កីឡាអន្តរជាតិ
អន្តរជាតិ
យុវជន​អាមេរិក​ម្នាក់​ឈ្នះជើងឯក​ហ្គេម​អន​ឡាញ Fortnite ដែលមាន​ប្រាក់រង្វាន់​ដល់​ទៅ​៣​លាន​ដុល្លារ
29, Jul 2019 , 5:52 pm        
រូបភាព
​យុវជន​វ័យក្មេង​អាមេរិក Kyle Giersdorf ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៣​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​រូបគេ​ឈ្នះ​ជើងឯក Fortnite World Cup នៃ​ការប្រកួត​ហ្គេម​អន​ឡាញ​ដ៏​មាន​ប្រជាប្រិយភាព​របស់​អាមេរិក Fortnite នៅ​ថ្ងៃទី​២៨ ខែកក្កដា នាទី​ក្រុង New York​។​


 
Geirsdorf អាយុ ១៦​ឆ្នាំ​មកពី​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ហោចណាស់ ១០០​នាក់​ផ្សេងទៀត ដែល​ចូលរួម​ប្រកួតប្រជែង​កីឡា​អេ​ឡិច​ត្រូ​និ​ច ដែលមាន​ចំនួន​ទឹកប្រាក់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សរុប ៣០​លាន​ដុល្លារ​។ ដោយសារ​ភាពល្បីល្បាញរ​បស់​វីដេអូ​ហ្គេម​អន​ឡាញ​មួយ​នេះ Fortnite បាន​ទាក់ទាញ​ការវិនិយោគ​ធំៗ និង​ជំរុញ​កី​ឡាអេ​ឡិច​ត្រូ​និ​ច​ឲ្យ​កាន់តែ​លេចធ្លោ​។​


 
​ទឹកប្រាក់​៣​លាន​ដុល្លារ គឺ Giersdorf ដែលមាន​តួអង្គ​ឈ្មោះ Bugha បាន​ពី​ការ​ឈ្នះ​ក្នុងការ​ប្រកួត​ជា​លក្ខណៈ​ទោល​នៅក្នុង​កីឡដ្ឋាន Arthur Ashe (​ទីលានកីឡា​វាយ​កូន​បាល់ US Open) ក្នុង​ក្រុង New York​។​
 
​ក្រោយ​ទទួលបាន​ប្រាក់​ដ៏​ច្រើនសន្ធឹក Giersdorf បាន​ប្រាប់ BBC ថា​រូបគេ​ចង់​សន្សំ​ប្រាក់រង្វាន់​នេះ​ទុក និង​របស់​ដំបូង​ដែល​គេ​ចង់បាន​គឺ​តុ​ថ្មី​មួយ ហើយ​ប្រហែលជា​តុ​សម្រាប់​ដាក់​ពានរង្វាន់​ដំបូង​នេះ​តែម្តង​។​
 
​ក្រៅពី Giersdorf យុវជន​អង់គ្លេស Jaden Ashman ទទួលបាន​ប្រាក់រង្វាន់ ១,២៣ លាន​ដុល្លារ​ផងដែរ​សម្រាប់​ចំណាត់ថ្នាក់​ទី​២​របស់គេ​។​
Fortnite បានដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០១៧​។ ដោយសារ​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង Fortnite បាន​ជួយ​ក្រុមហ៊ុន​ផលិត​ហ្គេម​អន​ឡាន Epic Games កើន​តម្លៃ​រហូតដល់ ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន​។ 
 
​យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​វិភាគ​ហ្គេម​អន​ឡាញ Newzoo បង្ហាញថា​ទីផ្សារ​វីដេអូ​ហ្គេម និង​ហ្គេម​អេឡិចត្រូនិក​ទូទាំង​ពិភពលោក​ដែល​មិន​រាប់បញ្ចូល​កី​ឡាអេ​ឡិច​ត្រូ​និ​ច Esports នឹង​កើន​ប្រាក់ចំណូល​រហូតដល់ ១៥២,១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ពោលគឺ​កើន ៩,៦ ភាគរយ​លើស​ឆ្នាំ ២០១៨៕


 

Tag:
 ហ្គេម​អន​ឡាញ​
  Kyle Giersdorf
  Fortnite World Cup
© រក្សាសិទ្ធិដោយ thmeythmey.com