ជាតិ
សង្គមជាតិ
ព្រះអង្គ កក្កដា សុភ័ណ្ឌ យល់ព្រមសឹក ព្រះអង្គ កក្កដា សុភ័ណ្ឌ គង់បត់ជើងក្នុងចំណោមព្រះមន្រ្តីសង្ឃ
× ព្រះតេជគុណ កក្កដា សុភ័ណ្ឌ បានលាចាកសិក្ខាបទហើយ (សឹក) នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ។ នេះបើតាមសាលាគណរាជធានីភ្នំពេញ។
សាលាគណរាជធានីភ្នំពេញ បង្ហោះព័ត៌មានលើបណ្តាញសង្គមថា ព្រះអង្គ កក្កដា សុភ័ណ្ឌ ត្រូវបានមន្រ្តីសង្ឃនៃសាលាអនុគណខណ្ឌដូនពេញ និមន្តទៅដោះស្រាយតាមធម៌វិន័យរួចរាល់ជាស្ថាពរហេីយ។ សាលាគណរាជធានភ្នំពេញ បញ្ជាក់ដូច្នេះថា៖«ជាលទ្ធផល ភិក្ខុអង្គនេះ បានលាចាកសិក្ខាបទរួចរាល់ហេីយ តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន នៅចំពោះព្រះភក្រ្ត ព្រះមន្រ្តីសង្ឃ នៅវេលាយប់នេះ»។
ចំណែកឯព្រះអង្គ កក្កដា សុភ័ណ្ឌខ្លួនឯង បានសរសេរលើបណ្តាញសង្គមថា៖«....អាត្មាសុំសឹកទទួលកំហុសហើយ តើនៅមានញាតិញោមគាំទ្រអាត្មាទៀតទេ»។
ការអនុវត្តតាមធម៌វិន័យព្រះពុទ្ធសាសនា ទៅលើព្រះអង្គ កក្កដា សុភ័ណ្ឌ រហូតព្រះអង្គ ត្រូវបង្ខំព្រះទ័យ លាចាកសិក្ខាបទនេះ គឺកើតឡើងក្រោយពីរូបភាពប៉ុន្មានសន្លឹករបស់ព្រះអង្គ ត្រូវបានកូនសិស្សរបស់ព្រះអង្គ យកទៅបង្ហោះលើបណ្តាញសង្គម ដោយសរសេរថា ព្រះអង្គ ត្រូវគេប្លន់និងធ្វើឃាត។ ក្រោយមានការយល់ច្រឡំនិងការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន ទើបកូនសិស្សរបស់ព្រះអង្គ និងព្រះអង្គផ្ទាល់ ចេញមកបកស្រាយថា តាមពិតរូបភាពទាំងនេះ គឺជាការសម្តែងក្នុងវីដេអូអប់រំទេ៕
Tag:
សាសនា
កក្កដា សុភ័ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com