ជាតិ
សង្គមជាតិ
វ័យ៦៩ឆ្នាំហើយ លោកតា ម៉ៅ ប៊ិន នៅតែប៉ះកង់ ដើម្បីចំណូល និងកែអផ្សុក front លោក ម៉ៅ ប៊ិន ជាជាងប៉ះកង់-ម៉ូតូ នៅចិញើមផ្លូវ១៥៥ កែងផ្លូវ៤៥៤ ជិតផ្សារទួលទំពូង តាំងឆ្នាំ១៩៩៤ Credit
× ភ្នំពេញ៖ លោក ម៉ៅ ប៊ិន បានប្រកបមុខរបរជាជាងប៉ះកង់នៅរាជធានីភ្នំពេញ តាំងឆ្នាំ១៩៩៤ មកម្ល៉េះ ដើម្បីជីវភាពរស់នៅរបស់គ្រួសារ។ ទោះមានវ័យ៦៩ឆ្នាំហើយក្តី លោក ម៉ៅ ប៊ិន នៅតែបន្តប្រកបមុខរបរនេះដដែល ក្រៅពីដើម្បីប្រាក់ចំណូល ក៏ដើម្បីកែភាពអផ្សុក ក៏ដូចជាការហាត់ប្រាណប្រចាំថ្ងៃ ដែលលោក ជឿថា អាចនាំឲ្យមានសុខភាពល្អ និងគ្មានជំងឺប្រចាំកាយ។
វេលាម៉ោង៥ព្រឹកព្រលឹមស្រាងៗ បុរសវ័យចំណាស់មួយរូប មានរាងស្គម និងពិការភ្នែកខាងស្តាំ ដោយពាក់មួក បានអូសធុងបូមខ្យល់ និងសម្ភារផ្សេងៗសម្រាប់ប៉ះកង់-ម៉ូតូ ចេញពីផ្ទះដែលមានចម្ងាយជិត១គីឡូម៉ែត្រ មកដាក់នៅចិញ្ចើមថ្នល់ត្រង់ចំណុចផ្លូវ១៥៥កែង៤៥៤ ក្បែរផ្សារទួលទំពូង។
ជាងប៉ះកង់វ័យចំណាស់រូបនេះ បានប្រាប់សារព័ត៌មាន ThmeyThmey ថា លោកបានចាកចេញពីស្រុកកំណើត (ខេត្តព្រៃវែង) មករស់នៅភ្នំពេញ ក្នុងការប្រកបមុខរបរប៉ះកង់-ម៉ូតូ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារ។
«ពីមុនខ្ញុំធ្វើមុខរបរនេះ ដើម្បីរកប្រាក់ចិញ្ចឹមប្រពន្ធ និងកូនៗ ហើយឥឡូវ កូនៗចិញ្ចឹមខ្ញុំវិញហើយ។ ប៉ុន្តែខ្ញុំនៅតែអូសធុងខ្យល់មកប៉ះកង់នៅទីនេះទៀត ព្រោះខ្ញុំនៅផ្ទះតែម្នាក់ឯង អត់មានអ្វីធ្វើ ខ្ញុំអផ្សុកណាស់ ហើយចេះតែឈឺនេះឈឺនោះ។ បើខ្ញុំចេញមកប៉ះកង់ ទោះរកប្រាក់បានតិចតួច ឬមិនបានក្តី ក៏សប្បាយចិត្ត ព្រោះបានជួបគេ ជួបឯង ហើយមិនអផ្សុក។ ការងារនេះ ក៏ដូចជាការហាត់ប្រាណប្រចាំថ្ងៃឱ្យខ្ញុំមានសុខភាពល្អផងដែរ។ សព្វថ្ងៃនេះ ខ្ញុំគ្មានជំងឺធ្ងន់ធ្ងរអ្វីប្រចាំកាយឡើយ»។ នេះជាការអះអាងរបស់ លោក ម៉ៅ ប៊ិន។
បើតាមលោក ម៉ៅ ប៊ិន ក្នុងរយៈពេល២-៣ឆ្នាំចុងក្រោយនេះ មុខរបរជាជាងប៉ះកង់របស់លោក អាចរកប្រាក់បានត្រឹម៥ពាន់ ទៅ ១ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះ បានតិចជាងនេះ ក៏មានដែរ។ បើប្រៀបធៀបនឹងរយៈពេលជាង២០ឆ្នាំមុន លោក ប៊ិន អាចរកប្រាក់បានយ៉ាងហោចណាស់៣ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ទោះបីជាចំណូលពីមុខរបរនេះ ហាក់ធ្លាក់ចុះក្តី ក៏លោក នៅតែអនុវត្តសកម្មភាពដូចសព្វដង ដោយក្រោកពីព្រឹកម៉ោង៥ ហើយម៉ោង៦ល្ងាច អូសសម្ភារត្រឡប់ទៅផ្ទះវិញ។
សព្វថ្ងៃ លោក ប៊ិន នៅតែបន្តធ្វើជាជាងប៉ះកង់-ម៉ូតូ ព្រោះដើម្បីរកចំណូលសម្រាប់ចំណាយផ្សេងៗប្រចាំថ្ងៃ ដោយមិនចង់ប្រាក់ពីកូនៗ។ ទន្ទឹមនឹងបានប្រាក់ចំណូល មុខរបរប៉ះកង់នេះ ក៏បានធ្វើឱ្យលោក បាត់ភាពអផ្សុកខ្លះដែរ ដោយសារតែបានជួបមនុស្សម្នា ហើយដឹងព្រឹត្តិការណ៍នានាក្នុងសង្គម។ នេះជាការរៀបរាប់របស់លោក។
លោក ម៉ៅ ប៊ិន បញ្ជាក់ចុងក្រោយថា លោក គ្មានបំណងឈប់ប្រកបមុខរបរនេះទេ លុះត្រាតែលោកធ្វើលែងកើតតែម្តង បានឈប់៕
© រក្សាសិទ្ធិដោយ thmeythmey.com