ជាតិ
សង្គមជាតិ
រាជ​អាវុធហត្ថ​បំភ្លឺថា ចាប់​អ្នកកាសែត​និង​ពលរដ្ឋ​៧​នាក់ ព្រោះ​ជា​បទល្មើស​ជាក់ស្តែង​ពាក់ព័ន្ធ​នឹង​ដីធ្លី​
22, Jul 2019 , 6:51 pm        
រូបភាព
​ថ្មីៗ​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឃាត់​ពលរដ្ឋ​៥​នាក់ និង អ្នកកាសែត​២​នាក់ ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​មួយកន្លែង​ក្នុង​ក្រុងព្រះសីហនុ​។ លោក សាន្ត ប៊ុនធឿន ចាងហ្វាង​កាសែត​សំឡេង​ស្នេហា​ជាតិ បាន​ផ្សាយ​ផ្ទាល់ (Live) តាម​ហ្វេ​ស​ប៊ុ​ក ដោយបាន​រិះគន់​ខ្លាំងៗ លើ​លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចំពោះ​ការចាប់​ពលរដ្ឋ​និង​អ្នកកាសែត​។


 
​អ្នកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ ប៊ុណ្ណា អ្នកនាំពាក្យ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានចាត់ទុក​ការរិះគន់​របស់លោក សាន្ត ប៊ុនធឿន ថា​ជាការ​ប្រមាថ​លើ​លោក ហេង ប៊ុន​ទី​។ អ្នកស្រី ឆ្លើយ​ទៅ​លោក សាន្ត ប៊ុនធឿន ថា ការឃាត់ខ្លួន​មនុស្ស​ទាំង​៧​នាក់​នោះ គឺធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​ក្រុម​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​ពលរដ្ឋ​ម្នាក់​ឈ្មោះ ខូវ សម្បត្តិ​។ អ្នកស្រី បន្តថា ពេលនោះ ពលរដ្ឋ​ទាំង​៥​នាក់  កំពុង​ប្រមូល​ផ្តុំគ្នា ហើយ​ហាមឃាត់​គ្រឿងចក្រ ដែល​កំពុង​ឈូសឆាយ​លើដី​កម្មសិទ្ធិ​របស់លោក ខូវ សម្បត្តិ​។   
 
​អ្នកស្រី ប្រាក់ ប៊ុណ្ណា រៀបរាប់ថា អ្នក​ទាំង​៥ បាន​គំរាម​ទារប្រាក់​២៥០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ពី​លោក ខូវ សម្បត្តិ បើ​ចង់​បន្ត​ឈូសឆាយ​និង​សាងសង់​លើដី​នោះ​។ បើតាម​អ្នកស្រី អ្នក​ទាំង​៥ បាន​ទាក់ទង​អ្នកកាសែត​២​នាក់ គឺ លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ និង លោក កែវ រតនា ចាងហ្វាង​កាសែត NTV ឲ្យ​ទៅ​ជួយ​ផ្សព្វផ្សាយ​។ 
 
​អ្នកស្រី អះអាងថា ការផ្សាយ​នោះ គឺមាន​លក្ខណៈ​ញុះញង់ ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ភាន់ច្រឡំ​ទៅលើ​លោក ខូវ សម្បត្តិ ជា​ម្ចាស់​ដីធ្លី​ស្របច្បាប់​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចេញ​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩​នេះ អ្នកនាំពាក្យ​រង​កងរាជអាវុធហត្ថ បញ្ជាក់​ដូច្នេះ​ថា​៖«​ដោយ​ករណី​ខាងលើ ជា​បទល្មើស​ជាក់ស្តែង ទើប​កងកម្លាំង ឃាត់​បុគ្គល​ទាំង​៧​នាក់​នោះ​»​។
​លោក សាន្ត ប៊ុនធឿន ពុំបាន​សុំទោស​លោក ហេង ប៊ុន​ទី ឡើយ តែ​លោក បាន​ផ្ញើលិខិត​សុំទោស ទៅកាន់​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សុំ​កែប្រែ​កំហុស​។  លោក ប្រាប់​ត្រង់ៗ​ថា លោក មិនសូវ​យល់ច្បាស់​ពី​ការអនុវត្ត​ច្បាប់​របស់​កងរាជអាវុធហត្ថ​។ 
 
​ចាងហ្វាង​កាសែត​រូបនេះ  សារភាព​ដូច្នេះ​ថា​៖«​ការផ្សាយ​ផ្ទាល់​របស់ខ្ញុំ ពិតជា​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​កង​រាជ​អាវុធហត្ថ ព្រមទាំង​ធ្វើ​ឲ្យ​មហាជន​មានការ​យល់ច្រឡំ​យ៉ាងធ្ងន់ធ្ងរ​»​។ 
 
​សូមបញ្ជាក់ថា មនុស្ស​ទាំង​៧​នាក់​ខាងលើ កំពុងស្ថិត​ក្រោម​ចំណាត់​ការបស់​តុលាការខេត្ត​ព្រះសីហនុ​។ អ្នកកាសែត​ទាំង​២​នាក់ ត្រូវ​ចោទ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង ញុះញង់​ឲ្យ​ប្រព្រឹត្ត​តាមផ្លូវ​សារព័ត៌មាន​និង​សមគំនិត​ក្នុង​អំពើហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​។ ឯ ពលរដ្ឋ​ទាំង​៥​នាក់ ត្រូវ​ចោទ​ពីបទ​ប្រើ​អំពើហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត បទ​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​គំរាម​យកប្រាក់​៕
 

Tag:
 ​កងរាជអាវុធហត្ថ​
  ប្រាក់ ប៉ុណ្ណា​
  សាន្ត ប៊ុនធឿន​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com