ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បកស្រាយករណីលោក កែម ឡី លោក គង់ រ៉ៃយ៉ា លោក សួង នាគព័ន្ធ និងអ្នកកាសែតអាស៊ីសេរី២នាក់ ប្រាប់ទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលបានចោទប្រកាន់រដ្ឋាភិបាល កាលពីថ្ងៃទី២៦ កក្កដាថា រឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី។ អមជាមួយការបកស្រាយនេះ ស្ថាប័នសិទ្ធិមនុស្សកម្ពុជា ក៏បានចំអកវិញថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ មិនមែនជាចៅក្រមវិនិច្ឆ័យលើការអនុវត្តច្បាប់នៅកម្ពុជានោះទេ។
មុននឹងបកស្រាយករណីខាងលើនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបដិសេធថា ការលើកឡើងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ សម្រាប់អ្នកនាំពាក្យសិទ្ធិមនុស្សកម្ពុជា ការលើកឡើងរបស់អ្នករាយការណ៍ពិសេសនេះ គឺពឹងផ្អែកលើព័ត៌មានដែលស្ថិតនៅក្រោមរបៀបវារៈនយោបាយ និងស្ដង់ដារពីរ។
ឆ្លើយតបបែបនេះហើយ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបកស្រាយករណីចាប់ខ្លួន លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ថា ការចាប់ខ្លួននេះ មិនមែនជាការរឹតត្បិតសិទ្ធិបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធីទេ ប៉ុន្តែជាការអនុវត្តរបស់អាជ្ញាធរ ក្នុងការទប់ស្កាត់កុំឲ្យមានភាពចលាចលក្នុងសង្គម ដែលកើតចេញពីសកម្មភាពបង្កប់នូវចេតនាទុច្ចរិត បញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យស្អប់ខ្ពើមរដ្ឋាភិបាលប៉ុណ្ណោះ។ លោក គង់ រ៉ៃយ៉ា ត្រូវបានតុលាការចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារតែអំពាវនាវលក់អាវយឺត ដែលមានរូបនិងទ្រឹស្តីរបស់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ កក្កដា។
ចំណែកករណីឃាតកម្មលោកបណ្ឌិត កែម ឡី វិញ អ្នកនាំពាក្យសិទ្ធិមនុស្សដដែល បានសង្គត់ធ្ងន់ថា តុលាការបានបិទបញ្ចប់សំណុំរឿងទីមួយហើយ ដោយផ្ដន្ទាទោសជនដៃដល់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ដោយឡែកសំណុំរឿងដែលបំបែកចេញពីសំណុំរឿងទីមួយនេះ កំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីតុលាការ ក្នុងការអនុវត្តស្វែងរកអ្នកពាក់ព័ន្ធ ដោយមិនចាំបាច់បង្កើតស្ថាប័នឯករាជ្យផ្សេងឡើយ។
ងាកមកករណីចំណាត់ការផ្លូវច្បាប់លើលោក អ៊ួន ឈិន និងលោក យាង សុទ្ធារិន ខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បកស្រាយថា វាមិនមែនជាការវាយប្រហារលើសេរីភាពសារព័ត៌មានទេ ព្រោះសកម្មភាពអ្នកទាំងពីរនេះ ត្រូវបានសមត្ថកិច្ចរកឃើញថា ជាបទល្មើស ដែលត្រូវចោទប្រកាន់ពីបទ«ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្តរាយដល់ការការពារជាតិ» ដោយផ្អែកលើព័ត៌មានចារកម្ម រួមទាំងវត្ថុតាង និងភស្តុតាងផ្សេងៗ ដែលប្រមូលបាននៅកន្លែង។ សំណុំរឿងអ្នកទាំងពីរនេះ កំពុងស្ថិតក្នុងដំណាក់កាល ជំនុំជម្រះដល់អង្គសេចក្តី ក្នុងដំណើរការនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។
បកស្រាយបែបនេះហើយ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងការពារជំហររដ្ឋាភិបាល នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៧ កក្កដា យ៉ាងដូច្នេះថា៖«វិធានការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកន្លងមក មិនមានគោលដៅជាក់លាក់លើក្រុមជនណាមួយ ដូចការចោទប្រកាន់ដែលគ្មានមូលដ្ឋាននោះទេ។ ក្នុងនាមជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ជនគ្រប់រូបត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ រួមទាំងអ្នកសារព័ត៌មាន សកម្មជននយោបាយ និងអង្កការសង្គមស៊ីវិលនានាផងដែរ មិនមែនដោយសារតែពួកគេជននរណានោះទេ តែដោយសារបទល្មើសដែលពួកគេបានប្រព្រឹត្ត»។
បន្ថែមពីនេះអ្នកនាំពាក្យសិទ្ធិមនុស្សកម្ពុជា ចាត់ទុករាល់ការអំពាវនាវរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិមករដ្ឋាភិបាល ឲ្យដោះលែង ឬលើកលែងការចោទប្រកាន់ជនណាម្នាក់ ដែលកំពុងស្ថិតក្រោមនីតិវិធីតុលាការនោះ គឺជាការអំពាវនាវដោយមិនផ្អែកទៅលើទិដ្ឋភាពច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាឡើយ។
«អ្នករាយការណ៍ពិសេស មិនមែនជាចៅក្រមដើម្បីវិនិច្ឆ័យថា នរណាម្នាក់ខុស នរណាត្រូវ នរណាត្រូវទទួលខុសការចោទប្រកាន់ ឬត្រូវសម្រេចឲ្យរួចផុតពីបទចោទប្រកាន់នោះទេ…។ ដោយហេតុថាតុលាការជាស្ថាប័នឯករាជ្យ ហើយរាជរដ្ឋាភិបាលជាស្ថាប័ននីតិប្រតិបត្តិ ដែលមិនអាចជ្រៀតជ្រែកចូលកិច្ចការរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យបានឡើយ។ មានតែតុលាការទេ ដែលមានសិទ្ធិសម្រេចឃុំខ្លួន ឬមិនឃុំខ្លួន លើកលែងបទចោទ ឬមិនលើកលែង ផ្អែកលើនីតិវិធីច្បាប់ដែលមានជាធរមាន ហើយដែលមិនមានស្ថាប័នណាអាចបង្គាប់បញ្ជារបានឡើយ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលស្នើឲ្យអ្នករាយការណ៍ពិសេស និងភាគីពាក់ព័ន្ធទាំងអស់ពិចារណឡើងវិញ ពីការយល់ឃើញ និងការសម្រេចចិត្តអ្វីមួយ មកលើកម្ពុជា។
Ralate
ជុំវិញការឃាត់ និងចាប់ខ្លួន សកម្មជន អ្នកកាសែត រួមទាំងករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ ត្រូវបានមតិអន្តរជាតិ រិះគន់នឹងវាយតម្លៃពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងការគំរាមកំហែងជាដើម។ជាពិសេសក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) តែងតែបង្ហាញក្តីបារម្ភលើបញ្ហាខាងលើនេះ ដោយពួកគេមើលឃើញថា «អាជ្ញាធរកម្ពុជា កំពុងតម្រង់ទិសដៅ ទៅលើការបញ្ចេញមតិនិងការជួបជុំដោយសន្តិវិធី»។ មិនត្រឹមតែអន្តរជាតិនោះទេ សូម្បីតែអង្គការសង្គមស៊ីវិលក្នុងស្រុកកន្លងមក ក៏មើលឃើញថា អាជ្ញាធរកំពុងប្រើពាក្យការពារនីតិរដ្ឋ ដើម្បីរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមិត និងសិទ្ធិមនុស្សនៅកម្ពុជាផងដែរ៕