ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទីផ្សារ​ចង្អៀត​! អ្នក​ត្បាញ​ពិ​ដាន​ខំតស៊ូ​យ៉ាង​ត្រដាបត្រដួស​
28, Jul 2019 , 5:19 pm        
រូបភាព
​តាកែវ​៖ ការ​ត្បាញ​ពិ​ដាន​ពិត​ជាមាន​ភាពស្មុគស្មាញ​ខ្លាំងណាស់​។ ការងារ​នេះ​ទាល់តែ​អ្នកមាន​ភាព​អំណត់​ខ្លាំង​ទើប​អាចធ្វើ​ទៅបាន​។ ការ​ត្បាញ​មាន​ភាពលំបាក​មិនជា​បញ្ហា​ប៉ុន្មាន​ទេ សម្រាប់​ស្ត្រី​រស់នៅ​ខេត្តតាកែវ ដែល​ចេះ​ជំនាញ​ត្បាញ​ពិ​ដាន​នេះ​ត​ពី​ដូនតា ប៉ុន្តែ​កត្តា​ទីផ្សារ​ឯណេះ​វិញ​ទេ ដែល​ធ្វើឱ្យ​ពួកគេ​អស់កម្លាំង​ចិត្ត​ក្នុងការ​ត្បាញ​បន្ត​នោះ​។ 

​ចង់ដឹងថា​ការ​ត្បាញ​ពិ​ដាន​មាន​ភាពលំបាក​យ៉ាងណា ព្រមទាំង​ដឹង​ពី​កង្វល់​របស់​អ្នក​ត្បាញ​ផង​នោះ តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖
​ពិ​ដាន គឺ​គេ​ត្បាញ​ពី​សរសៃសូត្រ​ដោយមាន​ចង​គោម នេះ​ជា​ភាសារ​សម្រាប់​អ្នក​ត្បាញ និង​ភាសារ​ធម្មតា​គេ​ហៅ​ចង​ម៉ូដ​។ គេ​ត្បាញ​ពិ​ដាន​ពី​រឿង​ពុទ្ធប្រវត្តិ ឬ​ពី​រូប​អ្វី​ផ្សេងៗ​ដែល​គេ​ចង់បាន​។ ពី​សម័យ​ដើម ខ្មែរ​និយម​យក​ពិ​ដាន​ទៅ​ចង​នៅ​ខាងក្រោយ​រូប​ពុទ្ធបដិមា​ក្នុង​ព្រះវិហារ​។ ខ្ញុំ​សូម​ពន្យល់​ពី​ពិ​ដាន​តែត្រឹម​ប៉ុណ្ណេះ ដោ​យមក​លម្អិត​ពី​អ្នក​ត្បាញ​វិញ​ម្ដង​។​
 
​ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​ខេត្ត​ខេត្តតាកែវ ដើម្បី​ស្វែងរក​ផ្ទះ​អ្នកភូមិ​ដែល​នៅ​បន្ត​ការ​ត្បាញ​ពិ​ដាន​។ ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​២​ដោយ​កាត់​តាម​ភ្នំ​ជី​សូរ ហើយ​ត្រូវ​បន្តដំណើរ​ទៅមុខទៀត​ប្រមាណ​ជា​៣​គីឡូម៉ែត្រ ខ្ញុំ​ក៏បាន​មកដល់​ភូមិក​ញ្ចា​ង ឃុំ​ស្លា ស្រុក​សំរោង នា​ខេត្តតាកែវ​។ ភូមិ​នេះហើយ​ដែល​នៅសល់​អ្នក​ត្បាញ​ពិ​ដាន​ខ្លះ​។ ខ្ញុំ​បាន​ចូលទៅ​ជួប​ស្ត្រី​ម្នាក់ ដែល​ពា​ក់វែន​តាខ្មៅ​ការពារ​ពន្លឺ​ថ្ងៃ កំពុង​អង្គុយ​នៅ​ជិត​កី​តម្បាញ​របស់ខ្លួន​។ តាមពិតទៅ​ស្ត្រី​រូបនេះ​ទើបតែ​វះ​ភ្នែក​រួច ដោយសារ​ជំងឺភ្នែកឡើងបាយ​។
  
