ជាតិ
សង្គមជាតិ
សមត្ថកិច្ច ដុត​កម្ទេច​រថយន្ត​ដឹកឈើ​ជាង​៩០​គ្រឿង​ហើយ និង​រឹបអូស​ឈើ​ជាង​២​ពាន់​ម៉ែត្រ​គីប​
23, Jul 2019 , 8:59 pm        
រូបភាព
រូបភាពពីលោក អេង ហ៊ី
រូបភាពពីលោក អេង ហ៊ី
ដោយ: ថ្មីៗ
​ក្រោយ​ដាក់ចេញ​វិធានការ​ក្តៅ កងកម្លាំង​នៃ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ដុត​កម្ទេច​ប្រភេទ​រថយន្ត​ផ្សេងៗ​ជាង​៩០​គ្រឿង​ហើយ ដែល​ឈ្មួញ កែច្នៃ សម្រាប់​លួច​ដឹកឈើ​។ នេះ​បើតាម​ឧ​ត្ត​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។


 
​លោក អេង ហ៊ី ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ថា ប្រភេទ​រថយន្ត​ដែល​កែច្នៃ​ទាំងនោះ មានដូចជា ប៉ា​កុង សាំ​យ៉ុង និង ឡុង​គ្រី​ស័​រ ជាដើម​។ លោក បន្ថែមថា ក្រៅពី​រថយន្ត នៅមាន​ម៉ូតូ​កែច្នៃ​មួយចំនួនទៀត ក៏ត្រូវ​បាន​ដុត​កម្ទេចចោល​ដែរ​។​
 
​បើតាម​អ្នកនាំពាក្យ កងកម្លាំង បាន​រឹបអូស​ឈើ​ជាង​២​ពាន់​ម៉ែត្រ​គីប និង​បាន​ចាប់​ឈ្មួញ​៤​នាក់​ហើយ ក្នុង​រយៈពេល នៃ​ការដាក់ចេញ​វិធានការ​ក្តៅ​នេះ​។ លោក អះអាងថា ឈើ​ដែល​រឹបអូស​បាន  ត្រូវបាន​រក្សាទុក នៅ​រដ្ឋបាល​ព្រៃឈើ​។ លោក លើកឡើងថា បទល្មើស​ព្រៃឈើ​ទាំងនេះ កើត​នៅ​ខេត្តមណ្ឌលគិរី​ច្រើនជាងគេ​។ 
 
​នៅ​ដើមខែ​កក្កដា ឆ្នាំ​២០១៩​នេះ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ដាក់ចេញ​វិធានការ​ថ្មី​មួយ ដោយ​ប្រកាសថា ធ​ម្យោ​បាយ​ផ្សេងៗ ដូចជា រថយន្ត គោយន្ត និង ម៉ូតូ ជាដើម ដែល​ប្រើប្រាស់​សម្រាប់​ដឹកឈើ​ខុសច្បាប់ នឹងត្រូវ​ដុត​កម្ទេចចោល ពេល​ចាប់បាន​។ 
 
​ក្រោយមក លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​សម្រួល​វិធានការ​នេះ​បន្តិច​វិញ ដោយ​បញ្ជា​ទៅ​កងកម្លាំង​និង​មន្ត្រី​របស់លោក ឲ្យ​រក្សាទុក​ឈើ និង​រថយន្ត​ដែល​នៅមាន​គុណភាព សម្រាប់​ប្រើប្រាស់​វិញ ដោយ​មិនត្រូវ​ដុត​កម្ទេចចោល​ឡើយ​។ ប៉ុន្តែ ចំពោះ​រថយន្ត​កែច្នៃ​សម្រាប់​ដឹកឈើ ដូចជា រថយន្ត​ប៉ា​កុង​ជាដើម លោក នៅតែ​ឲ្យ​ដុត​កម្ទេចចោល​ដដែល​។ 
 
​លោក អេង ហ៊ី បញ្ជាក់​ត្រង់ចំណុច​នេះ​ដូច្នេះ​ថា​៖«​រថយន្ត ដែល​នៅ​ប្រើ​បាន និង រថយន្ត​នៅ​ថ្មី​និង​ធម្មតា ដែល​មិនទាន់​កែច្នៃ គឺ​យើង​រក្សាទុក​។ ឯរ​ថយន្ត​កែច្នៃ គឺ​យើង ដុត​ក​ម្ទេច​ចោល​»៕ 
 

Tag:
 អេង ហ៊ី​
  បទល្មើស​ព្រៃឈើ​
  កម្ទេច​រថយន្ត​ដឹកឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com