ជាតិ
សេដ្ឋកិច្ច
តើ​អ្វី​ទៅជា​ទុនបម្រុង​អន្តរជាតិ​? ធនាគារជាតិ​ពន្យល់​!
30, Jul 2019 , 10:19 pm        
រូបភាព
​ទុនបម្រុង​អន្តរជាតិ (Foreign Exchange Reserves) គឺជា​ទ្រព្យសម្បត្តិ​របស់​ប្រទេសមួយ​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ និង​គ្រប់គ្រង​ដោយ​អាជ្ញាធរ​រូបិយវត្ថុ ទុក​ប្រើប្រាស់​ក្នុងករណី​ចាំបាច់ ដូចជា ការផ្តល់​ហិរញ្ញប្បទាន​ដល់​ជញ្ជីងទូទាត់ ប្រសិនបើ​មាន​តម្រូវការ​, ការធ្វើអន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់​ដើម្បី​គ្រប់គ្រង​ការប្រែប្រួល​អត្រា​ប្តូរប្រាក់ និង​ការរក្សា​ជំនឿ​ទុកចិត្ត​លើ​រូបិយវត្ថុ​និង​សេដ្ឋកិច្ចជាតិ​។ នេះ​ជាការ​ពន្យល់​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​នៅលើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៩​ខែកក្កដា​។

​ធនាគារជាតិ​នៃ​កម្ពុជា​បន្តថា ទុនបម្រុង​អន្តរជាតិ​អាចមាន​ទម្រង់​ជា​មាស និង​រូបិយប័ណ្ណ​នានា​ដែល IMF ទទួលស្គាល់​ជា​អន្តរជាតិ (​ដូចជា ប្រាក់​ដុល្លារ​អាមេរិក អឺរ៉ូ ផោន​អង់គ្លេស យេន​ជប៉ុន និង​យ៉​ន់​ចិន​) ។  
 
​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បានផ្តល់​អនុសាសន៍​ឱ្យ​ប្រទេស​សមាជិក​ទាំងអស់ ត្រូវ​រក្សា​កម្រិត​ទុនបម្រុង​អន្តរជាតិ​ឱ្យបាន​គ្រប់គ្រាន់​។ IMF បានកំណត់​កម្រិត​គ្រប់គ្រាន់​នេះ ដោយ​ធ្វើការ​ប្រៀបធៀប​ទំហំ​ទុនបម្រុង​អន្តរជាតិ​ទៅនឹង​ចំនួន​ខែ​នៃ​ការ​នាំចូល​ទំនិញ​និង​សេវា​នៅ​គ្រា​ខាងមុខ​។ ហើយ​ចំពោះ​ប្រទេស​កំពុងអភិវឌ្ឍន៍ កម្រិត​គ្រប់គ្រាន់​អប្បបរមា​នៃ​ទុនបម្រុង​អន្តរជាតិ​ដែល​គួរ​មាន​គឺ​ចំនួន ៣ ខែ នៃ​ការ​នាំចូល​ទំនិញ​និង​សេវា​នៅ​គ្រា​ខាងមុខ​។​
 
​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់ ដែល​អាច​ធានា​លើ​ការ​នាំចូល​ទំនិញ​និង​សេវា​បាន​កម្រិត ៥​ខែ ច្រើនជាង​ទុនបម្រុង​អន្តរជាតិ ដែល​បាន​កំណត់ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​កម្រិត​អប្បបរមា​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន ត្រឹម ៣ ខែ​។ ផ្អែកលើ​សូចនាករ​នេះ សេដ្ឋកិច្ចកម្ពុជា​កំពុង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ភាពរឹងមាំ​។ នេះ​បើតាម​ការអះអាង​របស់​ធនាគារជាតិ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com