 
​ស្ត្រី​រូបនេះ​មាន​ឈ្មោះថា ប៉ិច ច​ន្ធូ​។ មានកូន​នៅ​តូចៗ​នៅឡើយ ដោយ​ត្រូវការ​ថវិកា​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ការរៀនសូត្រ​របស់​ពួកគេ​ផង ព្រមទាំង​ត្រូវ​ចំណាយ​ក្នុង​គ្រួសារ​ប្រចាំថ្ងៃ​ផង​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​រូបនេះ ត្អូញត្អែរ​ពីរ​បរ​ត្បាញ​ពិ​ដាន​ដូច្នេះ​៖«​ចេះតែ​ធ្វើទៅ​បើ​មិនដឹងថា​ទៅណា​។ នៅផ្ទះ​មើល​កូន​និង​ធ្វើ​ការងារ​ក្រៅ​ខ្លះ​។ ខ្ញុំ​ច្រូតស្មៅ​លក់​ខ្លះ​ដើម្បី​បាន​ប្រាក់​ឱ្យទាន់​កូន​ទៅ​រៀន​។ ត្បាញ​នេះ​ខ្ញុំ​រកតែ​ឈប់​ហើយ​ហ្នឹង ព្រោះ​មិនសូវ​សម្បូរ​ការងារ រកប្រាក់​មិនទាន់​ឱ្យ​កូន​ចាយ ។ ខ្ញុំ​ចង់តែ​ទៅ​រោងចក្រ​វិញ ព្រោះ​មួយខែ​ដឹង​តែ​បាន​ប្រា​ក់ជាង​២០០​ដុល្លារ បើ​ត្បាញ​នេះ​វិញ ២​ទៅ​៣​ខែ​ឯណោះ​ទម្រាំ​បាន​២០០​ដុល្លារ​»​។​
 
​ការ​ត្បាញ​ពិ​ដាន​ពិត​ជាមាន​ភាពស្មុគស្មាញ​ខ្លាំង​នៅ​គ្រប់​ដំណាក់កាល​ទាំងអស់ ហើយក៏​ត្រូវ​ចាយ​កម្លាំង​ច្រើន​ណាស់ដែរ​។ អ្នកស្រី ច​ន្ធូ បាន​ប្រាប់​ពី​ភាពលំបាក​ខ្លះៗ​ក្នុង​ដំណើរការ​ត្បាញ​ពិ​ដាន ស្របពេល​មុខ​របស់​អ្នកស្រី​បែរ​ទៅរក​សំបកឈើ​សម្រាប់​ធ្វើជា​ល័ក្ដ​៖«​ហត់​ណាស់​។ បើសិនជា​ជ្រលក់​កៀត​ក្រហម​វិញ នៅ​បុកល័ក្ដ​ហើយ​យកទៅ​ស្ងោរ​រម្ងាស់​ឱ្យចេញ​ល័ក្ដ បន្ទាប់មក​យកមក​ច្រោះ រួចហើយ​ទើប​បោក​កៀត​នេះ​ពី​៧​ទៅ​៨​ទឹក​ឱ្យ​ដាច់ទឹក​សាច់ជូរ​។ បន្ទាប់មក​ត្រូវយក​ជ្រលក់​ពី​ពណ៌​ស​ទៅ​ពណ៌​ក្រហម​ចំនួន​ពី​៧​ទៅ​៨​ដង​ទៀត​។ រួច​ទើប​ដាក់​វា​ស្ងោរ ដើម្បី​ឱ្យចេញ​ជា​ពណ៌​ក្រហម​ដោយ​ក្រហម ហើយ​និង​ពណ៌​សដោ​យស​»​។​
  
 
​ដើរ​តម្រង់​ទៅយក​សរសៃរ​សូត្រ​មក​បង្ហាញ​ខ្ញុំ អ្នកស្រី ច​ន្ធូ ព្យាយាម​ពន្យល់​ពី​ការលំបាក​ក្នុងការ​ត្បាញ​សូត្រ​ខ្មែរ​៖«​សូត្រ​ខ្មែរ​សរសៃ​មិន​ស្មើ​ដូច​សូត្រ​រៀ​ត​ណា​ម​ទេ​។ បើ​យើង​ចង់បាន​សរសៃ​តូច​ស្មើ យើង​ត្រូវ​អង្គុយ​រើស​ម្ដង​មួយ​សរសៃៗ បើ​ចង់បាន​សរសៃ​ធំ​ស្មើ​ក៏​យើង​ត្រូវ​រើស​បែប​នេះដែរ​។ សូត្រ​ខ្មែរ​យើង​ធ្វើ​ដោយ​ដៃ​ដូច្នេះ​វា​មិន​ស្មើគ្នា​ទេ​។ គុណភាព​សូត្រ​ខ្មែរ​ល្អ​និង​ស្វិត​ជា​សូត្រ​វៀតណាម​»​។​
 
