ពីនេះ ពីនោះ
«​ចិត្តល្អ ក្រ​ខ្លួន​»៖ ន័យ​សុភាសិត​នេះ​ត្រឹមត្រូវ​ឬទេ​?
27, Jul 2019 , 10:06 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​តថភាព​សង្គម បើទោះបីជា​គេ​ផ្ដល់ឱកាស​ស្មើរៗ​គ្នា​ទៅឱ្យ​មនុស្ស​គ្រប់រូប​ក៏ដោយ ក៏​មនុស្ស​ទាំងអស់​មិនមាន​សមត្ថភាព និង​លទ្ធភាព​ស្មើគ្នា​ដែរ​។ ហេតុនេះហើយ បាន​ជាមាន​អ្នកមាន អ្នកក្រ អ្នករងគ្រោះ ជាដើម​។ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​នេះ ជាទូទៅ ក្នុង​គោលការណ៍​សីលធម៌​តែងតែ​លើកទឹកចិត្ត​ឱ្យ​មនុស្ស​មានចិត្ត​ល្អ ចិត្តសប្បុរស លះបង់​ទ្រព្យសម្បត្តិ ដើម្បី​ជួយ​ដល់​អ្នកក្រ ឬ​អ្នករងគ្រោះ​ទាំងនោះ​។ ចុះ​ហេតុអ្វី​បានជា​បុព្វបុរស​ខ្មែរ​បានលើកឡើង​នូវ​សុភាសិត​មួយ​ថា​«​ចិត្តល្អ​ក្រ​ខ្លួន​»​ទៅវិញ​។ តើ​សុភាសិត​នេះ​មាន​អត្ថន័យ​ដូចម្ដេច​? តើ​វា​មាន​ខ្លឹមសារ​អប់រំ​យ៉ាងណាដែរ​?



​យោងតាម​គោលការណ៍​សីលធម៌ «​ចិត្តល្អ​»​សំដៅយក​ចិត្ត​បរិសុទ្ធ​, ចិត្ត​ពោរពេញ​ដោយ​អហិង្សា មេត្តា ករុណា ឧបេក្ខា និង​ចិត្ត​សន្ដោស ព្រមទាំង​ចិត្ត​ពោរពេញ​ដោយ​មនុស្សធម៌ ដែល​តែងតែ​ជួយ​អ្នកដទៃ​ក្នុង​គ្រាក្រ គ្រា​លំបាក គ្រា​មាន​អាសន្ន ជាដើម​។ ការជួយ​នេះ​ធ្វើឡើង​ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​សម្ភារៈ​ឬ​ទ្រព្យសម្បត្តិ​។ បើ​ពិនិត្យ​ជារួម​លើ​ខ្លឹមសារ​នេះ «​ចិត្តល្អ​» គ្មាន​ចំណុច​អវិជ្ជមាន​ទេ វា​ជា​ប្រការ​ដែល​មនុស្ស​គ្រប់គ្នា​គួរ​ធ្វើជា​ប្រក្រតី​។ ចុះ​ហេតុអ្វី​បានជា​បុព្វបុរស​ខ្មែរ​បាន​លើកឡើងថា «​ចិត្តល្អ​ក្រ​ខ្លួន​» ដែល​ស្ដាប់ទៅ​ហាក់ដូច​ជាមាន​អត្ថន័យ​ផ្ទុយ​ពី​គោលការណ៍​សីលធម៌​ខាងលើ​ទៅវិញ​?
 
​ជា​ការណ៍​ពិត អ្វីៗ​ក៏មាន​កម្រិត មាន​ព្រំដែន និង​របៀប​ដែល​ត្រូវធ្វើ​ជាក់លាក់​ដែរ​។ ដូចគ្នា​ដែរ ការធ្វើ​អំពើ​ល្អ ឬ​ការ​អនុវត្តិ​នូវ​ចិត្តល្អ ដែលជា​កាតព្វកិច្ច​សីលធម៌​របស់​មនុស្ស​គ្រប់រូប ក៏ត្រូវ​តែ​ប្រព្រឹត្ត​ទៅតាម​លទ្ធភាព​នៃ​សមត្ថភាព កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និង​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​ដែរ​។ បើ​ពុំ​ដូច្នោះ​ទេ សប្បុរសជន​ខ្លួនឯង​នឹង​ជូ​ប​វិបត្តិ​ផ្សេងៗ រួមមាន​វិបត្តិ​សេដ្ឋកិច្ច ឬ​ហានិភ័យ​ផ្សេងៗ​ដោយ​ចៀស​មិន​រួច​ឡើយ​។​
 
