អន្តរជាតិ
លោក អា​បេ ប្រកាស​ជ័យជម្នះ​ការបោះឆ្នោត​ព្រឹទ្ធសភា តែ​ខ្វះ​សំឡេង​ដើម្បី​កែ​រដ្ឋធម្មនុញ្ញ​
22, Jul 2019 , 9:58 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បង្ហាញទឹកមុខរីករាយនឹងលទ្ធផលការបោះឆ្នោតព្រឹទ្ធសភា។ រូបភាព AFP
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បង្ហាញទឹកមុខរីករាយនឹងលទ្ធផលការបោះឆ្នោតព្រឹទ្ធសភា។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​២១ ខែកក្កដា បានប្រកាស​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ព្រឹទ្ធសភា​។ បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) របស់លោក អា​បេ និង​ដៃគូ បានឈ្នះ​អាសនៈ​ព្រឹទ្ធសភា​ភាគច្រើន​ដែល​ដាក់​ឲ្យ​ប្រកួតប្រជែង ហើយ​នេះ​ក៏​ជាការ​ជំរុញ​គោលនយោបាយ​លោក អា​បេ ផងដែរ​។ យ៉ាងណាមិញ សម្ព័ន្ធភាព​កាន់អំណាច នៅតែ​មិនអាច​រក​សំឡេង​ឲ្យ​គ្រប់គ្រាន់​ក្នុង​ការកែប្រែ​រដ្ឋធម្មនុញ្ញ​តាម​ការចង់បាន​របស់​លោក អា​បេ ដដែល​។

   
 
​គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ស៊ិន​ហ្សូ អា​បេ និង​បក្ស​ដៃគូ Komeito បានឈ្នះ​អាសនៈ​ចំនួន​យ៉ាងហោច​៧១ ក្នុងចំណោម​អាសនៈ​ព្រឹទ្ធសភា​ចំនួន​១២៤ ដែល​ត្រូវដាក់​ឲ្យ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​២១ ខែកក្កដា​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​ជប៉ុន NHK ។ ជាមួយនឹង​លទ្ធផល​នេះ ប្លុក​កាន់អំណាច នឹង​គ្រប់គ្រង​អាសនៈ​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​ជប៉ុន​ដែល​អាសនៈ​សរុប​២៤៥ ខណៈ​សម្ព័ន្ធភាព​កាន់អំណាច​នេះ មាន​អាសនៈ​ចំនួន​៧០​ក្នុង​ដៃ​ស្រាប់​។ 
 
​លោក អា​បេ បានប្រកាស​ពី​ជោគជ័យ​របស់​សម្ព័ន្ធភាព​កាន់អំណាច និង​សន្យា​បំពេញការងា​តាម​ការចង់បាន​របស់​ប្រជាជន​ជប៉ុន​។ ថ្លែង​ពី​ទីស្នាក់ការ​បក្ស​កាន់អំណាច​ក្នុង​ទីក្រុង​តូ​ក្យូ លោក អា​បេ ដែល​កំពុងស្ថិត​លើផ្លូវ​ក្លាយជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន និយាយថា ប្រជាជន​បានផ្ដល់​សំឡេង​ភាគច្រើន​ឲ្យ​បក្ស​កាន់អំណាច ដើម្បី​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ក្នុង​លក្ខខណ្ឌ​នយោបាយ​មួយ​ដ៏​មាន​ស្ថិរភាព​។ 
 
​យ៉ាងណាមិញ លោក អា​បេ នៅតែ​មិនអាច​រក​សំឡេង​គ្រប់គ្រាន់​ដើម្បី​បង្គ្រប់​ឲ្យ​សំឡេង​ពីរភាគបី​ដែល​ចាំបាច់​ក្នុង​ការកែ​រដ្ឋធម្មនុញ្ញ​។ នៅ​ជប៉ុន ការកែ​រដ្ឋធម្មនុញ្ញ ត្រូវបាន​សំឡេង​ពីរភាគបី​ទាំង​នៅ​រដ្ឋសភា និង​នៅ​ព្រឹទ្ធសភា និង​ការយល់ព្រម​ក្នុង​ប្រជាមតិ ហើយ​បច្ចុប្បន្ននេះ សម្ព័ន្ធភាព​កាន់អំណាច​មាន​សំឡេង​គ្រប់គ្រាន់​ហើយ​នៅ​រដ្ឋសភា វៀរលែងតែ​ព្រឹទ្ធសភា​ប៉ុណ្ណោះ​។ ដូចនេះ​គម្រោង​កែ​មាត្រា​៩ នៃ​ធម្មនុញ្ញ​សន្តិ​និយម​របស់លោក អា​បេ ទំនង​ជួប​ឧបសគ្គ​ធំ​។​
 
​ទាក់ទង​រឿងនេះ លោក អា​បេ ផ្ទាល់ លើកឡើងថា ទំហំ​នៃ​ជ័យជម្នះ​នេះ​បង្ហាញ​ពី​ការចង់បាន​របស់​អ្នកបោះឆ្នោត​ជប៉ុន​ក្នុងការ​ជជែក​ពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​រប​ស់​ខ្លួន​។ លោក អា​បេ ដែល​អាណត្តិ​បច្ចុប្បន្ន​ចប់​នៅ​ខែកញ្ញា ឆ្នាំ​២០២១ នោះ ចង់​ឲ្យ​ការកែប្រែ​ដែល​សំដៅ​ធ្វើ​ឲ្យ​កង​ស្វ័យការពារ​ជប៉ុន​ក្លាយជា​កងទ័ព​ប្រយុទ្ធ កើតមាន​ក្នុង​អាណត្តិ​ដឹកនាំ​របស់លោក​។ ខណៈ​គ្មាន​សំឡេង​គ្រប់គ្រាន់ លោក អា​បេ ត្រូវ​បញ្ចុះបញ្ចូល​បក្សប្រឆាំង​ឲ្យ​ចូលរួម​ក្នុងការ​គម្រោង​ដ៏​ច​ម្រូ​ង​ចម្រាស​នេះ​។​
 
​វា នឹង​ក្លាយជា​រឿង​លំបាក​មួយ​សម្រាប់​លោក អា​បេ ក្នុង​ការអូសទាញ​ក្រុមប្រឆាំង​ដែលមាន​ជំហរ​ជំទាស់​គំនិត​កែ​រដ្ឋធម្មនុញ្ញ​នោះ ពិសេស​តួនាទី​កងទ័ព​ជប៉ុន​តែម្ដង​។ កន្លងមក លោក អា​បេ ធ្លាប់​សន្យា​ហើយពី​តួនាទី​ថ្មី​របស់​កង​ស្វ័យការពារ​ជប៉ុន ដែល​រង​ការ​រឹតត្បិត​ពី​ការប្រកាសសង្គ្រាម​ជាមួយ​ប្រទេស​ផ្សេង​នោះ​។ សព្វថ្ងៃនេះ យោធា​ជប៉ុន​មាន​លក្ខណៈ​ការពារ​ខ្លួន​សុទ្ធសាធ និង​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ពិភពលោក​៕ 
 

Tag:
 ជប៉ុន​
  ស៊ិន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com