អន្តរជាតិ
ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ចង់​ឲ្យ​មី​យ៉ាន់​ម៉ា​ទទួលស្គាល់​ខ្លួន​ជាមុន ទើប​ធ្វើ​មាតុភូមិនិវត្តន៍​
29, Jul 2019 , 11:20 am        
រូបភាព
​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​ភៀសខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស នៅ​ថ្ងៃទី​២៨ ខែកក្កដា បានដាក់​លក្ខខណ្ឌ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ទទួលស្គាល់​ក្រុម​ខ្លួន​ជា​ក្រុម​ភាគតិច​ស្របច្បាប់​ជាមុនសិន ទើប​សម្រេចចិត្ត​ធ្វើ​មាតុភូមិនិវត្តន៍​តាម​ក្រោយ​។ ការទាមទារ​នេះ ធ្វើឡើង​ស្របពេល​ការជជែក​ស្ដីពី​ការធ្វើ​មាតុភូមិនិវត្តន៍​ចាប់ផ្ដើម​ឡើងវិញ ក្រោយ​មិន​ដំណើរការ​ជា​យូរ​។ មិន​ត្រឹម​ទាមទារ​សិទ្ធិ​ជា​ពលរដ្ឋ​ស្របច្បាប់​ឡើយ ក្រុម​រ៉ូ​ហ៊ីង​យ៉ា ក៏​ទាមទារ​កម្មសិទ្ធិ​ដីធ្លី​ពីមុន និង​ការការពារ​ពី​អន្តរជាតិ​។​

 
​ការធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ពី​បង់​ក្លា​ដែ​ស​ទៅ​មី​យ៉ាន់​ម៉ា ទំនង​ជួប​បញ្ហា ខណៈ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​បានដាក់​លក្ខខណ្ឌ មុន​ត្រឡប់​ទៅ​ទី​កំណើត​វិញ​។ លក្ខខណ្ឌ​នេះ ត្រូវបាន​លើកឡើង​ដោយ​មេដឹកនាំ​រ៉ូ​ហ៊ីង​យ៉ា​ក្នុងជំនួប​ជាមួយ​លេខាធិការ​អចិន្ត្រៃយ៍​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា Myint Thu នៅ​ថ្ងៃទី​២៨ ខែកក្កដា​នៅឯ​ជំរំ Cox's Bazar ទឹកដី​បង់​ក្លា​ដែ​ស​។ នេះ​ជា​លើក​ទី​ពីរ​ដែល​មន្ត្រី​មី​យ៉ាន់​ម៉ា​ទៅ​ជួប​ពួក​រ៉ូ​ហ៊ីង​យ៉ា ក្នុង​គោលដៅ​បញ្ចុះបញ្ចូល​ឲ្យ​ជនជាតិ​មួយ​នេះ​ត្រឡប់​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ​។ 
 
​នា​ជំនួប​លើកទីមួយ​ក្នុង​ខែតុលា ឆ្នាំ​២០១៨ ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា បាន​បដិសេធ​ទទួលយក​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ ហើយ​ដំណើការ​ធ្វើ​មាតុភូមិនិវត្តន៍​នេះ ក៏​ជាប់គាំង​នៅ​ខែវិច្ឆិកា​ទៅ​។ នា​ជំនួប​លើក​ទី​ពីរ​ដែលមាន​វត្តមាន​មេដឹកនាំ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​៣៥​នាក់ សន្តិសុខ​ត្រូវបាន​ពង្រឹង​យ៉ាងខ្លាំង​ក្នុង​ជំរំ​ជនភៀសខ្លួន Cox's Bazar ។ 
 
​លោក Dil Mohammed មេដឹកនាំ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់​ដែល​ចូលរួម​ក្នុង​ការជជែក​ជាមួយ​មន្ត្រី​មី​យ៉ាន់​ម៉ា ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា នឹងមិន​ត្រឡប់​ទៅវិញ​ឡើយ បើ​មិនត្រូវ​បានទទួល​ស្គាល់​ជា​ជនជាតិភាគតិច​មួយរ​បស់​មី​យ៉ាន់​ម៉ា​ទេនោះ​។ លោក​បន្តថា ការធ្វើ​មាតុភូមិនិវត្តន៍ នឹង​មិនអាច​កើតឡើង​ឡើយ បើ​ការទាមទារ​យុត្តិធម៌ ការការពារ​របស់​អន្តរជាតិ និង​ការ​ត្រឡប់​ទៅកាន់​ភូមិករ​កំណើត​របស់​ពួកគេ មិនត្រូវ​បានគិត​គូរ​ទេនោះ​។​
 
«​យើង​ចង់បាន​សញ្ជាតិ​។ យើង​ចង់បាន​សិទ្ធិ​ទាំងអស់​។ យើង​មិន​ទុកចិត្ត​ពួកគេ​ឡើយ​។ យើង​នឹង​ត្រឡប់​ទៅវិញ បើ​មានការ​ការពារ​ជា​អន្តរជាតិ​។ យើង​ចង់​ត្រឡប់​ទៅ​ទឹកដី​ដើម​វិញ ព្រោះ​យើង​ក៏​មិន​ចង់​រស់នៅក្នុង​ជំរំ​រហូត​ដែរ​។​» នេះ​ជាការ​បញ្ជាក់​លក្ខខណ្ឌរ​បស់​តំណាង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​ដដែល​។​
 
​ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​នេះ ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ និង​ក្រុម​ផ្ដល់ជំនួយ​មនុស្សធម៌ នៅតែ​សង្ស័យ​នៅឡើយ​ពី​ជំហរ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ពិសេស​បារម្ភ​ពី​សុវត្ថិភាព​របស់​រ៉ូ​ហ៊ីង​យ៉ា​ពេល​ត្រឡប់​ទៅ​ទីតាំង​ដើម​នៅ​រដ្ឋ Rakhine វិញ​។ ចំណែក​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​វិញ ត្រៀម​ជួយ​ក្នុងការ​បញ្ជូន​ជន​ភៀស​មួយក្រុម​នេះ​ទៅវិញ​ប៉ុណ្ណោះ ព្រោះ​អ្វីៗ​អាស្រ័យ​លើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែល​ត្រូវបង្កើត​បរិយាកាស​ល្អប្រសើរ​សម្រាប់​ការធ្វើ​មាតុភូមិនិវត្តន៍​នេះ​៕

Tag:
 មី​យ៉ាន់​ម៉ា​
  បង់​ក្លា​ដែ​ស​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com