កីឡាអន្តរជាតិ
អន្តរជាតិ
Bale ទំនង​ចេញពី Real ទៅ​ចិន ជាមួយ​ប្រាក់​ឈ្នួល​ជាង​១​លាន​ដុល្លារ ក្នុង​មួយ​សប្តាហ៍
22, Jul 2019 , 11:21 am        
រូបភាព
Gareth Bale ត្រូវបាន​រាយការណ៍​ថា​កំពុង​ពិចារណា​លើ​តម្លៃ​ប្រាក់​ឈ្នួល ១ លាន​ផោន (១,២៥​លា​នុដ​ល្លារ​អាមេរិក​) ក្នុង​មួយ​សប្តាហ៍​ពី​ក្លិប Beijing Guoan នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​ចិន Chinese Super League បើសិន​រូបគេ​ចាក​ចេញពី Real Madrid រដូវ​កាល​នេះ​។ Zinedine Zidane អ្នកចាត់ការ​ក្រុម​ស្តេច​ស ក៏បាន​អះអាង​ដែរ​ថា Bale ខិតជិត​នឹង​ការចាកចេញ​ពី Bernabeu ហើយ ក្រោយ​រូបគេ​មិន​ចូលរួម​ជាមួយ​ក្រុម​ពេល​ជួប Bayern Munich ក្នុងការ​ប្រកួត International Champions Cup នៅ​ថ្ងៃទី​២១ ខែកក្កដា​។​


 
​យោងតាម​ការផ្សាយ​រប​ស់ The Mirror ខ្សែបម្រើ​សញ្ជាតិ​វែ​លវ័យ​៣០​ឆ្នាំ​រូបនេះ​អាច​នឹងធ្វើ​ដំណើរ​មកកាន់​តំបន់​អាស៊ី ដើម្បី​ពិភាក្សា​ពី​តម្លៃ​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​លើ​លោក​។ ក្រោយ​ការប្រកួត​ដែល Real ចាញ់ Bayern Munich ៣-១ នា​ជំនួប​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​នៅ​ទឹកដី​អាមេរិក លោក Zidane ប្រាប់​អ្នកកាសែត​ក្រោយ​ចប់​ការប្រកួត​ថា​ក្លិប​អស់សង្ឃឹម​ក្នុងការ​រារាំង Bale ហើយ ប៉ុន្តែ​លោក​ជូនពរ​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​សម្រាប់​ក្រុម​ថ្មី​ឲ្យ​បាន​ឆាប់​ផងដែរ​។​
 
«​យើង​សង្ឃឹមថា Bale នឹង​ចាកចេញ​ក្នុងពេល​ឆាប់ៗ​នេះ​។ វា​ជា​ការល្អ​បំផុត​សម្រាប់​អ្នក​រាល់គ្នា​នៅទីនេះ ហើយ​យើង​កំពុងដំណើរការ​ផ្ទេរ​គាត់​ទៅ​ក្រុម​ថ្មី​»​។ Zidane បន្ថែម​ដូច្នេះ​។​
Bale នឹង​ក្លាយជា​កីឡាករ​បាល់ទាត់​ដំបូង​គេ​ដែល​រកបាន​ប្រាក់​ឈ្នួល​លើសពី​១​លាន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​ដោយ​មិន​ជាប់ពន្ធ​ជាមួយ Beijing Guoan ខណៈដែល​ប្រាក់​ឈ្នួល​របស់គេ​សព្វថ្ងៃ​នៅ Real ប្រមាណ​កន្លះ​លាន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​។​


 
​ខ្សែបម្រើ​ស្លាប​រូបនេះ​បាន​ចាក​ចេញពី Tottenham Hotspur ទៅកាន់ Real Madrid ក្នុងតម្លៃ​កំណត់ត្រា ១០៦​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​២០១៣​។ ៥​រដូវ​កាល​មកនេះ Bale បាន​ជួយ​ម្ចាស់​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ ៣៣​សម័យ ឈ្នះ​ពាន Champions League រហូតដល់​ទៅ​៤​ដង​។ យ៉ាងណាក៏ដោយ រយៈពេល​ចុងក្រោយ​រូបគេ​មិនសូវ​បាន​លេង​ជា​ជម្រើស​ទីមួយ​ឡើយ ជាពិសេស​នៅពេល Zidane ឡើងមក​ដឹកនាំ​។​
 
​ក្រៅពី​ក្លិប​នៅ​ចិន Bale ក៏មាន​ទំនាក់ទំនង​ផ្លាស់​ទៅ​ក្លិប​នៅ Premier League ដូចជា Manchester United និង​ត្រឡប់​ទៅ​ក្រុម​ចាស់ Spurs វិញ រូ​ម​ទាំង​ក្រុម​ង​ជើងឯក​អាល្លឺម៉ង់ Bayern Munich ផងដែរ​៕

Tag:
 បាល់ទាត់​
  Gareth Bale
  Beijing Guoan
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com