អន្តរជាតិ
រដ្ឋាភិបាល​សិង្ហ​បុរី ដាស់តឿន​មន្ត្រី​រដ្ឋ​ឲ្យ​ប្រកាន់​លក្ខណៈសម្បត្តិ​បីយ៉ាង​ដើម្បី​ឲ្យ​ស្ថាប័ន​សាធារណ​រីកចម្រើន​
21, Jul 2019 , 2:03 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​សិង្ហ​បុរី បាន​ក្រើនរម្លឹក​ដល់​មន្ត្រី​ស៊ីវិល ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​សាធារណៈ​ឲ្យ​មានការ​ត្រៀមលក្ខណៈ​ទុកជាមុន​សម្រាប់​ការអភិវឌ្ឍ​ប្រទេស ជាពិសេស​នោះ​វិស័យនេះ​នា​រយៈពេល​៥​ទសវត្សរ៍​ខាងមុខ​។ រដ្ឋាភិបាល​នៃ​ប្រទេស​លេចធ្លោ​ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់​មួយ​នេះ ចង់​ឲ្យ​មន្ត្រី​សាធារណៈ​ប្រកាន់ខ្ជាប់​លក្ខណៈសម្បត្តិ​បីយ៉ាង ក្នុង​ទស្សនវិស័យ​អភិវឌ្ឍ​រយៈពេល​វែងរ​បស់​ប្រទេស​។​

 
​រដ្ឋមន្ត្រី​ទទួលបន្ទុក​សេវាសាធារណៈ​សិង្ហ​បុរី លោក Chan Chun Sing នៅ​ថ្ងៃ​១៩ កក្កដា នា​កម្មវិធី​ផ្តល់​ពានរង្វាន់ និង​ការលើក​ទឹក​ដល់​ភ្នាក់ងារ​និង​មន្ត្រី​សាធារណៈ​ប្រចាំឆ្នាំ បាន​ជំរុញ​ទឹក​ដល់​មន្ត្រី​សាធារណៈ​ទាំងអស់​ជួយ​គិតគូរ​ដល់​អនាគត​រប​ស់​ប្រទេស សម្រាប់​អ្នកជំនាន់ក្រោយ​ក្នុង​រយៈពេល​៥០​ឆ្នាំ​ទៅមុខទៀត​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​សិង្ហ​បុរី Straits Times ដើម្បី​ធានា​ពី​វ​ឌ្ឍ​នា​ភាព​នៃ​វិស័យ​សាធារណៈ​នៅ​៥០​ឆ្នាំ​ខាងមុខ លោក​រដ្ឋមន្ត្រី មើលឃើញថា មន្ត្រី​ស៊ីវិល ត្រូវមាន​លក្ខណៈសម្បត្តិ​បីយ៉ាង​។ ទីមួយ មន្ត្រី​រដ្ឋការ ដែលជា​អ្នកប្រតិបត្តិ​ការងារ​ផ្ទាល់​ជាមួយ​ប្រជាជន ត្រូវ​ប្រើ​បេះដូង​ដើម្បី​ឈ្វេងយល់​ពី​ការគំរាមកំហែង ក្តីបារម្ភ និង​សេចក្តីប្រាថ្នា​ពិតប្រាកដ​របស់​ប្រជាជន​សិង្ហ​បុរី​។ 
 
​លោក​រដ្ឋមន្ត្រី  អះអាងថា វិស័យ​សាធារណៈ​ត្រូវបាន​បង្កើតឡើង គឺ​ដើម្បី​បម្រើ​ប្រទេស និង​ប្រជាជន​សិង្ហ​បុរី ដែល​ចំណុច​នេះ លោក ក៏​ចង់​ឲ្យ​មន្ត្រី​សាធារណៈ បង្ហាញ​ពី​ភាព​នាំមុខ និង​គំរូ​ល្អ​សម្រាប់​ប្រជាជន​ផងដែរ​។​
 
​សម្រាប់​លក្ខណៈសម្បត្តិ​ទី​២​វិញ លោក Chan ដែលជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី​ផង​នោះ បាន​អះអាងថា ជំហាន​បន្ត​សម្រាប់​មន្ត្រី​សាធារណៈ គឺ​មិនមាន​ធ្វើការ​កាន់តែច្រើន និង​ឲ្យ​កាន់តែ​ល្អ​សម្រាប់​ប្រជាជន​នោះទេ តែ​ធ្វើការ​ឲ្យ​កាន់​ល្អ​ជាមួយនឹង​ប្រជាជន​។ 
 
​លក្ខណៈសម្បត្តិ​ទី​២​នេះ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​អ្នកដឹកនាំ​បន្ទាប់​របស់​សិង្ហ​បុរី ដែល​ប្តេជ្ញា​យក​ប្រជាជន​ធ្វើជា​ដៃគូ​ក្នុងការ​បង្កើត និង​អនុវត្ត​គោលនយោបាយ​ដើម្បី​អនាគត​របស់​ប្រទេស​ក្នុង​រយៈពេល​វែង​។ ការប្រកាន់​ខ្ជាប់​គោលការណ៍​គិតគូរ​ទុកជាមុន​សម្រាប់​បញ្ហា​ប្រឈម​ថ្ងៃស្អែក គឺជា​លក្ខណៈសម្បត្តិ​ទី​៣ ដែល​លោក​រដ្ឋមន្ត្រី​មន្ត្រី ចង់​ឲ្យ​មន្ត្រី​សាធារណៈ​មាននៅ​ក្នុង​ខ្លួន​ផងដែរ​។ 
 
​ជាមួយនឹង​ការផ្តល់​អនុសាសន៍​នេះ លោក​រដ្ឋមន្ត្រី បាន​អះអាងថា សេវាសាធារណៈ នៃ​បណ្តា​ប្រទេសមួយ​ចំនួន​របស់​ពិភពលោក ប្រៀប​ដូច​ទៅនឹង​«​អ្នក​ពន្លត់​អគ្គិ​ស​ភ័យ​» ពោលគឺ​ពួកគេ ធ្វើការ​តែ​នៅពេល​ដែលមាន​ភ្លើង​ឆេះ​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​នៅ​សិង្ហ​បុរី លោក​រដ្ឋមន្ត្រី ចង់​ឲ្យ​មន្ត្រី​សាធារណៈ​ទាំងអស់​ធានាថា  ពួកគេ បាន​នៅ​គ្រប់​ស្ថានភាព​ដើម្បី​ការពារ និង​ទប់ស្កាត់ មុន​ពេលដែល​អគ្គិ​ស​ភ័យ ចាប់ផ្តើម​៕ 
 

Tag:
 សិង្ហ​បុរី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com