ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
កម្ពុជា​ទទួលបាន​ការ​វិនិយោគ​ជាង​៥​ពាន់​លាន​ដុល្លារ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៩
01, Aug 2019 , 9:59 pm        
រូបភាព
​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ឯកភាព​លើ​គម្រោង​វិនិយោគ​សរុប ១៥៣​ គម្រោង ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ​៥,១៨១​ លាន​ដុល្លារ ក្នុង​រយៈពេល ​៦​ខែ ឆ្នាំ​២០១៩​នេះ​។ គម្រោង​វិនិយោគ​ទាំងនោះ ​អាច​ផ្តល់​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុ​ជាជាង ​១,៦​សែន​កន្លែង​។ ក្នុងចំណោម​វិនិយោគិន​ទាំងនោះ វិនិយោគិន​ជនជាតិ​ចិន​ច្រើនជាងគេ​។
 
​លោក ឯក ថា អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា គម្រោង​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារតែ​កម្ពុជា មាន​សុខសន្តិភាព ជាមួយនឹង​ច្បាប់​វិនិយោគ​ល្អ និង​ជា​ប្រទេស​ដែលមាន​សក្តានុពល​លើ​គ្រប់​វិស័យ​រួមមាន កសិកម្ម ទេសចរណ៍ កសិឧស្សាហកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។ 
 
​លោក​បន្តថា ជាក់ស្ដែង​ក្នុង​ឆមាស​ទី​១ ឆ្នាំ២០១៩​នេះ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ចំនួន​ ១៥៣​គម្រោង និង​មាន​ទំហំ​ទឹកប្រាក់ ​៥,១៨១ ​លាន​ដុល្លារ ដែល​ចំនួន​នេះ​មានការ​កើនឡើង​បើ​ប្រៀបធៀប ​នឹង​រយៈពេល​ដូចគ្នា​នឹង​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៨ មាន​ត្រឹម ​១០៥​គម្រោង ហើយ​មាន​ទឹកប្រាក់​វិនិយោគ​សរុប ​៣,៥០០​ លាន​ដុល្លារ​។ 
 
​លោក​បាន​និយាយថា​៖«​មុន​មក​វិនិយោគ​ក្នុងប្រទេស​ណាមួយ វិនិយោគិន បានគិត បាន​សិក្សា​ដោយ​លម្អិត ទាំង​ផ្នែក​បច្ចេកទេស ច្បាប់ ស្ថិរភាព​ប្រទេស សេដ្ឋកិច្ច នយោបាយ​ការទូត និង​មាន​ចំណុច​ច្រើន​ដទៃទៀត​។ ការដែល​វិនិយោគិន​ជាតិ និង​អន្តរជាតិ មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នេះ ដោយសារ​វា​មាន​កត្តា​វិជ្ជមាន​ច្រើនណាស់​»​។ 
 
​សម្រាប់​គម្រោង​វិនិយោគ​ទូទាំងប្រទេស​ចំនួន​៤​ឆ្នាំ​ចុង​ក្រោយនេះ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​បន្ថែមថា ក្នុង​ឆ្នាំ​២០១៦ មាន​គម្រោង​វិនិយោគ​សរុប ១៧១ គម្រោង មាន​ទឹកប្រាក់​វិនិយោគ​ជាង ៣៦០០​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​២០១៧ មាន​១៨៣ គម្រោង មាន​ទំហំ​ទឹកប្រាក់​សរុប ៦៣៣១​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​២០១៨ មាន ២៥៥​គម្រោង មាន​ទឹកប្រាក់​សរុប ៦៤៥១​លាន​ដុល្លារ​។ 
 
​លោ​កប​ន្តែ​ម​ថា ក្នុង​ឆ្នាំ​២០១៨ ខេត្ត ក្រុង ដែលមាន​សក្តានុពល​ស​ម្រា​ប់​ការវិនិយោគ​មានដូចជា ភ្នំពេញ​មាន ៣៣ ភាគរយ ខេត្ត​ព្រះសីហនុ​មាន ២២ ភាគរយ ខេត្តកំពង់ស្ពឺ​មាន ១៣ ភាគរយ ខេត្តកណ្ដាល​មាន ៩ ភាគរយ និង​ខេត្តស្វាយរៀង​មាន ៩ ភាគរយ​។ ហើយ​ចំពោះ​ប្រទេស​ដែល​នាំមុខគេ​លើ​ការវិនិយោគ​មានដូចជា ប្រទេស​ចិន មាន​ទំហំ​ទឹកប្រាក់ ៣,៣០០ ​លាន​ដុល្លារ ស្មើនឹង​ជាង ៥១ ​ភាគរយ ប្រទេស​កម្ពុជា មាន​ទឹកប្រាក់​ជាង ២,០០០​លាន​ដុល្លារ ស្មើនឹង​ជាង ៣១ ភាគរយ ប្រទេស​ជប៉ុន មាន​ទឹកប្រាក់​សរុប ៨៨២ លាន​ដុល្លារ ស្មើនឹង​ជាង ១៣ ភាគរយ និង​ចុងក្រោយ​គេ ប្រទេស​ថៃ មាន​ទឹកប្រាក់​វិនិយោគ​ជាង ៥១ ​លាន​ដុល្លារ ស្មើនឹង ​០.៧៦ ភាគរយ​៕ 

Tag:
 វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com