ភ្នំពេញ៖អ្នកនាង ជា ផល្លា ជាស្ត្រីខ្មែរម្នាក់ ដែលបានរៀននៅសាកលវិទ្យាល័យ OXFORD នៅចក្រភពអង់គ្លេស ជាសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់ពិភពលោក។ ក្រៅពីសិក្សាបានខ្ពស់ ស្ត្រីខ្មែររូបនេះ ក៏បានធ្វើការជាមួយស្ថាប័នអន្តរជាតិមួយចំនួនផងដែរ។ ទន្ទឹមនឹងភាពជោគជ័យក្នុងការសិក្សា និងការងារ អ្នកស្រី បានជំរុញឲ្យស្ត្រីខ្មែរដទៃទៀត ខិតខំរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន លើកមុខមាត់គ្រួសារ និងក្លាយធនធានមនុស្សរបស់សង្គមជាតិ។
«ស្ត្រីបង្វ្រិលចង្ក្រានមិនជុំ» ជាទស្សនៈដែលអ្នកស្រី ជា ផល្លា យល់ថាបានបង្អាក់ ឬបញ្ឈប់ស្ត្រីខ្មែរពីការរៀនបានខ្ពង់ខ្ពស់ ហើយមកដល់បច្ចុប្បន្នទស្សនៈនេះ ហាក់នៅមានឥទ្ធិពលខ្លាំងនៅឡើយ ក្នុងសង្គមខ្មែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកស្រី ជា ផល្លា ដែលឲ្យតម្លៃខ្ពស់លើការសិក្សា គ្រប់ដំណាក់កាលផ្លាស់ប្តូរនៃជីវិត ខណៈដែលមិត្តភក្តិដែលរៀនស្រករៗគ្នាភាគច្រើន មិនបន្តការសិក្សាឲ្យបានខ្ពស់ទោះជាគេមានលទ្ធភាពក៏ដោយ។ សព្វថ្ងៃអ្នកស្រី ផល្លា មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ដល់ទៅ២។ មួយ ពីប្រទេសថៃ និងមួយទៀតពីចក្រភពអង់គ្លេស។
កើតនៅក្នុងគ្រួសារជីវភាពមធ្យមនៅទីក្រុងភ្នំពេញ អ្នកនាង ជា ផល្លា គឺជានារីម្នាក់ដែលផ្តល់តម្លៃខ្ពស់លើការសិក្សា ស្របពេលស្ត្រីដែលរៀនស្របាលៗគ្នាជាច្រើន បានបោះបង់ការសិក្សាទាំងវ័យក្មេង។ នាងខំរៀនរហូតទទួលបានពិន្ទុខ្ពស់ និងនិទ្ទេសល្អ ព្រមទាំងជាប់អាហារូបករណ៍ជាបន្តបន្ទាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស។ មានឱកាស រួមផ្សំនឹងការប្រឹងប្រែង បានធ្វើស្ត្រីសម្បុរស សក់ស្លូតខ្មៅរលោង និងពូកែសម្តីរូបនេះ មានអនាគតដ៏ត្រចះត្រចង់ដូចពេលនេះ។
បច្ចុប្បន្ន អ្នកស្រី ជា ផល្លា ជាមន្ត្រីគ្រប់គ្រងទំនាក់ទំនង និងកិច្ចការខាងក្រៅ នៅកម្មវិធីស្បៀងអាហារពិភពលោក និងក៏ធ្លាប់ធ្វើការងារនៅក្នុងស្ថាប័នអន្តរជាតិជាច្រើន ដូចជាអង្គការ World Vision ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាផងដែរ។ អង្គុយក្នុងហាងកាហ្វេក្នុងទីធ្លាសារមន្ទីរជាតិ ក្រោមដើមឈើធំៗដែលមានម្លប់ត្រឈឹងត្រឈៃ ស្ត្រីកូនមួយ និងមានវ័យ៣២ឆ្នាំរូបនេះ បានរម្លឹកពីការសិក្សារបស់ខ្លួនយ៉ាងដូច្នេះថា៖«កាលរៀនថ្នាក់ទី១២ ខ្ញុំជាប់និទ្ទេស B ហើយនិទ្ទេសនេះហើយ បានធ្វើឲ្យខ្ញុំទទួលបានអាហារូបករណ៍នៅសាកលវិទ្យាល័យ១០០ភាគរយ ផ្នែកសេដ្ឋកិច្ចព័ត៌មានវិទ្យា។ អំឡុងពេលរៀនឆ្នាំទី២ ខ្ញុំឆ្លៀតធ្វើការមួយកំណាត់ថ្ងៃនៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ ពេលបញ្ចប់បរិញ្ញាបត្រ ខ្ញុំក៏ជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត១ឆ្នាំ សិក្សាអំពីសហគមន៍អឺរ៉ុប នៅសាកលវិទ្យាល័យជូឡាឡុងកនប្រទេសថៃ។ នៅឆ្នាំ២០១៥ ខ្ញុំជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ OXFORD នៅចក្រភពអង់គ្លេស ជំនាញគោលនយោបាយសាធារណៈ»។
បើតាមអ្នកនាង ជា ផល្លា ការខំប្រឹងប្រែងក្រសោបយកអាហារូបករណ៍អនុបណ្ឌិតដល់ទៅ ២ពីសាកលវិទ្យាល័យបរទេស គឺដោយសារតែអ្នកស្រី ចង់ពង្រីកចំណេះដឹងរបស់ខ្លួនឲ្យបានទូលំទូលាយថែមទៀត ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងស្រុក។ ជាកូនទី៧ ក្នុងចំណោមបងប្អូន៨នាក់ ដែលមានឪពុកម្តាយប្រកបរបរលក់ដូរ គ្រួសាររបស់អ្នកនាង ជា ផល្លា មានលទ្ធភាពផ្គត់ផ្គង់ការសិក្សាសម្រាប់នាង ក៏ប៉ុន្តែនាងមិនចង់ឲ្យឪពុកម្តាយចំណាយលើថ្លៃសិក្សារបស់ខ្លួន ទើបអ្នកនាង តែងស្វះស្វែងរកអាហារូបករណ៍ ទាំងក្នុងស្រុក និងនៅបរទេស។
អ្នកស្រី ជា ផល្លា ដែលមានអាកប្បកិរិយារហ័សរហួន មើលឃើញថា បច្ចុប្បន្នស្ត្រីខ្មែរមានតិចតួចណាស់ ដែលទទួលបានការអប់រំខ្ពស់ ស្របពេលដែលមានកត្តាជាច្រើន កំពុងរាំងខ្ទប់ពួកគេ មិនឲ្យមានឱកាសសិក្សា។ អ្នកនាងពន្យល់ថា៖«ស្រុកខ្មែរ យើងបែងចែកជាតំបន់ ដូចជា ភ្នំពេញ សៀមរាប កំពង់សោម និយាយរួមអ្នករស់នៅទីក្រុង ស្ត្រីមានចំណេះដឹងគួរសម។ មនុស្សស្រីបានរៀនច្រើន ប៉ុន្តែអ្នកនៅជនបទចុងកាត់មាត់ញក ពួកគាត់មិនសូវមានឱកាសទេ ព្រោះមកពីកត្តាសង្គម។ ប្រជាជនខ្មែរយើងខ្លះ គាត់គិតថា កូនស្រីរៀនធ្វើអី រៀនល្មមៗទៅ ធ្វើការយកលុយមកចិញ្ចឹមគ្រួសារវិញ។ បើមើលស្ថិតិ ពលរដ្ឋខ្មែរ៧០ភាគរយ រស់នៅជនបទ ហើយឪពុកម្តាយឲ្យអាទិភាពលើកូនប្រុស បានរៀន។ ដូច្នេះ កូនស្រីបានរៀនមានមិនច្រើននោះទេ។ បញ្ហាមួយទៀត បណ្តាលមកពីឪពុកម្តាយមួយចំនួន បារម្ភពីសុវត្ថិភាព ដោយមិនចង់ឲ្យកូនស្រីទៅឆ្ងាយ ពីភ្នែកច្រមុះរបស់គាត់។ ក្នុងនោះក៏មានកត្តាខ្លួនគាត់ដែរ ដូចជាមិត្តភក្តិខ្ញុំកាលនៅរៀនស្រករគ្នា អ្នកខ្លះគាត់មានលទ្ធភាព តែគាត់ថាគាត់អត់ចង់រៀន»។
