ជាតិ
សង្គមជាតិ
លោក នេត្រ ភក្ដ្រា​៖ កម្ពុ​ជាមាន​សំរាម​ប្រមាណ​៤​លាន​តោន​ក្នុង​មួយឆ្នាំ​
27, Jul 2019 , 2:54 pm        
រូបភាព
​សៀមរាប​៖ សំរាម​បាន​ក្លាយជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​ក៏ដូចជា​ពិភពលោក ដ្បិត​សេដ្ឋកិច្ច​មានការ​រីកចម្រើន ហើយ​ការផលិត​សម្ភារ​ក៏​កាន់តែ​ទំនើប​និង​មាន​ភាពងាយស្រួល​។ តាម​របាយការណ៍​រប​ស់​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន កម្ពុ​ជាមាន​សំរាម​ប្រមាណ​៤​លាន​តោន​ក្នុង​មួយឆ្នាំៗ​។​

 
​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹងថា​នៅ​ទីប្រជុំជន​ជា​រៀងរាល់ថ្ងៃ​បាន​បង្កើត​សំរាម​ប្រមាណ​១​ម៉ឺន​តោន ដែល​សរុប​ប្រចាំឆ្នាំ​កម្ពុ​ជាមាន​សំរាម​ប្រមាណ​៤​លាន​តោន ក្នុងនោះ​បរិមាណ​ប្រមាណ​៥៦​ភាគរយ ត្រូវបាន​ដឹក​ទៅ​ចា​ក់នៅ​ទីលាន​សំរាម​។ បើតាម​ការបញ្ជាក់​ពី​លោក នេត្រ ភក្ដ្រា ក្នុងចំណោម​កាកសំណល់​ប្រមាណ​៤​លាន​តោន មាន​២០​ភាគរយ​ជា​សំរាម​ប្លា​សិ្ទ​ក ២០​ភាគរយ​ដែល​គេ​យកមក​កែច្នៃ​ប្រើប្រាស់​វិញ​បាន និង​ជិត​៣០​ភាគរយ​ទៀត ត្រូវបាន​ប្រជាពលរដ្ឋ​យកទៅ​បោះចោល​នៅតាម​ទីសាធារណ​។​
 
 
​ក្នុង​ពិធី​បើក​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​និង​ផ្សព្វផ្សាយ​កន្ដ្រក​បរិស្ថាន នៅ​ផ្សារ​ចាស់ ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២៧ កក្កដា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បន្ថែមថា ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន​ជា​អ្នក​ផលិត​សំរាម​ខ្ពស់​ជាងគេ​ក្នុងនោះ​បើតាម​តួលេខ ក្នុង​ពលរដ្ឋ​ម្នាក់​បាន​បង្កើត​សំរាម​ប្រមាណ​១​គីឡូក្រាម​ក្នុង​មួយថ្ងៃ និង​ពលរដ្ឋ​នៅតាម​ជនបទ​បង្កើត​សំរាម​ប្រមាណ​កន្លះ​គីឡូក្រាម​ជាប្រចាំ​ថ្ងៃ​។ 
 
​តំបន់​ប្រជុំជន​សំខាន់ៗ​ចំនួន​៣​ដែល​លោក នេត្រ ភក្ដ្រា លើកមកបង្ហាញ​ថា​បាន​ផលិត​សំណល់​ច្រើន​ប្រចាំថ្ងៃ​ច្រើន​គេ ក្នុងនោះ​រួមមាន រាជធានី​ភ្នំពេញ​មាន​សំរាម​ប្រមាណ​៣​ពាន់​តោន ខេត្ត​ព្រះសីហនុ​មាន​ប្រមាណ​៧០០​តោន និង​ខេត្តសៀមរាប​មាន​សំរាម​ប្រមាណ ៣៨០​តោន ហើយ​ក្នុងចំណោម​៣៨០​តោន​នេះ​មាន​ប្រមាណ​២៨០​តោន បាន​ដឹក​យកទៅ​ចាក់​នៅ​ទីលាន​សំរាម ២០​ភាគរយ​អាច​យកមក​កែច្នៃ​បាន និង​៦​ភាគរយ​ទៀត​ត្រូវបាន​បោះចោល​នៅ​ទីសាធារណ​។​
 
 
​សំរាម​ប្លា​ស្ទិ​គឺជា​កម្មវត្ថុ​ដ៏​សំខាន់​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ករ​បស់​ក្រសួងបរិស្ថាន​។ តាម​ការលើកឡើង​រប​ស់លោក នេត្រ ភក្ដ្រា បាន​ប៉ាន់ប្រមាណ​ភាគរយ​នៃ​ប្លា​ស្ទិ​ក​ដែល​ប្រមូលបាន​តាមរយៈ​ការបោះ​សំរាម​តាម​ទីក្រុង​ជាប្រចាំ​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ​មាន​សំណល់​ប្លា​ស្ទិ​ក​ប្រមាណ ១៧,៣​ភាគរយ សៀមរាប​មាន​ប្រមាណ ២០,៧​ភាគរយ និង​ព្រះសីហនុ​មាន​ប្រមាណ​៣៤​ភាគរយ​។ លោក ភក្ដ្រា ពន្យល់ថា ហេតុផល​ដែលមាន​ប្លា​ស្ទិ​ក​ច្រើន​បែបនេះ ដោយសារ​កំណើនសេដ្ឋកិច្ច​មានការ​រីកចម្រើន សង្គម​មានការ​ចាយវាយ​កាន់តែច្រើន ហើយ​បាន​ងាក​ទៅប្រើ​ប្រាស់​ផលិតផល​កាន់តែ​ងាយស្រួល តែ​ទន្ទឹមនឹង​ភាពងាយស្រួល​នោះ វា​ក៏បាន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​សង្គម​ធ្ងន់ធ្ងរ​ដែល​គួរឱ្យ​ព្រួយបារម្ភ​ផងដែរ​។​
 
 
​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ផ្សព្វផ្សាយ​កន្ត្រក​បរិស្ថាន គឺជា​យុទ្ធនាការ​មួយ​របស់​ក្រសួងបរិស្ថាន ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ពី​ការកាត់បន្ថយ និង​ជំរុញ​ការអនុវត្ត​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក ជំរុញ​និង​លើកទឹកចិត្ត​អាជីវករ​ឱ្យ​បញ្ឈប់​ការផ្តល់​ថង់​ប្លា​ស្ទិ​កដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន លើកទឹកចិត្ត​ឱ្យ​ដាក់​របស់របរ​ក្នុង​កន្ដ្រក​បរិស្ថាន​តែមួយ​ជៀសវាង​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ច្រើន និង​ចូលរួម​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​ផលិត​កន្ដ្រក​កញ្ជោរ​។ យុទ្ធនា​ការណ៍​ដែលមាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​នេះ​បានធ្វើ​លើ​តំបន់​គោលដៅ​ចំនួន​៣ មាន​ខេត្តសៀមរាប បាត់ដំបង និង​ព្រះសីហនុ​៕
 


 







 

Tag:
 សំរាម​
  នេត្រ ភក្ដ្រា​
  បរិស្ថាន​
  យុទ្ធនាការ​កាត់បន្ថយ​ថង់​ប្លា​ស្ទិ​ក​
  កន្ដ្រក​បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com