អន្តរជាតិ
នយោបាយអន្តរជាតិ
គ្រោះរាំងស្ងួត៖ ក្រសួងកសិកម្មឡាវឲ្យមន្ត្រីចុះជួយពលរដ្ឋជាបន្ទាន់ កុំអង្គុយចាំតែការណែនាំពីថ្នាក់លើ រូបភាព៖ Laotian Times
× គ្រោះរាំងស្ងួត កំពុងតែវាយប្រហារទៅលើបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានទាំងឡាវ ដែលជាប្រទេសជាប់ទន្លេមេគង្គទៀតផង។ ស្រូវរាប់ម៉ឺនហិកតារបស់កសិករឡាវ កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែកង្វះទឹក ជាពិសេសទឹកភ្លៀង ខណៈកម្រិតសីតុណ្ហភាព កាន់តែឡើងក្តៅ។
តាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Laotian Times ផលិតផលស្រូវដូវវស្សាប្រមាណ ៨០ម៉ឺនហិកតាទូទាំងប្រទេសឡាវ កំពុងតែរងការបំផ្លាញ និងគំរាមកំហែង ដោយសារតែកម្រិតទឹកភ្លៀង មានតិចតួចបំផុត ហើយកាន់តែធ្ងន់ធ្ងរនោះ គ្រោះរាំងស្ងួតនេះ កើតឡើងស្របពេល ដែលកម្រិតនៃទឹកទន្លេមេគង្គ ដែលហូរកាត់ប្រទេសឡាវ ក៏មានកម្រិតទាបផងនោះ។
ជុំវិញបញ្ហានេះ អនុរដ្ឋមន្ត្រីកសិកម្ម និងជលផលឡាវ លោក Bounkhuang Khambounheuang បានណែនាំឲ្យអាជ្ញាធរខេត្ត និងស្រុក បញ្ជូនមន្ត្រីរបស់ខ្លួនទៅជួយកសិករជាបន្ទាន់ ដែលចំណាត់ការនេះ លោកអនុរដ្ឋមន្ត្រី អះអាងថា ជាការឆ្លើយតបនឹងបញ្ហាលឿនជាងការរង់ចាំការណែនាំផ្លូវការពីក្រសួង។ នេះបើយោងតាមប្រភពព័ត៌មាន។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលរូបនេះ បានប្រាប់ឲ្យកសិករ ដែលបានធ្វើកម្ចីពីធនាគារ ត្រូវរាយការណ៍ដល់អាជ្ញាធរ ពីទំហំនៃផលប៉ះពាល់ នៃការខាតបង់ផលដំណាំដាំដុះរបស់ពួកគេ ដើម្បីជាមូលដ្ឋានមួយសម្រាប់រដ្ឋាភិបាល ក្នុងការជួយចរចាជាមួយនឹងធនាគារតាមមធ្យោបាយ និងលទ្ធភាពដែលអាចធ្វើបាន។
តាមពិតទៅ មិនមែនមានតែឡាវប៉ុណ្ណោះនោះទេ ដែលកំពុងតែរងការគំរាមកំហែងពីគ្រោះរាំងស្ងួតនេះ។ ថៃ ដែលជាប្រទេសជិតខាង ក៏ជួបរឿងដូចគ្នា។ តាមរបាយការណ៍ ផលដំណាំស្រូវជាង ១លាន ហិកតា របស់ថៃ ក៏កំពុងតែរងផលប៉ះពាល់នេះផងដែរ។
ជាចំណាត់ការលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានស្នើឲ្យចិន មីយ៉ាន់ម៉ា និងឡាវ ដែលសុទ្ធសឹងតែជាប្រទេសជាប់ទន្លេមេគង្គខាងលើបើកទឹកបន្ថែម ដើម្បីជួយសម្រាលដល់គ្រោះរាំងស្ងួតបាន ខ្លះ៕
© រក្សាសិទ្ធិដោយ thmeythmey.com