពុធ​ទី ១៧ ខែកក្កដា រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​អាមេរិក លោកស្រី Ellen Lord បញ្ជាក់​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក និង​បណ្តា​ដៃគូ​ពាក់ព័ន្ធ​ក្នុង​កម្មវិធី​យន្តហោះ​ចម្បាំង F-35 បានសម្រេច​ចិត្ត​រួមគ្នា​ដើម្បី​ផ្អាក​តួ​ក​គី​ពី​កម្មវិធី​នេះ ហើយ​កំពុង​ចាប់ផ្តើម​អនុវត្ត​នីតិវិធី​ដកហូត​ជា​ផ្លូវការ​ផងដែរ​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រីជាន់ខ្ពស់​អាមេរិក​រូបនេះ  លើកឡើង​ទៀតថា សហរដ្ឋអាមេរិក កំពុង​ចំណាយ​ថវិកា​ចន្លោះ​ពី ៥០០ ទៅ ៦០០ លាន​ដុល្លារ ដើម្បី​ផ្លាស់ប្តូរ​សង្វាក់​ផលិត​កម្មនេះ ។​

​យន្តហោះ​ចម្បាំង F-35 គឺជា​យន្តហោះ​ទំនើប​ផុត​លេខ​លើ​ពិភពលោក ដែល​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin ហើយ​បច្ចុប្បន្ននេះ កំពុង​ត្រូវបាន​ប្រើប្រាស់​ដោយ​អ៊ីស្រាអែល ខណៈ​មាន​ប្រទេស​មួយចំនួនទៀត បញ្ជា​ទិញ​ផង​។ ក្រុង​វ៉ាស៊ីនតោន បារម្ភ​ថា ការដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-400 ទន្ទឹមគ្នា​នឹង​យន្តហោះ​ចម្បាំង F-35 នឹង​អនុញ្ញាត​ឲ្យ​រុ​ុ​ស្ស៊ី​ទទួលបាន​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​ប្រព័ន្ធ​បំបាំងកាយ​របស់​យន្តហោះ​ចម្បាំង​អាមេរិក​ស៊េរី​ទំនើប​ផុត​លេខ​នេះ​។

​ជា​យូរ​មកហើយ រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​គំរាមថា ការបន្ត​កិច្ចព្រមព្រៀង​ទិញ​សព្វាវុធ​ជាមួយ​រុស្ស៊ី នឹងធ្វើ​ឲ្យ​តួ​ក​គី​ខ្ទាត​ចេញ​កម្មវិធី​យន្តហោះ​ចម្បាំង F-35 ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មន្ទីរ​បញ្ច​កោណ​អាមេរិក ថែមទាំង​បានដាក់​ចេញ​ផែនការ​មួយ ដើម្បី​ដក​តួ​ក​គី​ចេញពី​កម្មវិធី ដែល​ក្នុងនោះ​មាន ផ្អាក​រាល់​ការហ្វឹកហាត់​ថ្មីៗ​នានា​ដល់​អ្នកបើក​យន្តហោះ​តួ​ក​គី​ជាដើម​។

​សូមបញ្ជាក់ថា ការដឹកជញ្ជូន​ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-400 រុស្ស៊ី​លើកទីមួយ បានធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ​ទី​១២ កក្កដា សប្តាហ៍​មុន ដោយ​ត្រូវបាន​ដឹក​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស Murted ភាគ​ខាង​ពាយព្យ​នៃ​រដ្ឋធានី អង់កា​រ៉ា នៃ​ប្រទេស​តួ​ក​គី​។

​កន្លងទៅ តួ​ក​កី បាន​ចុះហត្ថលេខា​ទិញ​យន្តហោះ​ចម្បាំង F-35 របស់​អាមេរិក​ចំនួន ១០០ គ្រឿង ហើយ​ព្រមទាំង​ដាក់ទុន​វិនិយោគ​ក្រាស់ក្រែល​លើ​កម្មវិធី​អាមេរិក​នេះ​ទៀតផង​។ យ៉ាងណាមិញ ខណៈ​ចំណងទាក់ទង​ជាមួយ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ពុំសូវល្អ​ប្រសើរ នា​រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​តួ​ក​គី ចាប់ផ្តើម​ប្រកាន់យក​នូវ​គោលនយោបាយ​ការពារជាតិ​ឯករាជ្យ​ជាង​មុន​។ ត្រង់ចំណុច​នេះ ក្រុង អង់កា​រ៉ា បានសម្រេច​បញ្ជា​ទិញ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-400 រុស្ស៊ី ក្នុង​ទំហំ​ទឹកប្រាក់ ២,៥​ពាន់​លាន​ដុល្លារ និង​បាន​បញ្ជូន​កងកម្លាំង​យោធា​ខ្លួន​ទៅ​ហ្វឹកហាត់​នៅ​រុស្ស៊ី​ទៀតផង​៕







Tag:
 សហរដ្ឋអាមេរិក​
  តួ​ក​គី​
  F-35
  រុស្ស៊ី​
  S-400
© រក្សាសិទ្ធិដោយ thmeythmey.com