អន្តរជាតិ
លោក ត្រាំ ប្រើអំណាចវ៉េតូដើម្បីបន្តគម្រោងលក់អាវុធឲ្យសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត នាពេលកន្លងមក។ រូបភាព AFP
× នៅថ្ងៃទី២៤ ខែកក្កដា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រើអំណាចវ៉េតូលើដំណោះស្រាយចំនួនបីរបស់សភាហាមឃាត់រដ្ឋាភិបាលអាមេរិកលក់អាវុធឲ្យសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា។ លោក ត្រាំ ប្រាប់សភាថា ទំនាក់ទំនងរវាងអាមេរិក និងសម្ព័ន្ធមិត្តដូចជាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមជាដើម នឹងរងផលប៉ះពាល់ បើគម្រោងលក់អាវុធនេះត្រូវផ្អាកនោះ។ ប៉ុន្តែរដ្ឋបាលលោក ត្រាំ ទំនងមិនបានគិតដល់វិនាសកម្មនៅយេម៉ែន ដែលកើតចេញពីអាវុធទាំងនេះឡើយ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរសំបុត្រផ្ញើទៅកាន់ព្រឹទ្ធសភាអាមេរិក ដើម្បីបង្ហាញជំហរបដិសេធដំណោះស្រាយរបស់ស្ថាប័ននីតបញ្ញត្តិដែលរឹតត្បិតការលក់អាវុធឲ្យមិត្តភក្តិនៅមជ្ឈិមបូព៌ា។ ក្នុងសំបុត្រថ្ងៃទី២៤ ខែកក្កដា លោក ត្រាំ ប្រាប់សភាអាមេរិកថា ដំណោះស្រាយចំនួនបីនោះ ធ្វើឲ្យសមត្ថភាពប្រកួតប្រជែងសាកលរបស់អាមេរិក ទន់ខ្សោយ និងបំផ្លាញទំនាក់ទំនងដ៏សំខាន់រវាងអាមេរិក និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា។
នេះជាលើកទីបីហើយដែលលោក ត្រាំ ប្រើអំណាចវ៉េតូប្រឆាំងការសម្រេចរបស់សភា ចាប់តាំងចូលកាន់តំណែងនៅឆ្នាំ២០១៧ មក។ លើរឿងលក់អាវុធនេះ រដ្ឋបាលលោក ត្រាំ ក្នុងខែឧសភាកន្លងទៅ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដើម្បីអាចលក់អាវុធបាន។ តាមពិតទៅ នេះក៏ជារឿងកម្រមានដែរនៅពេលរដ្ឋាភិបាលអាមេរិក ប្រកាសភាពអាសន្នដើម្បីគ្រាន់តែបើកផ្លូវដល់ការលក់អាវុធ ដោយមិនឆ្លងកាត់សភា។
សភាទាំងពីររបស់អាមេរិក បានបោះឆ្នោតជាបន្តបន្ទាប់ប្រឆាំងគម្រោងលក់អាវុធមានតម្លៃជាង៨ពាន់លានដុល្លារនេះ ក្រោមក្ដីបារម្ភថា វានឹងធ្វើឲ្យសង្គ្រាមនៅយេម៉ែនកាន់តែយ៉ាប់យ៉ឺន ហើយអាវុធរបស់អាមេរិកនឹងចូលក្នុងមហន្តរាយ និងវិបត្តិមនុស្សធម៏ធំមួយនេះ។ នេះក៏ព្រោះតែអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ជាមេដឹកនាំនៃសម្ព័ន្ធមិត្តចម្រុះដែលប្រយុទ្ធក្នុងសង្គ្រាមនៅយេម៉ែន តទល់នឹងក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់។
ជានីតិវិធីបន្ទាប់ សភាអាមេរិកត្រូវរកសំឡេងឲ្យពីរភាគបីដើម្បីបដិសេធអំណាវ៉េតូរបស់លោក ត្រាំ បើចង់បិទផ្លូវគម្រោងលក់អាវុធនេះ។ បើមិនអាចប្រមូលសំឡេងគ្រប់ពីរភាគបីទេនោះ រដ្ឋាភិបាលលោក ត្រាំ នឹងអាចលក់អាវុធឲ្យសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ាបានតែម្ដង។
វិបត្តិនៅយេម៉ែនដែលមានអាយុជាង៧ឆ្នាំមកហើយនោះ រកច្រកចេញមិនទាន់ឃើញឡើយ ទោះជាមនុស្សជាច្រើនបានស្លាប់ ហើយរាប់ម៉ឺននាក់ទៀត បាត់បង់ផ្ទះសម្បែងក៏ដោយចុះ។ មិនមែនរឿងនៅយេម៉ែននេះឡើយ ឃាតកម្មអ្នកកាសែត Jamal Kashoggi ក៏ជារឿងដែលធ្វើឲ្យសមាជិកសភាអាមេរិកមិនពេញចិត្តនឹងអារ៉ាប៊ីសាអូឌីតដែរ។ មកទល់ពេលនេះ ពន្លឺយុត្តិធម៌មានតិចតួច ឯមេក្លោងក៏រកមិនឃើញដូចគ្នាដែរ ទោះក្រុងរីយ៉ាដចាត់ការមនុស្សជាច្រើនហើយក្ដី៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com