អតីតបក្សប្រឆាំង ថ្កោលទោសអាជ្ញាធរ ដែលចាប់សកម្មជនខ្លួនម្នាក់ទៀត
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីតបក្សប្រឆាំង ថ្កោលទោសអាជ្ញាធរ ដែលចាប់សកម្មជនខ្លួនម្នាក់ទៀត
31, Jul 2019 , 2:36 pm        
រូបភាព
លោក ម៉ៃ ហុងស្រៀង សកម្មជនអតីតបក្សប្រឆាំង ដែលត្រូវបានអះអាងថាអាជ្ញាធរចាប់ខ្លួន
លោក ម៉ៃ ហុងស្រៀង សកម្មជនអតីតបក្សប្រឆាំង ដែលត្រូវបានអះអាងថាអាជ្ញាធរចាប់ខ្លួន
អតីតគណបក្សសង្គ្រោះជាតិ បានអះអាងថា ការចាប់ខ្លួនសកម្មជនរបស់ខ្លួនជារឿងនយោបាយ និងជាការរំលោភសិទ្ធិសេរីភាពបុគ្គល និងរំលោភរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អតីតគណបក្សប្រឆាំង ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។



អតីតបក្សប្រឆាំង បានឲ្យដឹងថា សកម្មជនរបស់ខ្លួនម្នាក់ ឈ្មោះ ម៉ៃ ហុងស្រៀង ប្រចាំនៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ហើយអាជ្ញាធរបានចាប់សកម្មជនរបស់ខ្លួន១៤នាក់ហើយរហូតមកដល់ពេលនេះ។

សេចក្តីថ្លែងការណ៍បានសរសេរថា៖«គណបក្សសង្គ្រោះជាតិ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអាជ្ញាធរកម្ពុជា ដែលបានចាប់ខ្លួនលោក ម៉ៃ ហុងស្រៀង និងទាមទារឲ្យអាជ្ញាធរ ដោះលែងលោក ម៉ៃ ហុងស្រៀង និងសកម្មជននយោបាយដ៏ទៃផ្សេងទៀតទាំងអស់ជាបន្ទាន់ និងឥតលក្ខខណ្ឌ»។

សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺលើករណីចាប់ខ្លួនជនសង្ស័យខាងលើពីលោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានទេ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ដោយលោកឆ្លើយថា លោក កំពុងរវល់ប្រជុំ។ ប៉ុន្តែ លោក បានប្រាប់សារព័ត៌មាន Fresh News ថា ការចាប់ខ្លួននេះ គឺដោយសារឈ្មោះ ម៉ៃ ហុងស្រៀង បានប្រើប្រាស់បណ្ដាញសង្គម ដើម្បីជេរប្រមាថថ្នាក់ដឹកនាំ តាមរយៈការកាត់រូបភាពផ្សេងៗ។

លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ និងជាអ្នកនាំពាក្យរបស់សមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ការចាប់ខ្លួនសកម្មជនអតីតបក្សប្រឆាំងខាងលើនេះ ជាការរឹតត្បិតលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ហើយក៏ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាងផ្លូវច្បាប់ផងដែរ។

លោកបាននិយាយថា៖«ខ្ញុំយល់ថាការចាប់ខ្លួនអតីតសកម្មជនសង្គ្រោះជាតិនេះ ជាការចាត់វិធានការបែបរឿងនយោបាយច្រើនជាង រឿងដែលយើងគិតថាខុសពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ ព្រោះការដែលប៉ះពាល់អ្វីទាំងអស់នឹងទៅលើបុគ្គលសារធារណៈ»។

លោកបន្តថា ក្នុងនាមជារដ្ឋាភិបាលដែលប្រកាន់យករបបប្រជាធិបតេយ្យ គួរតែបើកចិត្តឲ្យទូលាយទៅលើការរិះគន់របស់ប្រជាពលរដ្ឋ និងអ្នកដែលមានមតិផ្ទុយ។ ហើយលោក ក៏បានស្នើដល់ប្រជាពលរដ្ឋគួរតែបញ្ឍប់ការរិះគន់ដែលប្រើប្រាស់ពាក្យជេរប្រមាថ ឬពាក្យអសីលធម៌ផងដែរ៕

Tag:
 CNRP
  អាជ្ញាធរ
© រក្សាសិទ្ធិដោយ thmeythmey.com