​ព្រោះតែ​គ្មាន​ទីផ្សារ​ស្ត្រី​រូបនេះ ធ្លាប់បាន​បោះបង់ចោល​របរ​ត្បាញ​ពិ​ដាន​ម្ដង​រួចមកហើយ បើទោះបីជា​អ្នកស្រី​ខំ​ត្បាញសំពត់​ហូល​ធម្មតា​យកទៅលក់ ដើម្បី​រកប្រាក់​បន្ថែម​មក​ទប់ទល់​ជីវភាព​ក្ដី​៖«​កាលពីមុន​លក់​ហូល​បាន​តម្លៃថោក​ពេក​ខ្ញុំ​ទៅធ្វើ​ការ​នៅ​រោងចក្រ​វិញ​បាន​១០​ខែ​។ ត្រឡប់មកវិញ​ទើប​ខ្ញុំ​ចូលមកក្នុង​អង្គការ​។ កាលនោះ​សំពត់​មួយ​ក្បិន​បាន​តម្លៃ​តែ​៩០​ដុល្លារ ទោះ​បាន​តម្លៃ​១១០​ដុល្លារ​ក៏​នៅតែ​មិន​រួចខ្លួន​ដែរ ព្រោះ​សូត្រ​ថ្លៃ​ពេក​។ ដល់​ខែ​ថោក​ដល់​ថ្នាក់​៣​ក្បិន​១០០​ដុល្លារ​ក៏មានដែរ ដូច្នេះ​ទើបបានជា​ម្នាក់ៗ​ទៅ​ធ្វើការ​រោងចក្រ​អស់​។ ដល់​ឆ្នាំ​២០១៩​នេះ​បាន​ថ្លៃ​ប៉ុន្តែ​មិនសូវមាន​ទីផ្សារ​វិញ​»​។​
 
​ចំណែក​អ្នកស្រី ប៉ិច លី​គីម ដែល​ត្រូវជា​បងស្រី​របស់​អ្នកស្រី ប៉ិច ច​ន្ធូ ក៏បាន​ត្អូញត្អែរ​ពី​ភាពលំបាក​ក្នុងការ​ត្បាញ​ពិ​ដាន​ដែរ​៖«​ត្បាញ​សូត្រ​ខ្មែរ​មួយថ្ងៃ​មិន​ចង់បាន​២​តឹក​ទេ​។ គេ​មិនសូវ​បញ្ជា​ទិញ​ប្រវែង​៤​ម៉ែត្រ​ទេ គឺ​ច្រើនតែ​ឱ្យ​ត្បាញ​២​ម៉ែត្រ​ឬក៏​មួយ​ម៉ែត្រ​ជាង​»​។​
  
 
​អ្នកស្រី លី​គីម បាន​ប្រាប់​ពី​តម្លៃ​ពិ​ដានដែល​អ្នកស្រី​ទទួលបាន ខណៈពេល​ម្រាមដៃ​អង្អែល​លើ​ផ្ទៃសំពត់​ហូល​ដូច្នេះ​៖«​ពិ​ដាន​ប្រវែង​២​ម៉ែត្រ​តម្លៃ​៥០០​ដុល្លារ​ឬ​ជិត​១,០០០​ដុល្លារ​ដែរ​។ បើ​ត្បាញ​ពី​រឿង​ពុទ្ធប្រវត្តិ​ខ្ញុំ​លក់បាន​តម្លៃ​១,០០០​ដុល្លារ​»​។​
 
​ស្ត្រី​សម្បុរ​ស្រអែម​រូបនេះ​ថា​កាលពី​ជាង​១០​ឆ្នាំមុន មាន​អ្នកបញ្ជា​ទិញ​ពិ​ដាន​ច្រើន​៖«​កាលពី​ឆ្នាំ​២០០៣​គេ​បញ្ជា​ទិញ​ច្រើនណាស់​»​។​
​ចាប់​អាជីប​ត្បាញ​ពិ​ដាន​តាំងពី​ជាង​២០​ឆ្នាំមុន​ប៉ុន្តែ​អ្នកស្រី ប៉ិច លី​គីម ថា​ជីវភាព​របស់ខ្លួន​នៅតែ​មធ្យម​៖«​ជីវភាព​អ្នក​ត្បាញ​ហូល​មធ្យម​ទេ មិនមាន​ដូចជា​ថៅកែ​លក់​ហូល​ទេ​។ បើ​លក់​ហូល​មួយខែ​មិន​ចង់បាន​២០០​ដុល្លារ​ទេ តែបើ​ពិ​ដាន​អាច​បាន​ប្រហែលជា​៣០០​ទៅ​៤០០​ដុល្លារ​»​។ 
 