អ្នកនាង ជា ផល្លា ស្នើឲ្យបោះចោលទស្សនៈ«ស្ត្រីបង្វិលចង្ក្រានមិនជុំ»
អ្នកនាង ជា ផល្លា បានអះអាងថា បច្ចុប្បន្ន មានស្ត្រីមិនតិចទេ ដែលមានសមត្ថភាពដូចបុរសដែរ។ កត្តាដែលរារាំងស្ត្រីរាំងខ្ទប់សក្តានុពលរបស់ខ្លួន គឺដោយសារតែទស្សនៈ«ស្ត្រីបង្វិល ចង្ក្រានមិនជុំ»។ សម្រាប់អ្នកនាង ទាំងមនុស្សស្រី និងមនុស្សប្រុស សុទ្ធតែជាធនធានមនុស្សសម្រាប់ប្រទេសជាតិដូចគ្នា ដូច្នេះអ្នកនាងផល្លា ស្នើឲ្យបោះបង់ទស្សនៈបន្តុចបង្អាក់នេះចេញ។ អ្នកនាង ជា ផល្លា បន្ថែមថា៖«ខ្ញុំជាមនុស្សស្រីម្នាក់ ប៉ុន្តែ ខ្ញុំបានខំប្រឹងប្រែងធ្វើការ ខំរកអាហារូបករណ៍រៀនឲ្យបានខ្ពស់។ បើមនុស្សប្រុសគាត់ធ្វើបានដូចគ្នា ប៉ុន្តែ ក៏មានមនុស្សប្រុសខ្លះ ក៏បង្វិលចង្ក្រានមិនជុំដែរហ្នឹង។ យើងមើលស្ថានភាពជាក់ស្តែង មនុស្សប្រុសច្រើនណាស់ ដែលគាត់អត់មានការងារធ្វើ ឬ ធ្វើការងារសំណង់ជាដើម។ មិនមែនមើលងាយគាត់ទេ តែខ្ញុំចង់បញ្ជាក់ថា មនុស្សប្រុសឬមនុស្សស្រី ដូចតែគ្នាទេ។ ឲ្យតែខំប្រឹង អ្វីៗគង់តែបានសម្រេចដូចគ្នា»។ នេះការពន្យល់របស់អ្នកស្រី ជា ផល្លា ដោយបន្តជំរុញឲ្យឪពុកម្តាយទាំងឡាយ គួរតែផ្តល់ឱកាសដល់កូនប្រុសស្រី មានឱកាសទៅរៀនឲ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិ»។
ស្ត្រីរៀនបានខ្ពស់ អាចជួយខ្លួនឯង លើកមុខមាត់គ្រួសារ និងជួយសង្គម
បច្ចុប្បន្ន ស្ត្រីកម្ពុជាដែលសិក្សាខ្ពស់ មានកំណើនតិចតួចនៅឡើយ បើធៀបនឹងចំនួនប្រជាជនសរុបដែលស្ត្រីមានចំនួនច្រើនជាងបុរស។ វិសមភាពនេះ គឺជាឧបសគ្គមួយរារាំងសន្ទុះការអភិវឌ្ឍប្រទេសដែរ។ នេះជាការយល់ឃើញរបស់ អ្នកនាងផល្លា។ ទោះជាយ៉ាងនេះក្តី អ្នកនាង ផល្លា បានជំរុញឲ្យស្ត្រីរៀនសូត្របានខ្ពង់ខ្ពស់ ពីព្រោះក្រៅពីអាចចិញ្ចឹមខ្លួនឯង ស្ត្រីដែលទទួលបានការអប់រំខ្ពស់ ក៏អាចចូលរួមចំណែកជួយដល់សេដ្ឋកិច្ចគ្រួសារ និងផ្តល់កិត្តិយសដល់គ្រួសារ ព្រមទាំងអាចចូលរួមសកម្មភាពនានា ក្នុងការជួយដល់ប្រទេសជាតិផងដែរ។
