ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ដាក់ឲ្យប្រើប្រព័ន្ធថ្មីមួយ ដែលអនុញ្ញាតឲ្យផ្ទេរប្រាក់ឆ្លងធនាគារ តាមទូរសព្ទដៃ
22, Jul 2019 , 9:30 am        
រូបភាព
ដោយ:
ភ្នំពេញ៖ កម្ពជាបានដាក់ឲ្យប្រើប្រាស់សាកល្បងនូវ«ប្រព័ន្ធបាគង» កាលពីថ្ងៃទី១៨ខែកក្កដា។ នេះជាប្រព័ន្ធដែលអនុញ្ញាតឲ្យមនុស្សពីរនាក់ដែលមានគណនីធនាគារពីរផ្សេងគ្នា តែអាចផ្ទេរប្រាក់ ទូទាត់ប្រាក់ ទៅវិញទៅមក តាមរយៈកម្មវិធីទូរសព្ទដៃ។



ការដាក់ឲ្យដំណើរការប្រព័ន្ធថ្មីនេះ គឺមានការប្រើប្រាស់បច្ចេកវិទ្យា Blockchain ដែលធនាគារជាតិអះអាងថានេះជាមោទកភាពមួយ។ ធនាគារបានបញ្ជាក់ដូច្នេះថា៖«ការដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធបាគង គឺជាដំណើរវឌ្ឍនភាពក្នុងយុគសម័យថ្មីរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ យើងមានមោទនភាពណាស់ ដែលក្លាយជាប្រទេសដំបូងគេ ក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យា Blockchain ដ៏ទំនើបចុងក្រោយគេក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពក្នុងការធ្វើ និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ សំដៅផ្តល់សេវាហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប»។

ក្នុងការសាកល្បងនេះ ធនាគារចំនួន៤ បានចូលរួមដាក់ឲ្យប្រើប្រព័ន្ធបាគងនេះ។ ក្នុងនោះរួមមាន ធនាគារអេស៊ីលីដា ធនាគារ FTB ធនាគារវឌ្ឍនៈ និងធនាគារឯកទេសវីង។

លោក អ៊ិន ចាន់នី ប្រធានធនាគារអេស៊ីលីដា បានសាទរប្រព័ន្ធថ្មីនេះ ដែលលោកចាត់ទុកថាប្រព័ន្ធនេះនឹងធ្វើឲ្យការប្រើប្រាស់សេវាកម្មធនាគារកាន់តែងាយស្រួល សម្រាប់ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់។ លោកប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖ «នេះជាការផ្ដួចផ្ដើមដ៏ល្អរបស់ធនាគារជាតិ ដែលប្រព័ន្ធបាគងនេះជួយសម្រួលឲ្យការផ្ទេរប្រាក់ ទូទាត់ប្រាក់ ឆ្លងធនាគារ តាមរយៈកម្មវិធីទូរសព្ទដៃ»។

លោក អ៊ិន ចាន់នី ជឿជាក់ថា ប្រព័ន្ធថ្មីនេះនឹងដំណើរការជោគជ័យ និងមានវិសាលភាពធំទូលាយ។ លោកលើកឡើងបែបនេះថា៖«ការដាក់ឲ្យប្រើប្រព័ន្ធនេះ ប្រាកដជាជោគជ័យ ព្រោះខាងអាជ្ញាធរបានអភិវឌ្ឍន៍ប្រព័ន្ធនេះ បង្កើតឡើងដោយយកចិត្តទុកដាក់ ហើយធនាគារដែលចូលរួមអនុវត្តប្រព័ន្ធនេះក៏មានជំនាញការច្បាស់លាស់ ហើយប្រជាពលរដ្ឋសព្វថ្ងៃយល់ដឹងច្រើនពីបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដែលធ្វើឲ្យការទូទាត់តាមបាគងនេះនឹងរីកដុះដាល»។

កន្លងមក ពលរដ្ឋក៏អាចផ្ទេរប្រាក់ពីធនាគារមួយទៅធនាគារមួយទៀតដែរ តែតាមរបៀបប្រពៃណី ពោលគឺត្រូវទៅបញ្ជររបស់ធនាគារ និងបំពេញបែបបទ។ តែតាមរយៈប្រព័ន្ធបាគងនេះ ពលរដ្ឋអាចផ្ទេរប្រាក់បាន ដោយមិនបាច់ទៅទីតាំងផ្ទាល់ គឺផ្ទេរតាមរយៈអ៊ែបទូរសព្ទដៃ៕

Tag:
 អ៊ិន ចាន់នី
  ធនាគារ
  ប្រព័ន្ធបាគង
© រក្សាសិទ្ធិដោយ thmeythmey.com