​ចំណែកឯ​អ្នកស្រី ចាន់ ស្រី នាយិកា​អង្គការ​គាំពារ​កុមារ​ខ្មែរ ដែលជា​អង្គ​ការបញ្ជាទិញ​ពិ​ដាន​ពី​ស្ត្រី​ទាំងពីរ​នាក់​ខាងលើ​នោះ បាន​ប្រាប់​ពី​ទីផ្សារ​របស់​ពិ​ដាន​ដូច្នេះ​៖«​ទីផ្សារ​សម្រាប់​ពិ​ដាន​មិនសូវ​ជា​ទូលំទូលាយ​ប៉ុន្មាន​ទេ​។ អ្នក​ដែល​គាត់​ស្រឡាញ់​ពិ​ដាន ទាល់តែ​គាត់​មាន​ជំនាញ​សិល្បៈ ហើយ​គាត់​ចាប់អារម្មណ៍​ចំពោះ​វប្បធម៌​ប្រពៃណី​បុរាណ​របស់​ប្រទេស​ផ្សេងៗ ហើយនឹង​អ្នក​ដែល​ធ្វើការ​ទាក់ទង​នឹង​ការតាំងពិព័រណ៍​ទើប​គេ​យល់​តម្លៃ​របស់​ពិ​ដាន​។ ប៉ុន្តែ​ជាទូទៅ​គេ​មិនសូវ​ស្គាល់​ពិ​ដាន​ទេ​»​។​
  
 
​មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​អង្គការ​គាំពារ​កុមារ​ខ្មែរ ទទួលបាន​អតិថិជន​ជា​ជនជាតិ​បរទេស​ភាគច្រើន​មក​ទិញ​ពិ​ដាន​៖«​ភាគច្រើន​បរទេស​មក​ទិញ​ពិ​ដាន​។ មាន​ខ្មែរ​យើង​ដែលជា​សិស្ស​រៀន​នៅ​សាលា​វិចិត្រសិល្បៈ គាត់​មក​ទិញ​ខ្លះ​ដែរ​។ នៅ​ឆ្នាំមុន​ខ្ញុំ​លក់​ពិ​ដាន​បាន​ជាង​២០​ផ្ទាំង​។​តែ​នៅ​ខែ​ខ្លះ​ក៏​យើង​លក់​មិន​ដាច់​ដែរ​»​។ 
 
​នាយិកា​អង្គការ​រូបនេះ​ប្រាប់​ពី​តម្លៃ​លក់​ពិ​ដាន​ដូច្នេះ​៖«​ពិ​ដាន​មួយ​យើង​អាច​ផលិត​បាន​ពី​៣​ខែ​ទៅ​៦​ខែ​។ បើ​ខ្នារ​រហូតដល់​ជាង​មួយ​ពាន់ យើង​អាច​ផលិត​ដល់​ទៅមួយ​ឆ្នាំ​ទើប​ហើយ​។ តម្លៃ​ទៅតាម​ចំនួន​គោម​ចំនួន​ខ្នារ និង​ទៅតាម​សូត្រ​ដែល​យើង​ប្រើ​។ សូត្រ​ខ្មែរ​ថ្លៃ​ហើយ​ពិបាកធ្វើ​ជាង​សូត្រ​នាំចូល​។ ជាទូទៅ​យើង​ធ្វើ​ចាប់​ពីមួយ​ម៉ែត្រ​ពីរ​តឹក​ឡើងទៅ រហូតដល់​២​ម៉ែត្រ​ជាង តម្លៃ​វា​ចាប់ពី​ជាង​៤០០​ដុល្លារ​រហូតដល់​ជិត​២​ពាន់​ដុល្លារ​»​។​
 
