ជាតិ
Keisuke Honda ទម្លាក់​ទុន​ឲ្យ​ក្រុមហ៊ុន​មួយ ជួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​
24, Jul 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រៅពី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda បានសម្រេច​ចិត្ត​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា និង​ឥណ្ឌា ជាមួយ​ក្រុមហ៊ុន AGRIBUDDY Limited របស់​ជប៉ុន កាលពី​ថ្ងៃទី ២៣ ខែកក្កដា ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Agribuddy ។ 

 
​មិន​ត្រឹមតែ​ជា​កីឡាករ​បាល់ទាត់​ដ៏​ល្បីឈ្មោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក ហុងដា ក៏​ជា​ឥស្សរជន​ចូលរួម​នៅក្នុង​សកម្មភាព​មនុស្សធម៌ និង​វិស័យ​អប់រំ​ជាដើម​។ ជាក់ស្ដែង​លោក ហុងដា បាន​បង្កើត​មូលនិធិ​មួយ​ដែលមាន​ឈ្មោះថា  KSK Angel Fund ក្នុង​បំណង​ធ្វើ​ឲ្យ​ពិភពលោក​ក្លាយ​ជាទី​មនោ​រម្យ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ តាមរយៈ​បេសកកម្ម​កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​ឲ្យ​មនុស្ស​គ្រប់គ្នា​ទទួលបាន​ការអប់រំ​ដោយ​ស្មើភាព​គ្នា​។ ក្រៅពីនេះ​លោក ហុងដា ក៏បាន​បង្កើត​សាលា​ហ្វឹកហាត់​បាល់ទាត់​ចំនួន ៨០ កន្លែង​ទូទាំង​សកលលោក​ទៀតផង​។ ជា​ជំហាន​បន្ទាប់ពី​សកម្មភាព​មនុស្សធម៌ និង​វិស័យ​អប់រំ អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន​រូបនេះ ក៏បាន​សម្រេចចិត្ត​ទម្លាក់​ទុនវិនិយោគ​នៅក្នុង​វិស័យ​កសិកម្ម ដែល​គាំទ្រ​ទៅ​អាជីវកម្ម​បង្កើត​ថ្មីៗ (Start Up) ជាមួយ​ក្រុមហ៊ុន​ជប៉ុន Agribuddy ផងដែរ​។ 


 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Agribuddy ដែល​បាន​ស្រង់​សម្តី​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ (Keisuke Honda) យ៉ាង​ដូច្នេះ​ថា​៖«​យើង​បាន​មើលឃើញ​នូវ​សក្ដានុពល​ជាច្រើន​របស់ Agribuddy ក្នុង​ការផ្ដល់សេវា​(​ប្រឹក្សា​យោបល់​)​ដល់​កសិករ​ឲ្យ​បាន​កាន់តែ​ប្រសើរ តាមរយៈ​ប្រតិបត្តិការ​សម្របសម្រួល​ហិរញ្ញប្បទាន​ដល់​កសិកម្ម និង​ការស្វែងរក​ទីផ្សារ​ឲ្យ​បាន​ច្រើន​សម្រាប់​កសិផល​របស់​កសិករ​។ ទាំងអស់នេះ​មាន​ភាព​ស៊ីគ្នា​ទៅនឹង​បេសកកម្ម​របស់​យើង​»​។ 
 
​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Agribuddy លោក Kengo Kitaura បាន​និយាយថា កីឡាករ​បាល់ទាត់​ដ៏​ល្បី​រូបនេះ នឹង​ជួយ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​លោក កាន់តែ​រឹងមាំ​ថែមទៀត​ក្នុងការ​លើកកម្ពស់​កសិក​រ​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ទំហំ​នៃ​ការវិនិយោគ​របស់លោក ហុងដា នោះទេ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក Kengo Kitaura បាន​និយាយថា​៖«​នេះ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​រំភើបចិត្ត​សម្រាប់​ពួកយើង ស្របពេល​ដែល​យើង​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​សហគមន៍​កសិករ​ឲ្យ​បាន​រឹងមាំ និង​លូតលាស់​រីកចម្រើន តាមរយៈ​ការជួយ​សម្របសម្រួល​ស​កម្ម​ភាព​ផលិតកម្ម​កសិករ និង​ការគ្រប់គ្រង​ចង្វាក់​តម្លៃ​កសិកម្ម​»​។​
 
​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Agribuddy រូបនេះ សង្ឃឹម​យ៉ាង​មុតមាំ​ថា កសិករ​នឹង​ទទួលបាន​ផលប្រយោជន៍​បន្ថែមទៀត ក្រោម​ការជួយ​គាំទ្រ និង​ការវិនិយោគ​ពី​លោក ហុងដា នេះ​។ ក្រៅពី​បោះទុន​វិនិយោគ លោក ហុងដា ក៏​ជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន Agribuddy ផងដែរ​។ ​
 
​ ក្រុមហ៊ុន Agribuddy ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​កសិក​ម្ម ដែល​បាន​បង្កើតឡើង​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៥ ដែល​ផ្ដល់​ការប្រឹក្សា​យោបល់ វាយតម្លៃ និង​ជួយ​រក​ទីផ្សារ​ដល់​កសិករ​។ ក្រុមហ៊ុន​នេះ បានធ្វើ​ការងារ​យ៉ាង​ជិតស្និទ​ជាមួយនឹង​កសិករ​រាប់ពាន់នាក់ នៅក្នុង​បណ្ដា​ខេត្ត​ចំនួន​៧ រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និង​កំពង់ធំ ដើម្បី​ជំរុញ​ការដាំដុះ​លើ​ដាំ​ណាំ​ស្រូវ ដំឡូង និង​ពោត និង​ការលើកកម្ពស់​ជីវភាព​របស់​កសិករ​ជាដើម​៕

Tag:
 ហុងដា​
  កសិកម្ម​
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com