អ្នកស្រីបានផ្តល់ឧទាហរណ៍ដូច្នេះថា៖«ខ្ញុំធ្វើការបានប្រាក់ខែគួរសមអ៊ីចឹង បើគ្រួសារខ្ញុំមានវិបត្តិសេដ្ឋកិច្ច។ ខ្ញុំជួយគាត់បាន។ បើសិនគ្រួសារខ្ញុំមានបញ្ហា គាត់មានឧបសគ្គអ្វីមួយដោះស្រាយមិនចេញ គាត់មិនយល់ គាត់អាចមកសួរខ្ញុំជាយោបល់។ តើអាហ្នឹងគួរដោះស្រាយម៉េច? ដូច្នេះពេលខ្ញុំរៀនបានច្រើន ខ្ញុំគិតបានវែងឆ្ងាយ ខ្ញុំអាចឲ្យយោបល់ល្អៗដល់គាត់ ដែលវាល្អជាងគាត់គិតតែម្នាក់ឯង។ មួយវិញទៀត ស្ត្រីរៀនបានខ្ពស់ ក៏ក្លាយជាប្រពន្ធល្អ ដែលតែងតែផ្តល់គំនិតយោបល់ដល់ស្វាមី និងជាម្តាយដ៏ល្អនៅក្នុងគ្រួសារ។ លើសពីនេះ យើងក៏អាចជួយដល់ប្រទេសជាតិផងដែរ។ មិនចាំបាច់តែបញ្ហាធំនោះទេ។ ពេលយើងចេះដឹង យើងមិនចោលសំរាមផ្តេសផ្តាស ជាផ្នែកជួយដល់បរិស្ថានសង្គមដែរ»។
ក្រៅតែពីជួយខ្លួន គ្រួសារ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិហើយ អ្នកនាង ជា ផល្លា ក៏មើលឃើញផងដែរថា នៅពលេស្ត្រីមានការសិក្សាខ្ពស់ ពួកគេនឹងមានសមត្ថភាពដើម្បីទៅអង្គុយក្នុងតំណែងសំខាន់ៗរបស់រដ្ឋ ក្រុមហ៊ុនឯកជន ឬស្ថាប័នធំៗ និង ក្លាយជាសម្រេចចិត្តថ្នាក់គោលនយោបាយ សម្រាប់ការពារប្រយោជន៍របស់ស្ត្រីដូចគ្នាផង។
អ្នកនាង ពន្យល់ដូច្នេះ៖«ស្ត្រីត្រូវជំរុញស្ត្រីគ្នាឯង ឲ្យទៅកាន់តំណែងធំៗ ដូចមនុស្សប្រុសដែរ ព្រោះយើងឃើញគេច្រើន យើងត្រូវលើកគ្នាទៅធ្វើការកន្លែងហ្នឹងឲ្យច្រើន ដើម្បីការពារ ប្រយោជន៍ស្ត្រីដូចគ្នា។ ឧទាហរណ៍ថា ច្បាប់ដែលបង្កើតឡើងដោយមនុស្សប្រុស ភាគច្រើន គេមិនសូវគិតពីមនុស្សស្រីទេ។ គាត់មិនដឹងថាមនុស្សស្រីត្រូវការអ្វី ឬចង់បានអ្វីទេ…។ សង្គមយើងរាល់ថ្ងៃ មានការបង្អាប់ខាងស្ត្រី។ ដូច្នេះយើងគួរតែដកបញ្ហាហ្នឹងចេញ ដើម្បីលើកទឹកចិត្តស្ត្រី។ ដោយឡែកស្ត្រីខ្លួនឯង ក៏ត្រូវសិក្សារៀនឲ្យបានខ្ពស់ ដើម្បីមានការគិត វិភាគ និងពិចារណាច្រើន ដើម្បីមានភាពជាអ្នកដឹកនាំ»។
បច្ចុប្បន្ន អ្នកស្រី ជា ផល្លា មិនទាន់មានបំណងបន្តការសិក្សាយកថ្នាក់បណ្ឌិតនៅឡើយទេ។ ប៉ុន្តែ ស្ត្រីខ្មែររូបនេះ មានមហិច្ឆតាឈោងចាប់តំណែងជាប្រធានស្ថាប័នអន្តរជាតិណាមួយ ដើម្បីចូលរួមចំណែកជួយប្រទេសកម្ពុជា និងពិភពលោកនៅថ្ងៃអនាគត៕