ជាតិ
រដ្ឋមន្ត្រី​ដែនដី ស្នើ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ចាត់ការ​ក្រុមហ៊ុន​និង​ម្ចាស់​សំណង់​គ្មាន​ច្បាប់​
24, Jul 2019 , 8:19 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួង៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់
រូបពីហ្វេសប៊ុកក្រសួង៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់
​ភ្នំពេញ​៖ លោក ជា សុផារ៉ា ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង សំណង់ បានស្នើ​ទៅគ្រប់​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​ចាត់វិធានការ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​សាងសង់ ដែល​គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​អាជីវកម្ម​សាងសង់ និង​ម្ចាស់​សំណង់ ដែល​គ្មាន​លិខិត​អញ្ញាត​ពី​អាជ្ញាធរ​។ សំណើ​នេះ ធ្វើឡើង​តាមរយៈ​សេចក្តីជូនដំណឹង ដែល​ចេញ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​។ 


 
​លោក​រដ្ឋមន្ត្រី​ដែនដី បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ថា ការចាត់វិធានការ​នេះ គឺ​ដើម្បី​ធានា​ការសាងសង់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​។ លើសពីនេះ គឺ​ដើម្បី​ធានា​ឲ្យ​បាន​សុវត្ថិភាព​សំណង់ និង​ការពារ​ទ្រព្យសម្បតិ្ត​របស់​របស់​អ្នកប្រើប្រាស់​និង​សាធារណជន​។​
 
​ជុំវិញ​បញ្ហា​នេះ​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបំភ្លឺ​បន្ថែម​ពី​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​ដែនដី​បានទេ នា​ថ្ងៃទី​២៤ ខែកក្កដា​នេះ ដោយ​លោក​អះអាងថា កំពុង​ជាប់រវល់​។ 
 
​កាលពីពេល​ថ្មីៗ​នេះ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ធានាថា​គ្រប់​សំណង់​ទាំងអស់ មានច្បាប់​អនុញ្ញាត​។​
 
​ចំណែក លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ទាំងអស់​ថា មិនត្រូវ​អនុញ្ញាត​ឲ្យ​សំណង់​ខុសច្បាប់ ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្ដាញ​លូ​សាធារណៈ​ឡើយ​។ លោក​បាន​ឲ្យ​មន្ត្រី ពិនិត្យ​តាមដាន​ឡើងវិញ​នូវ​ការស្នើសុំ​ត​ភ្ជាប់ និង​ប្រើប្រាស់​បណ្ដាញ​លូ​សាធារណៈ​។ 
 
​គួររម្លឹកថា ចាប់ពី​ឆ្នាំ​២០០០ ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៩ ក្រសួង​រៀបចំ​ដែនដី បានចេញ​លិខិតអនុញ្ញាត​សាងសង់​ជាង​៤,៥​ម៉ឺន​គម្រោង ដែលមាន​ផ្ទៃ​សាងសង់​ជាង​១២០​លាន​ម៉ែត្រការ៉េ ជាមួយនឹង​តម្លៃ​វិនិយោគ​ប៉ាន់ស្មាន​ជាង​៤៥​ពាន់​លាន​ដុល្លារ​។ ដោយឡែក ក្នុង​ឆ្នាំ​២០១៨ កម្ពុជា បានផ្តល់​ការអនុញ្ញាត លើ​គម្រោង​សាងសង់​ជិត​៣​ពាន់​គម្រោង មានតម្លៃ​ជាង​៥​ពាន់ លាន​ដុល្លារ​៕

Tag:
 ជា សុផារ៉ា​
  សំណង់​
© រក្សាសិទ្ធិដោយ thmeythmey.com