អ្នកចាំទី​គីរីវង់ អឿន សំអាត សុំទោស ស៊ុះ ស៊ូ​ហា​ណា ក្រោយ​លោត​ធាក់​ចំ​ដើមទ្រូង​ដោយ​អ​ចេតនា​
កីឡាជាតិ
ជាតិ
អ្នកចាំទី​គីរីវង់ អឿន សំអាត សុំទោស ស៊ុះ ស៊ូ​ហា​ណា ក្រោយ​លោត​ធាក់​ចំ​ដើមទ្រូង​ដោយ​អ​ចេតនា​
19, Jul 2019 , 4:16 pm        
រូបភាព
​អ្នកចាំទី​ក្លិប​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ អឿន សំអាត បានទទួល​ស្គាល់​កំហុស និង​សុំទោស​កីឡាករ ស៊ុះ ស៊ូ​ហា​ណា ក្រោយ​រូបគេ​លោត​ធាក់​ចំ​ដើមទ្រូង​ពេល​ព្យាយាម​សង្គ្រោះ​បាល់ នា​ជំនួប​ជើង​ទី​២​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។ សំអាត អះអាងថា រូបគេ​គ្មាន​ចេតនា​បង្កបញ្ហា​បែបនេះ​ឡើយ​។​

 
«​ខ្ញុំបាទ​សុំទោស​បង ស៊ុះ ស៊ូ​ហា​ណា ផង ខ្ញុំ​គ្មាន​ចេតនា​លោត​ធាក់​បង​ទេ​»​។ នេះ​ជា​សារ​សុំទោស​របស់​កីឡាករ អឿន សំអាត អ្នកចាំទី​របស់​ក្លិប​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ ក្រោយ​រូបគេ​បាន​បង្កកំហុស ដោយ​លោត​ធាក់​ចំ​ដើមទ្រូង​កីឡាករ ស៊ុះ ស៊ូ​ហា​ណា ពេល​ព្យាយាម​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​របស់​កីឡាករ​រូបនេះ​។  
 
 
​ក្រោយ​ទទួលស្គាល់​កំហុស​និង​ចេញមុខ​សុំទោស​ជា​សាធារណៈ សំអាត អះអាងថា រូបគេ​គ្មាន​បំណង​ធ្វើបែបនេះ​ឡើយ​។ ការប៉ះទង្គិច​នេះ​កើតឡើង​ក្នុងជំនួប​ជើង​ទី​២​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ រវាង​គីរីវង់​សុខ​សែន​ជ័យ​ជាមួយ​ណាហ្គា​វើ​ល​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ថ្ងៃទី​១៨ កក្កដា​។ ការបង្ក​កំហុស​ក្នុង​តំបន់​គ្រោះថ្នាក់​នៅ​នាទី​៦៣​នេះ នាំ​ឲ្យ​សំអាត ទទួលបាន​កាត​លឿង ហើយ​ត្រូវបាន​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ដល់​ណាហ្គា​វើ​ល​។ កីឡាករ គួច ដា​នី បាន​ទាត់​បានសម្រេច ដើម្បី​នាំមុខ ១-០ សម្រាប់​ណាហ្គា​វើ​ល​។ លទ្ធផល​នេះ​បាន​រក្សា​រហូត​ចប់​ការប្រកួត​។ 
 
 
​ប៉ុន្តែ​លទ្ធផល​នេះ​មិន​អាចជួយ​ឲ្យ​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៣​មួយ​នេះ ឈ្នះ​កៅអី​ឡើងទៅ​កាន់​វគ្គ​បន្ត​បានឡើយ បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ២-០ នៅ​ជើង​ទី​១​។ នេះ​ជា​លើក​ទី​១ ដែល​ណាហ្គា​វើ​ល​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ តាំងពី​ពានរង្វាន់​នេះ​បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ ក្រុម​នេះ​បានឈ្នះ​ជើងឯក​ម្តង​នៅ​ឆ្នាំ​២០១៣ ជើងឯក​រង​៥​ដង​នៅ​ឆ្នាំ​២០០៧, ២០០៩, ២០១២, ២០១៥ និង ២០១៧ និង​ទទួលបាន​លេខ​៣​មួយ​លើក និង​លេខ​៤​បាន​២​លើក​។ កំណត់ត្រា​អន់​បំផុត​របស់​ពួកគេ គឺ​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុង​ចុងក្រោយ​ពីរលើក​៕  
អ្នកចាំទី អឿន សំអាត


 

Tag:
 Hun Sen Cup 2019
  អឿន សំអាត​
  ស៊ុះ ស៊ូ​ហា​ណា
© រក្សាសិទ្ធិដោយ thmeythmey.com