កីឡាជាតិ
ជាតិ
លោក ស សុខា​៖ ការធ្វើ​ម្ចាស់ផ្ទះ​កីឡា​ប៉េ​តុង គឺ​ដើម្បី​ចង់​ឈ្នះ មិនមែន​ដើម្បី​តែ​ល្អមើល​នោះទេ​
28, Jul 2019 , 8:30 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​ត្រូវបាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​ពិភពលោក ផ្តល់​សិទ្ធិ​ឲ្យ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​យុវជន​និង​ស្ត្រី​ពិភពលោក 17th Juniors & Women Petanque World Championship ជា​លើកដំបូង​។ ការធ្វើ​ម្ចាស់ផ្ទះ គឺ​ត្រូវការ​ជ័យជម្នះ​ជា​ចាំបាច់ មិនមែន​រៀបចំ​ឲ្យ​តែ​ល្អមើល និង​ទទួលបាន​ការកោតសរសើ​រ​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។

-
​លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី​បង្កើន​ការហ្វឹកហាត់ ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​បច្ចេកទេស​ឲ្យ​កាន់តែ​ប្រសើរ​។ ការជំរុញ​នេះ គឺ​ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជ័យជម្នះ​ជូន​ជាតិ នា​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​យុវជន​និង​ស្ត្រី​ពិភពលោក ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​អំឡុង​ខែវិច្ឆិកា ខាងមុខ​។ ការប្រកួត​នេះ មាន​កីឡាករ​កីឡាការិនី​មកពី​ទូទាំង​ពិភពលោក​ជាង​៦០​ប្រទេស​ចូលរួម​។ 
 
​សម្រាប់​លោក ស សុខា ការធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អ្វីមួយ គឺ​ជ័យជម្នះ​ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ម្ចាស់ផ្ទះ មិនមែន​គ្រាន់តែ​ដើម្បី​ល្អមើល និង​ការសរសើរ​ពី​ប្រទេស​ចូលរួម​ពាក់ព័ន្ធ​ការរៀបចំ​នោះឡើយ​។ ដោយ​លោក​ចាត់ទុក​កត្តា​នេះ​ជា​រឿង​បន្ទាប់បន្សំ​ពី​រឿង​ជ័យជម្នះ​។   
  
លោក​ ស សុខា (ស្តាំ)ធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតប៉េតង់ពិភពលោក, រូបភាពពីហ្វេសប៊ុក Sor Sokha

«​យើង​ធ្វើ​ម្ចាស់ផ្ទះ គឺ​យើង​ចង់​ឈ្នះ មិនមែន​ធ្វើ​ដើម្បី​តែ​ល្អមើល​នោះទេ គឺ​យើង​ត្រូវការ​ទាំង​បរិមាណ និង​គុណភាព​។ ខ្ញុំ​គិតថា បច្ចុប្បន្ន​យើង​មាន​ហើយ​បរិមាណ ហើយ​យើង​កំពុង​ចម្រាញ់​ឲ្យ​មាន​គុណភាព​»​។ លោក ស សុខា បញ្ជាក់​ដូច្នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ 17th Juniors & Women Petanque World Championship កាលពី​ថ្ងៃទី​២៤ ខែកក្កដា នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​សម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង​របស់​កម្ពុជា លោក Claude Azema ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​ពិភពលោក នឹង​បញ្ជូន​មន្ត្រី​បច្ចេកទេស​មួយចំនួន ឲ្យ​មកជួយ​រៀបចំ​លើ​ផ្នែក​ប្រព័ន្ធ​បច្ចេកទេស ដើម្បី​ឲ្យ​ការប្រកួត​ដំណើរ​ល្អ​ផងដែរ​។ ពាក់ព័ន្ធ​បញ្ហា​បច្ចេកទេស សហព័ន្ធ​ប៉េតង់​ពិភពលោក ធ្លាប់​បញ្ជូន​អ្នកជំនាញ ឲ្យ​មក​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​ចៅក្រម​កម្ពុជា​ចំនួន​ពីរ​វគ្គ​រួចមកហើយ​៕   
 
 


Tag:
 ​ប៉េតង់​
  ស សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com