ត្រី​កំភ្លាវ មាន​រហូតដល់ ៦​ប្រភេទ តើ​លោក​-​អ្នក អាច​ចំណាំបាន​ប៉ុន្មាន​ប្រភេទ​?
ពីនេះ ពីនោះ / មិនយល់...!
សង្គមជាតិ
ត្រី​កំភ្លាវ មាន​រហូតដល់ ៦​ប្រភេទ តើ​លោក​-​អ្នក អាច​ចំណាំបាន​ប៉ុន្មាន​ប្រភេទ​?
27, Jul 2019 , 2:22 pm        
រូបភាព
១) ត្រី​កំភ្លាវ  ២)​ត្រី​កំភ្លាវ​ស្ទឹង  ៣) ត្រី​កំភ្លាវ​ស  ៤) ត្រី​កំភ្លាវ​ប្រាក់  ៥) ត្រី​កំភ្លាវ​ប្រាក់  ៦) ត្រី​កំភ្លាវ​ខ្លាញ់​។ រូបភាព​៖ Field Guide to Fishes of the Cambodian Freshwater Bodies
១) ត្រី​កំភ្លាវ ២)​ត្រី​កំភ្លាវ​ស្ទឹង ៣) ត្រី​កំភ្លាវ​ស ៤) ត្រី​កំភ្លាវ​ប្រាក់ ៥) ត្រី​កំភ្លាវ​ប្រាក់ ៦) ត្រី​កំភ្លាវ​ខ្លាញ់​។ រូបភាព​៖ Field Guide to Fishes of the Cambodian Freshwater Bodies
 គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​ឥត​ស្រកា​មួយ​ប្រភេទ ជា​ប្រភេទ​ត្រី​ទឹកសាប ដែលមាន​រហូតដល់​ប្រាំមួយ​ប្រភេទ គឺ​ត្រី​កំភ្លាវ​។ ត្រី​ប្រភេទ​នេះ វា​រស់នៅក្នុង​ទន្លេ ស្ទឹង អូរ ព្រែក និង​តំបន់​វាលទំនាប​លិច​ទឹក​។

 
​ទី​១) ត្រី​កំភ្លាវ មានឈ្មោះ​វិទ្យាសាស្ត្រ (Kryptopterus dissitus) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Indochinese sheatfish​។ មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៧.៦ ស​.​ម​។ មាន​រស់​នៅតាម​ទន្លេ​មេ និង​ដៃទន្លេ​របស់​វា​។ វា​ស៊ី​ត្រី​តូចៗ សត្វល្អិត និង​កំពឹស​ជា​អាហារ​។ ត្រី​កំភ្លាវ ប្រភេទ​នេះ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម​ជា​ប្រភេទ​ត្រី​ដែល​ខ្វះ​ទិន្នន័យ IUCN Red List Data Deficient (DD) ក្នុង​ឆ្នាំ ២០១១​។​
 
​ទី​២) ត្រី​កំភ្លាវ​ស្ទឹង មានឈ្មោះ​វិទ្យាសាស្ត្រ ឈ្មោះ​ចាស់ (Kryptopterus cheveyi) និង ឈ្មោះ​ដែល​ទើបនឹង​កំណត់​សត្ត​សញ្ញាណ​កម្ម​ថ្មី (Micronema cheveyi) ។ បញ្ជាក់​៖ សូម​ប្រើ​ឈ្មោះ​ថ្មី​ត្រឹមត្រូវ​ជាង​។ វា​មាន​ប្រវែង​ដងខ្លួន​សរុប ៣៥ ស​.​ម​។ ត្រី​ប្រភេទ​នេះ រស់នៅក្នុង​ទន្លេ ស្ទឹង អូរ ព្រែក និង​វាលទំនាប​លិច​ទឹក​។ វា​ស៊ី​ត្រី​ល្អិតៗ សត្វល្អិត និង​ប្លង់តុង​រុក្ខជាតិ​ជា​អាហារ​។ ត្រី​កំភ្លាវ​ស្ទឹង ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម​ជា​ប្រភេទ​ត្រី​ខ្វះ​ទិន្នន័យ IUCN Red List Data Deficient (DD) ក្នុង​ឆ្នាំ ២០១១​។​
 
 ទី​៣) ត្រី​កំភ្លាវ​ស មានឈ្មោះ​វិទ្យាសាស្ត្រ (Kryptopterus paraschilbeides)​។ មាន​ប្រវែង​ដងខ្លួន​សរុប ៨.៣ ស​.​ម​។ នៅក្នុង​ទន្លេមេគង្គ ក្នុងប្រទេស​កម្ពុជា ត្រី​ប្រភេទ​នេះ ធ្វើចរាចរ​ផ្លាស់​ទី​ចូលទៅ​ក្នុងព្រៃ​លិច​ទឹក អំឡុងពេល​រដូវ​ទឹក​ឡើង និង​ត្រឡប់​ចូលទៅក្នុង​ទន្លេ​វិញ ក្នុង​ខែវិច្ឆិកា និង​រស់នៅ​ទីនោះ​រហូតដល់​ខែមីនា​។ វា​ស៊ី​សត្វ​ដែល​ឥត​ឆ្អឹងខ្នង និង​ត្រី​តូចៗ​។ ត្រី​កំភ្លាវ​ស ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម​ជា​ប្រភេទ​ត្រី​ខ្វះ​ទិន្នន័យ IUCN Red List Data Deficient (DD) ក្នុង​ឆ្នាំ ២០១១​។​
 
