ជាតិ
សង្គមជាតិ
ក្រសួងបិទមន្ទីរព្យាបាលមួយនៅកំពង់ធំ ដោយសារឲ្យកូនដែលគ្មានជំនាញទៅព្យាបាលអ្នកជំងឺ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល រូបភាពពីក្រសួងសុខាភិបាល
× ភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៣០ ខែកក្កដា បានចេញលិខិតឲ្យបិទមន្ទីរសម្រាកព្យាបាលឯកជន ដែលមានឈ្មោះ «៥១៥កំពង់ធំ» របស់លោក ឡាយ សេរីវុធ នៅសង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពីម្ចាស់មន្ទីរពេទ្យនោះបានអនុញ្ញាតឲ្យកូនរបស់ខ្លួនឯងមកព្យាបាលជំងឺ ដោយពុំមានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ។
លិខិតដែលចុះហត្ថលេខាដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ការបិទមន្ទីរពេទ្យសម្រាកព្យាបាលឯកជននេះ ដោយសារតែម្ចាស់មន្ទីរពេទ្យនោះបានបណ្តោយឲ្យកូនប្រុសខ្លួនឈ្មោះថា ហូ ចាន់ឡុង ដែលមិនមែនជាពេទ្យ និងមិនមានសញ្ញាបត្រត្រឹមត្រូវ អនុវត្តន៍ហាត់រៀនព្យាបាលអ្នកជំងឺ។
ក្រោមមូលហេតុមួយទៀត ក្រសួងរកឃើញថាម្ចាស់មន្ទីរពេទ្យនោះពុំមានបុគ្គលិកពេទ្យគ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺ តាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ។
កន្លងមកក្រសួងធ្លាប់បានព្រមាន ម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺ «ហម ឡុង» នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលអនុញ្ញាតឲ្យអ្នកជំងឺគ្រុនឈាមសម្រាកព្យាបាលដល់ទៅ៩ថ្ងៃ។ នេះជាករណីខុសពីលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ដែលចុះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដែលហាមម្ចាស់បន្ទប់ពិគ្រោះជំងឺទូទៅ មានគ្រែសម្រាក និងព្យាបាលមិនឲ្យលើសពី២៤ម៉ោងឡើយ៕
Tag:
ក្រសួងសុខាភិបាល
មន្ទីរពេទ្យ
ជំងឺ
© រក្សាសិទ្ធិដោយ thmeythmey.com