​លើសពីនេះ​ទៀត ថ្វីបើ​មនុស្ស​ម្នាក់ៗ​ត្រូវបាន​សីលធម៌​សង្គម​ជំរុញឱ្យមាន​ការជួយ​សង្គ្រោះ ការចែករំលែក ការធ្វើ​ទាន និង​ការផ្ដល់​អំណោយ​មនុស្សធម៌​ជនរងគ្រោះ ឬ​ជនក្រីក្រ​ក៏ដោយ ក៏​មិន​មានន័យថា មនុស្ស​ម្នាក់ៗ​ត្រូវតែដើរ​ជួយ​ជនរងគ្រោះ ឬ​ជនក្រីក្រ គ្រប់ពេល គ្រប់​ច្រកល្ហក និង​ត្រូវ​ផ្ដល់​ទ្រព្យ​ដែល​ខ្លួន​មាន​ទាំងអស់​ដល់​អ្នក​ទាំងនោះ ដោយ​ខ្លួនឯង​មិនបាច់​ធ្វើការ​ងារ រកស៊ី រក​ចំណូល ឬ​រៀនសូត្រ​អ្វី​នោះទេ​។ ប្រសិនបើ​យើង​មិន​រៀនសូត្រ តើ​យើង​បាន​ចំណេះដឹង ឬ​សមត្ថភាព​អ្វី​ទៅ​ជួយ​អ្នក​ដែល​ត្រូវការ​ជំនួយ​នោះ​? ប្រសិនបើ​យើង​មិន​ធ្វើ​ការងារ មិន​រកស៊ី មិន​រក​ចំណូល តើ​យើង​នឹង​បាន​ទ្រ​ព្រ​សម្បត្តិ ឬ​ធនធាន​ពី​ណា​សម្រាប់​ជួយ​មនុស្ស​ដែល​ត្រូវការ​ជំនួយ​ទាំងអស់នោះ​? ម្យ៉ាងទៀត បើ​ការជួយ​របស់​យើង​វា​ធំ​ជាង​ចំណូល​ឬអ្វី​ដែល​យើង​មាន នោះ​វា​ពិតជា​ធ្វើឱ្យ​យើង​ក្រ​ដោយ​ចៀស​ពុំរួច​។ ហេតុ​ដូច្នេះហើយ បានជា​បុព្វបុរស​ខ្មែរ​បានលើកឡើង​នូវ​សុភាសិត​ថា​«​ចិត្តល្អ​ក្រ​ខ្លួន​»​នេះ​មក​ដាស់សតិ​របស់​ប្រជាជន​ខ្មែរ​។   
 
​ខ្លឹមសារ​អប់រំ​ក្នុង​សុភាសិត​«​ចិត្តល្អ​ក្រ​ខ្លួន​» មិនមាន​បំណង​រារាំង​មិនឱ្យ​មនុស្ស​ម្នាក់ៗ​បំពេញ​កាតព្វកិច្ច​សីលធម៌​របស់ខ្លួន​នោះទេ គ្រាន់តែ​ចង់​ដាស់តឿន​ឱ្យ​មនុស្ស​ម្នាក់ៗ ធ្វើអំពើ​ល្អ ឬ​អនុវត្តិ​នូវ​ចិត្តល្អ​របស់ខ្លួន​ដោយ​ផ្អែកលើ​លទ្ធភាព​នៃ​សមត្ថភាព កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និង​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​។ ជាពិសេស ចង់​អប់រំ​ប្រជាជន​ខ្មែរ ក៏ដូចជា​យុវជន​ខ្មែរ​ឱ្យ​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់ ទាំង​កម្រិត​សមត្ថភាព លទ្ធភាព ទ្រព្យសម្បត្តិ និង​ពេលវេលា​ដែល​ខ្លួន ហើយ​ត្រូវ​ចេះ​ថ្លឹង​ថ្លែងថា តើ​យើង​ត្រូវ​លះបង់​កម្រិតណា​ឱ្យ​សមស្រប​នឹង​អ្វីដែល​ខ្លួន​មាន ដើម្បី​កុំឱ្យ​ខ្លួនឯង​ដែលជា​អ្នក​ជួយ​ក្លាយជា​ន​ជនរងគ្រោះ​ទៅវិញ​។ 
 
​លើសពីនេះ​ទៀត គួរ​ជួយ​តែ​អ្នកណា​ដែល​ត្រូវ​ជួយ ពោលគឺ​ជួយ​តែ​ជនរងគ្រោះ ឬ​អ្នកក្រ​ពិតប្រាកដ មិនមែន​ជួយ​អ្នក​ខ្ជិល ឬ​អ្នក​ខ្ជះខ្ជាយ ដែល​ចាំតែ​ពឹង​ផ្អែកលើ​អ្នកដទៃ ឬ​ពឹង​លើ​ជំនួយ​នោះទេ​។ បើ​ពុំ​ដូច្នោះ​ទេ ជំនួយ​អ្នកនឹង​មិនសូវមាន​ប្រយោជន៍ មិនបាន​រួមចំណែក​អភិវឌ្ឍ​សង្គម និង​កែប្រែ​សង្គម​ឡើយ​។ មិន​តែ​បុ​ណ្ណោះ សប្បុរសជន​ខ្លួនឯង ក៏​អាច​នឹង​ជូ​ប​វិបត្តិ​ផ្សេងៗ រួមមាន​ហានិភ័យ​ផ្សេងៗ ឬ​វិបត្តិ​សេដ្ឋកិច្ច​(​ក្រ​ខ្លួន​) ដោយ​ចៀស​មិន​រួច​ឡើយ​៕
 
​ដោយ​សាស្ត្រ​ចា​រ្យ ឈ​ត ប៊ុន​ថង​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com