កីឡាជាតិ
ជាតិ
វីដេអូ
ឧត្តមសេនីយ៍ត្រី កែ ឡេង! ឋានន្តរសក្តិបានដោយសារសមត្ថភាពខ្ពស់ផ្នែកកីឡាប៉េតង់
× ភ្នំពេញ៖ វីរកីឡាការិនី កែ ឡេង ទទួលបានឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) ក្នុងក្របខណ្ឌក្រសួងការពារជាតិ បន្ទាប់ពីបានសាងស្នាដៃជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិលើវិស័យកីឡាប៉េតង់។ តួនាទីនេះ ទទួលបានក្រោយកីឡាការិនីរូបនេះរួមជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដណ្តើមបានពានមួយនៅប្រទេសបារាំង កាលពីអំឡុងខែតុលា ឆ្នាំ២០១៨។ ក្រោយប្រឡូកក្នុងវិស័យកីឡាប៉េតង់តាំងពីឆ្នាំ១៩៩៧ កីឡាការិនីរូបនេះ ដណ្តើមបានមេដាយលើឆាកអន្តរជាតិសរុបចំនួន៥៥មេដាយ។
ក្រោយសាងស្នាដៃល្អៗជាច្រើនលើឆាកអន្តរជាតិជូនជាតិមាតុភូមិ វីរកីឡាការិនីប៉េតង់ កែ ឡេង ត្រូវបានរាជរដ្ឋាភិបាលផ្តល់តួនាទីឲ្យបម្រើការងារជាកងកម្លាំងក្នុងក្របខណ្ឌក្រសួងការពារជាតិ។ អ្វីដែលគួរឲ្យកត់សម្គាល់ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យដំឡើងតួនាទីវីរកីឡាការិនី កែ ឡេង ពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រី។
ការប្រទានឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រីនេះ បន្ទាប់ពីកីឡាការិនីរូបនេះ ចាប់ដៃគ្នាជាមួយកីឡាការិនី អ៊ុក ស្រីមុំ បានក្លាយជាម្ចាស់ជើងឯកលើវិញ្ញាសាវាយគូនារី នាការប្រកួតពានរង្វាន់ Trophée L’Équipe ដែលរៀបចំដោយសារព័ត៌មានកីឡាដ៏ល្បីរបស់បារាំង L’Equipe។ ការប្រកួតនេះ ប្រព្រឹត្តទៅចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែតុលា នៅទីលាន Boulodrom de Tours ដេប៉ាតឺម៉ង់ Indre-et-Loire ប្រទេសបារាំង។
ឆ្លើយសំនួរជាមួយសារព័ត៌មានថ្មីៗ ដែលសួរថា តើការទទួលបានក្របខណ្ឌនៅក្រសួងការពារជាតិតាមរយៈវិស័យកីឡាប៉េតង់ ឬយ៉ាងណា? អ្នកស្រី កែ ឡេង បានបញ្ជាក់យ៉ាងដូច្នេះថា៖«ចាស!ពិតជាត្រឹមត្រូវ ខ្ញុំមានមុខមានមាត់និងមានកិត្តិយសដល់ថ្ងៃនេះ គឺតាមរយៈសាងស្នាដៃល្អរបស់ខ្ញុំ ទើបធ្វើឲ្យខ្ញុំក្លាយជាឧត្តមសេនីយ៍ត្រី»។
បន្ថែមលើនេះវិស័យកីឡាប៉េតង់ ក៏បានជួយលើកស្ទួយជីវភាពគ្រួសាររបស់កីឡាការិនីរូបនេះផងដែរ។ អ្នកស្រីនិយាយថា៖«តាំងពីខ្ញុំបានក្លាយជាកីឡាការិនីឆ្នើមមួយរូបមកគឺជីវភាពគ្រួសារខ្ញុំធូរធារច្រើន។ ខ្ញុំបានជួយបណ្តុះបណ្តាលកូន និងកូនសិស្សខ្ញុំក្រៅក្របខណ្ឌចំនួន២៣រូប ដើម្បីស្នងពេលអត់រូបខ្ញុំ ហើយខ្ញុំចង់ឲ្យពួកគេចាប់អាជីពនេះ និងក្លាយជាកីឡាការិនីឆ្នើមដូចរូបខ្ញុំ»។
អតីតកីឡាការិនីបាល់ទះរូបនេះ បានចូលប្រឡូកក្នុងវិស័យកីឡាប៉េតង់នៅឆ្នាំ១៩៩៧។ ក្រោយដើរលើវិថីនេះអស់រយៈពេល២២ឆ្នាំ អ្នកស្រីបានសាងស្នាដៃយ៉ាងត្រចះត្រចង់នៅលើឆាកអន្តរជាតិ តាមរយៈដណ្តើមបានមេដាយសរុបចំនួន៥៥មេដាយ និងធ្លាប់ឈ្នះមេដាយមាសពិភពលោកលើវិញ្ញាសាវាយយកពិន្ទុ៣លើក គឺនៅឆ្នាំ២០១៣, ២០១៥ និង ២០១៧៕
© រក្សាសិទ្ធិដោយ thmeythmey.com