ថៃ បើក​បង្ហូរទឹក​ពី​ទំនប់​វា​រី​អគ្គិសនី ២ ដើម្បី​សង្គ្រោះ​ដំណាំ​ស្រូវ ទើប​ដាំ​ថ្មី​
សង្គមអន្តរជាតិ​
អន្តរជាតិ
ថៃ បើក​បង្ហូរទឹក​ពី​ទំនប់​វា​រី​អគ្គិសនី ២ ដើម្បី​សង្គ្រោះ​ដំណាំ​ស្រូវ ទើប​ដាំ​ថ្មី​
24, Jul 2019 , 12:15 pm        
រូបភាព
ទំនប់វារីអគ្គិសនី Bhumibol (ប្រភពរូប៖ egat.co.th)
ទំនប់វារីអគ្គិសនី Bhumibol (ប្រភពរូប៖ egat.co.th)
ការបើក​បង្ហូរទឹក​ចេញពី​ទំនប់​វា​រី​អគ្គិ​សី​សំខាន់ ២ របស់​ប្រទេស​ថៃ រួមមាន Bhumibol និង Sirikit កំពុង​ប្រព្រឹត្ត​ទៅក្នុង​ល្បឿន​លឿន​រហ័ស ក្នុង​គោលដៅ​ឆ្លើយតប​ឲ្យ​ទាន់ពេលវេលា​ចំពោះ​តំបន់​ជាច្រើន​ដែល​កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត និង​ជួយសង្គ្រោះ​ដំណាំ​ស្រូវ ដែល​ទើប​ត្រូវបាន​ប្រជាកសិករ​ថៃ​ដាំ កាលពីពេល​ថ្មីៗ ។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងកសិកម្ម​ថៃ​។



​នៅ​ថ្ងៃទី​២៤ កក្កដា អនុរដ្ឋមន្ត្រី​កសិកម្ម​ថៃ លោក Prapat Pothasuthon បាន​លើកឡើងថា ទំនប់​វា​រី​អគ្គិសនី Bhumibol ក្នុង​ខេត្ត Tak ភាគ​ខាងលិច​នៃ​ប្រទេស​ថៃ  កំពុង​បង្ហូរទឹក​នៅ​កម្រិត ២៥​លាន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ ដែល​កើនឡើង​ពី ២៣​លាន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ អំឡុងពេល​វេលា​ដដែល កាលពី​ឆ្នាំមុន​។

​តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ លោក​អនុរដ្ឋមន្ត្រី​ថៃ​ដដែល​នេះ បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ទំនប់​វា​រី​អគ្គិសនី Sirikit ក្នុង​ខេត្ត ភាគ​ខាងជើង នៃ​ប្រទេស​ថៃ បាន​បង្ហូរទឹក ២០​លាន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ដែល​កើនឡើង ១​លាន​ម៉ែត្រគូប បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ។

​ទំនប់​វា​រី​អគ្គិសនី​ទាំងពីរ​នេះ បាន​បង្កើន​កម្រិត​នៃ​ការបង្ហូរ​ទឹក កាលពី​ថ្ងៃអាទិត្យ​ទី​២១ កក្កដា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Prapat ដោយ​បន្ថែមថា ស្ថានីយ៍​បូមទឹក​ជាង ៤០០​កន្លែង នៅតាម​ដង​ទន្លេ Ping និង Nan ត្រូវបាន​អាជ្ញាធរ​ដាក់​បញ្ជា​ឲ្យ​ផ្អាក​ដំណើរការ​រយៈពេល​៣​ថ្ងៃ​សិន ដើម្បី​អាច​ឲ្យ​ទឹក​ដែល​បង្ហូរ​ចេញពី​ទំនប់​វា​រី​អគ្គិសនី​ទាំងពីរ អាច​ហូរ​ទៅដល់​តំបន់​គោលដៅ​។ 

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏បាន​ណែនាំ​ឲ្យ​កង​យោធា​ថៃ​បើក​ប្រតិបត្តិការ បង្កើត​ទឹកភ្លៀង​សិប្ប​និ​ម្ម​ត ដើម្បី​ស្រោច​លើ​តំបន់​ដែល​កំពុង​ជួបប្រទះ​នឹង​គ្រោះរាំងស្ងួត​ផងដែរ​។  ប្រមុខ​រដ្ឋាភិបាល​ថៃ​រូបនេះ ក៏បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ចុះ​ពិនិត្យ​តំបន់​មួយចំនួន ដែល​អាច​ប្រឈមមុខ​នឹង​ហានិភ័យ​អណ្តូងទឹក​ក្លាយជា​ស្ងួត​ហួតហែង​៕
 


Tag:
 ថៃ​
  កសិកម្ម​
  ដំណាំ​ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com