​មកដល់​ពេលបច្ចុប្បន្ន​នេះ មានកូន​ខ្មែរ​តិចតួច​ណាស់ ជាពិសេស​ក្មេងជំនាន់ក្រោយ ដែល​មិនបាន​ស្គាល់​ពិ​ដាន ហើយ​អ្នកស្រី ចាន់ ស្រី កត់សម្គាល់ថា​៖«​អ្វីដែល​ខ្ញុំ​កត់សម្គាល់ថា​ក្មេងជំនាន់ក្រោយ​មិនសូវ​ស្គាល់​ពិ​ដាន មកពី​យើង​មិនសូវ​បានបង្ហាញ​គាត់ ហើយ​ប្រពៃណី​ត្បាញ​ហូល​មិនបាន​បន្ត​ដល់​ក្មេងជំនាន់ក្រោយ​។ ជំនាន់​មុនគេ​ត្បាញ​ពិ​ដាន​ដើម្បី​យកទៅ​ប្រគេន​ព្រះសង្ឃ ដូច្នេះ​ក្មេង​កាលពី​មុនគេ​ស្គាល់​ទាំងអស់​។ ឥឡូវនេះ​ប្រែ​ពី​ការ​ត្បាញ​ពិ​ដាន​ទៅ​ប្រគេន​ព្រះសង្ឃ ទៅជា​គូររូប​តាម​ពិ​ដាន​វិហារ​វិញ ដូច្នេះ​ក្មេងជំនាន់ក្រោយ​ស្គាល់​តែ​គំនូរ​ទេ​»​។​
  
 
​នាយិកា​អង្គ​ការដែល​តែងតែ​គាំទ្រ​ដល់​តម្បាញ​ខ្មែរ​រូបនេះ សំណូមពរ​ដល់​រដ្ឋាភិបាល ឱ្យមាន​ការយកចិត្តទុកដាក់​លើ​ពិ​ដាន​ខ្មែរ ឱ្យ​កាន់តែ​ផុសផុល​ថែមទៀត​៖«​បើសិនជា​នៅតែ​បន្ត​សភាព​បែបនេះ​ទៀត ខ្ញុំ​ព្រួយបារម្ភ​ថា​ថ្ងៃក្រោយ​អាច​នឹង​បាត់បង់​ដែរ​។ ទាល់តែ​មានការ​ចូលរួម​របស់​រដ្ឋាភិបាល ដើម្បី​ការពារ​នឹង​អភិរក្ស​វប្បធម៌​នេះ​បន្តទៅទៀត​។ អង្គការ​របស់ខ្ញុំ​អាច​អនុវត្តន៍​ការងារ​នេះ​បាន​តាមរយៈ​ជំនួយ​។ បើសិនជា​រដ្ឋាភិបាល​ជួយ​ផ្សព្វផ្សាយ​បន្ថែមទៀត​ឱ្យគេ​យល់​ពី​តម្លៃ​ពិ​ដាន ឱ្យគេ​ស្គាល់​បន្តទៀត កុំឱ្យ​បាត់បង់​»​។​
 
​ពី​សម័យ​ដើម​ប្រជាជន​កម្ពុជា​ស្គាល់​ពិ​ដាន​យ៉ាងច្បាស់ ព្រោះ​គេ​ធ្វើ​ពិ​ដាន​ដើម្បី​យកទៅ​ប្រគេន​ព្រះសង្ឃ​ទុកជា​សម្បត្តិ​វត្ត​។ ប៉ុន្តែ​មកដល់​ពេលបច្ចុប្បន្ន កុំថាឡើយ​តែ​ក្មេង​សូម្បីតែ​មនុស្ស​ចាស់​មួយចំនួន​មិន​ស្គាល់​ពិ​ដាន​នេះ​ថា​ជា​អ្វី​ដែរ​។ ទាំងនេះ​មិនមែន​មកពី​ពួកគេ​មិន​ចាប់អារម្មណ៍​ឡើយ ប៉ុន្តែ​មកពី​សម័យ​សង្គ្រាម បាន​បំផ្លាញ​ពិ​ដាន រួមទាំង​ជីវិត​អ្នក​ដែល​ចេះ​ត្បាញ​ពិ​ដាន​នេះ ស្ទើរតែ​អស់​ទៅហើយ​។ រហូតមកដល់​ពេលនេះ ការផលិត​និង​ផ្សព្វផ្សាយ​ពី​ពិ​ដាន​ក៏​នៅមានកម្រិត​៕
 
  

Tag:
 តាកែវ​
 ​ពិ​ដាន​
  ត្បាញ​
  សូត្រ​
 ​ហូល
© រក្សាសិទ្ធិដោយ thmeythmey.com