​ទី​៤) ត្រី​កំភ្លាវ​ប្រាក់ មានឈ្មោះ​វិទ្យាសាស្ត្រ (Kryptopterus vitreolus) មាន​ប្រវែង​ដងខ្លួន​សរុប ៦.៥ ស​.​ម​។ ត្រី​ប្រភេទ​នេះ ដែល​ឃើញ​មាន​រស់​នៅតាម​តំបន់​ដែលមាន​ទឹក​ហូរ​តិចៗ ឬ​ទឹកនឹង ទឹកល្អក់​តិចៗ ឬ​ល្អក់​ខ្លាំង​។ ត្រី​កំភ្លាវ​ប្រាក់ មិនត្រូវ​បាន​គេ​វាយតម្លៃ និង​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List នៅឡើយ​។​
 
​ទី​៥) ត្រី​កំភ្លាវ​ប្រាក់ មានឈ្មោះ​វិទ្យាសាស្ត្រ (Kryptopterus bicirrhis)  និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Glass catfish​។  មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៥.០ ស​.​ម​។ វា​រស់នៅក្នុង​ទន្លេធំៗ ដែលមាន​ទឹកល្អក់​។ វា​ចូលចិត្ត​រស់នៅក្នុង​ទឹក​ហូរ​លឿន​។ វា​ស៊ី​ត្រី​តូចៗ ជន្លេន សិប្បីជាតិ និង​សត្វល្អិត​។ ត្រី​កំភ្លាវ​ប្រាក់ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម​ជា​ប្រភេទ​ត្រី​ដែលមាន​ការព្រួយបារម្ភ​តិចតួច IUCN Red List Least Concern (LC) ក្នុង​ឆ្នាំ ២០១១​។​
 
​ទី​៦) ត្រី​កំភ្លាវ​ខ្លាញ់ មានឈ្មោះ​វិទ្យាសាស្ត្រ (Kryptopterus geminus)​។ មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៧.១ ស​.​ម​។ ឃើញ​មាន​រស់នៅក្នុង​ទន្លេធំៗ ដែលមាន​ទឹកល្អក់​។​
 
​វា​រស់នៅក្នុង​ទន្លេធំៗ ដែលមាន​ទឹកល្អក់ ស្ទឹង អូរ​។ វា​ស៊ី​ត្រី កំពឹស សត្វល្អិត និង​កូន​សត្វល្អិត​ដែល​ទើបនឹង​ញ៉ាស់​ជា​អាហារ​។ ត្រី​កំភ្លាវ​ខ្លាញ់ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម​ជា​ប្រភេទ​ត្រី​ដែលមាន​ការព្រួយបារម្ភ​តិចតួច IUCN Red List Least Concern (LC) ក្នុង​ឆ្នាំ ២០១១​។​
 
​ជាប្រចាំ​ឆ្នាំ ទឹកទន្លេ​មេគង្គ​ចាប់​ផ្តើមឡើង​ចាប់ពី​ខែមិថុនា​។ ស្របពេល​ជាមួយគ្នានេះដែរ ត្រី​ជាច្រើន​ប្រភេទ ក៏​ចាប់ផ្តើម​ទម្លាក់​ពង និង​ញ៉ាស់​ជា​បណ្តើរៗ តាម​វដ្ត​ពង​-​កូន​របស់​វា​។ កូន​ត្រី​ដែល​ទើបនឹង​ញ៉ាស់​មួយចំនួនធំ ក៏បាន​ធ្វើចរាចរ​ផ្លាស់​ទី​ចូលទៅក្នុង​បឹង​ទន្លេសាប ដើម្បី​រក​ចំណី និង​ធំធាត់​។ ប៉ុន្តែ ក្នុង​ឆ្នាំ ២០១៩ នេះ ទឹកទន្លេ​មេគង្គ ដែលជា​ប្រភពទឹក​ដ៏​ធំ​សម្រាប់​ជីវិត​មច្ឆជាតិ សត្វ កសិកម្ម និង​មនុស្ស​ផងដែរ​នោះ ហាក់​មានការ​ប្រែប្រួល​យ៉ាងខ្លាំង​។ នៅតាម​ដង​ទន្លេមេគង្គ​ទាំងមូល រាប់​ចាប់ពី​ក្នុងប្រទេស​ឡាវ​មក មក​កន្លែង​ខ្លះ​ជម្រៅ​ទឹក​ធ្លាក់ចុះ​ទាប​មែនទែន បើ​ប្រៀបធៀប​ទៅនឹង​កាលពី​ឆ្នាំ ១៩៩២​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ត្រី​ជាច្រើន​ប្រភេទ ហាក់​មានការ​វង្វេងវង្វាន់ ច្រឡំបល់ ចំពោះ​វដ្ត​ពង​-​កូន​របស់​ពួកវា​។ នេះ គឺជា​ការព្រួយបារម្ភ​មួយ ចំពោះ​ធនធាន​មច្ឆជាតិ​នៅក្នុង​អាង​ទន្លេមេគង្គ​ទាំងមូល​។ សូមជួយ​ថែរក្សា និង​ការពារ​ប្រភពធនធាន​មច្ឆជាតិ​ក្នុងប្រទេស​យើងទាំងអស់គ្នា​!

© រក្សាសិទ្ធិដោយ thmeythmey.com